ជាតិ
ចូលឆ្នាំ​៖ លោក កឹម សុខា ចង់ឃើញ​ខ្មែរ​វិល​រក​ដំណោះស្រាយ​ជា​វិជ្ជមាន​
13, Apr 2019 , 2:00 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែមេសា​នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ប្រាថ្នា​ឃើញ​ឆ្នាំ​ថ្មី ជា​ឆ្នាំ​ដែល​
​ខ្មែរ​វិល​មករក​ដំណោះស្រាយ​ជា​វិជ្ជមាន​វិញ​។ នៅក្នុង​សំណេរ​ដដែល ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រូបនេះ ក៏បាន​បួងសួង​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ការរីកចម្រើន ស្ថិតស្ថេរ​គង់វង្ស​ផងដែរ​។ លោក​បាន​សរសេរ​ដូច្នេះ​៖«​ខ្ញុំ កឹម សុខា សូម​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ទុ​ង្សា​ទេវី សូម​ព្រះមេត្តាប្រោស​ប្រទាន​ពរជ័យ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ការរីកចម្រើន ស្ថិតស្ថេរ​គង់វង្ស សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែលជា​ម្ចាស់​ទឹកដី និង​សូម​ឲ្យ​កម្ពុជា​ចាក​ផុត​គ្រោះថ្នាក់​ទាំងឡាយ ដែល​បង្កដោយ​ធម្មជាតិ ឬ​ដោយ​មហិច្ឆតា​អគតិ​រប​ស់មនុស្ស​»​។​

 
​លោក កឹម សុខា ក៏​បន្ត​បួងសួង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួមរស់​ជាមួយគ្នា ដោយ​សុខដុមរមនា ប្រកបដោយ​ព្រហ្ម​វិហារធម៌​ផងដែរ​។ 
 
​សូម​ឲ្យ ប្រជាពលរដ្ឋ​ខ្មែរ រួមរស់​ជាមួយគ្នា ដោយ​សុខដុមរមនា ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​សូម​ឲ្យ​កំចាត់​ចេញពី​កាយ វាចា ចឹ​ត្ត​របស់​មនុស្ស ជាពិសេស​អ្នកនយោបាយ​ខ្មែរ នូវ​អកុសលធម៌​ទាំងឡាយ​(​លោភៈ ទោសៈ មោហៈ​)​ដូចជា ការ​លោភលន់​គ្មាន​ព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការជេរប្រមាថ ការ​គំ​គួ​ន​សងសឹក​គ្នា ដែលជា​មូលហេតុ​នាំ​ឲ្យ​មានការ​ឈឺចាប់ ការបែកបាក់​ក្នុង​សង្គមជាតិ និង​នាំ​ឲ្យ​អាប់ឱន​នូវ​តម្លៃ​ពូជសាសន៍ តម្លៃ​នៃ​អ្នកដឹកនាំ ជាពិសេស​កិត្យានុភាព​ជាតិ​។​
 
​សូមបញ្ជាក់ថា លោក កឹម សុខា បាន​ជាប់ឃុំ​អស់​រយៈពេល​១៩​ខែ​ហើយ គិតពី​ថ្ងៃ​ចាប់ខ្លួន រហូតដល់​ខែមេសា​ឆ្នាំ​២០១៩​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com