ជប៉ុន សន្យា​ផ្តល់​បច្ចេកវិទ្យា​ដោះស្រាយ​ការបំពុល​ទឹក​ដល់​វៀតណាម​
អន្តរជាតិ
ជប៉ុន សន្យា​ផ្តល់​បច្ចេកវិទ្យា​ដោះស្រាយ​ការបំពុល​ទឹក​ដល់​វៀតណាម​
12, Apr 2019 , 5:09 pm        
រូបភាព
ទន្លេ To Lich នៅទីក្រុងហាណូយ ប្រទេសវៀតណាម (រូបភាព៖ Vietnam Express)
ទន្លេ To Lich នៅទីក្រុងហាណូយ ប្រទេសវៀតណាម (រូបភាព៖ Vietnam Express)
​អ្នកជំនាញ​បរិស្ថាន​ជប៉ុន បាន​សន្យា​ផ្តល់​បច្ចេកវិទ្យា​ជីវៈ​ទៅដល់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះស្រាយ​បញ្ហា​ការបំពុល​ទឹក​។ បច្ចេកវិទ្យា​នេះ អាចជួយ​កាត់បន្ថយ​ការបំពុល​ទឹក​យ៉ាង​ឆាប់រហ័ស​ក្នុង​ទន្លេ To Lich របស់​ទីក្រុង​ហាណូយ ដែល​រង​ការបំពុល​ជាខ្លាំង​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។

 
​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc នាទី​ក្រុង ហាណូយ កាលពី​ថ្ងៃទី​១១ មេសា ការបំពុល​ទឹក គឺជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​បញ្ហា​ផ្សេងទៀត ដែល​គណៈប្រតិភូ​នៃ​ក្រុម​អ្នកជំនាញ​បរិស្ថាន​ជប៉ុន​បាន​លើក​មក​ពិភាក្សា​។ 
 
​លាតសន្ធឹង​ប្រវែង ១៤​គីឡូម៉ែត្រ ទន្លេ To Lich ហូរ​ឆ្លងកាត់​សង្កាត់​ចំនួន​បី​នៃ​រដ្ឋធានី​ហាណូយ រួមមាន Thanh Xuan , Hoang Mai និង Thanh Tri ។ ទន្លេ​នេះ រង​ការបំពុល​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​ទឹកទន្លេ​នេះ មាន​ពណ៌​ខ្មៅ និង​មាន​ក្លិនស្អុយ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Vietnam Express លោក Tadashi Yamamura ប្រធាន​អង្គការ​លើកកម្ពស់​បរិ​ស្ថាន​-​ពាណិជ្ជកម្ម​របស់​ជប៉ុន និង​ជា​អ្នកជំនាញ​បរិស្ថាន​របស់​អង្គារ​សហ​ប្រជា​តិ​ផង​នោះ បាន​សន្យា​ផ្តល់​ឲ្យ​ភាគី​វៀតណាម​នូវ​សម្ភារ​បច្ចេកវិទ្យា​ជីវៈ​ដោយ​ឥតគិតថ្លៃ ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ការបំពុល​ទឹក​ក្នុង​ទីក្រុង​ហាណូយ​។ 
 
​ទាក់ទិន​នឹង​គម្រោង​ផ្តល់​បច្ចេកវិទ្យា​ជីវៈ​នេះ ក្រុម​អ្នកជំនាញ​ជប៉ុន អះអាងថា ក្លិនស្អុយ​ដែល​ភាយ​ចេញពី​ទន្លេ នឹងត្រូវ​កាត់បន្ថយ​ក្នុងអំឡុងពេល​៣​ថ្ងៃ បន្ទាប់ពី​បំពាក់​ឧបករណ៍​រួចរាល់​។ ជាមួយគ្នានេះ លោក Yamamura និយាយថា អ្នកជំនាញ​ជប៉ុន បាន​ស៊ើបអង្កេត និង​វាស់​ស្ទង់​អស់​រយៈពេល​២​ឆ្នាំ​មកហើយ មុននឹង​សម្រេចចិត្ត​បង្កើត​គម្រោង​នេះ​ឡើង​។ 
 
​បើតាម​ប្រភព​ដដែល លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc សរសើរ​ថា គម្រោង​នេះ​ជា​គំនិតល្អ​មួយ និង​អាច​អនុវត្តបាន​សម្រាប់​វៀតណាម​។ ហើយ​លោក​ក៏បាន​អរគុណ​ដល់​ភាគី​ជប៉ុន​សម្រាប់​ជំនួយ​នេះ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ប្រាប់​ដល់​ក្រុម​អ្នកជំនាញ​ជប៉ុន​សហកា​រ​ជាមួយ​ក្រសួងបរិស្ថាន​វៀតណាម និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដើម្បី​សម្រេច​លើ​គម្រោង​សម្អាត​ទន្លេ To Lich នេះ​។​
 
​សូមបញ្ជាក់ថា កាលពី​ខែតុលា ឆ្នាំ​២០១៦ ទីក្រុង​ហាណូយ បានចាប់ផ្តើម​ធ្វើការ​លើ​អាង​ចម្រោះ​ទឹក​តម្លៃ​៧២៦​លាន​ដុល្លារ ដែល​រំពឹង​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេល​៣​ឆ្នាំ​។ អាង​ចម្រោះ​ទឹក​នេះ នឹងមាន​សមត្ថភាព​ចម្រោះ​ទឹក​ចំនួន ២៧​ម៉ឺន​ម៉ែត្រគូប ដែល​បូម​ចេញពី​ទន្លេធំៗ​ចំនួន​បី​ក្នុង​ទីក្រុង​ជា​រៀងរាល់ថ្ងៃ រួមមាន ទន្លេ Nhue ទន្លេ To Lich និង​ទន្លេ Lu ៕
 

Tag:
 វៀតណាម​
  ជប៉ុន​
  បរិស្ថាន​
  ទឹក​កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com