ពីនេះ ពីនោះ
កំពង់​លួង​៖ តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ តែ​បរិស្ថាន​ហាក់​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​
13, Apr 2019 , 7:19 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​នៃ​ភូមិ​បណ្តែត​ទឹក​កំពង់​លួង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​រូបភាព​ពីលើ​អាកាស​នៃ​ភូមិ​បណ្តែត​ទឹក​កំពង់​លួង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ពោធិសាត់ ៖ បឹង​ទន្លេសាប គឺជា​បឹង​ទន្លេសាប​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ក្នុង​រដូវប្រាំង បឹង​នេះ​បាន​គ្របដណ្តប់​ផ្ទៃដី​ដល់​ទៅ​ជាង ២៥០០ គីឡូម៉ែត្រ​ការ៉េ​។ កម្ពស់​ទឹក​បឹង​ក្នុង​រដូវវស្សា បាន​ពង្រីក​វិសាលភាព​ចំនួន​៤​ដង ពី​ជម្រៅ​អតិបរមា ៤​ម៉ែត្រ ទៅ ១០​ម៉ែត្រ​។ ជីវិត​នៅ​ជុំវិញ​បឹង រួមទាំង​ប្រជាជន​រស់ក្នុង​តំបន់​ផងដែរ ត្រូវបាន​ប្រែប្រួល​ទៅតាម​វដ្ត​តាម​រដូវ​។

 
​នៅក្នុង​រដូវប្រាំង ចំនួន​ត្រី​ដ៏​ច្រើន​លើ​ល​លប់ បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ឆ្ពោះទៅ​ទន្លេមេគង្គ​។ ប្រជាជន​រស់នៅក្នុង​តំបន់ ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ត្រី​ប្រចាំ​ឆ្នាំនេះ ដោយ​គេ​រស់នៅ​ក្នុងភូមិ​អណ្តែត​ទឹក ដើម្បី​ធ្វើការ​នេសាទ​តែម្តង ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ 
 
​ភូមិ​បណ្តែត​ទឹក​កំពង់​លួង គឺជា​ភូមិ​បណ្តែត​ទឹក​ដ៏​ធំ​មួយ នៅ​មាត់បឹង​ទន្លេសាប ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្ត​ពោ​សាត់​។ ការបំពុល​បរិស្ថាន​នៅក្នុង​ភូមិ ហាក់​ត្រូវបាន​គេ​មើលរំលង​។ ក្នុង​រដូវប្រាំង ទឹក​បឹង​ទន្លេសាប​នៅក្នុង​តំបន់​នេះ បាន​ប្រែ​ពណ៌​ទៅជា​ខ្មៅ​កខ្វក់ និង​មាន​ក្លិនស្អុយ​យ៉ាងខ្លាំង មិន​ចាញ់​ទឹកលូ​បឹងត្របែក​នៅ​ភ្នំពេញ​ឡើយ​។ ស្ថានភាព​សុខភាព​ទឹក​ចម្ងាយ ២០០-៥០០ ម៉ែត្រ​ពី​ភូមិ មាន​លក្ខណៈ​អាក្រក់ មិនអាច​យកមកប្រើ​ប្រាស់​បានទេ​។ អ្នកភូមិ​ទាំងមូល​ត្រូវ​បង្ខំចិត្ត ចេញ​ទូក​ចូល​ជ្រៅ​ទៅក្នុង​បឹង​ទន្លេសាប ដើម្បី​ដងទឹក​យក​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
 

​កាកសំណល់​ផ្សេងៗ និង​ផ្ទះ​ចល័ត​របស់​អ្នកនេសាទ នៅ​មាត់​ភូមិ​បណ្តែត​ទឹក​កំពង់​លួង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​កាកសំណល់​មិន​ងាយ​រលាយ​ដ៏​ច្រើន​លើសលប់ ដែល​ផលិតឡើង​ពី​ប្លា​ស្ទិ​ក មានដូចជា ថង់​យួរដៃ កែវ ដប​ទឹក​សុទ្ធ ចាន​ស្នោ ជាពិសេស កាកសំណល់​នៃ​ឧបករណ៍​នេសាទ​ផ្សេងៗ​ផងដែរ​នោះ​។​ល​។ បានបង្ហាញ​ខ្លួន​យ៉ាងច្បាស់ និង​ប្រៀបបាន​នឹង​ផ្កា​រីក​ក្នុង​រដូវវស្សា នៅ​អម​ផ្លូវលំ​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្សារ​ក្រគរ ពោធិសាត់ រហូតដល់​មាត់​ភូមិ ដើម្បី​បង្អួត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចេញចូល​មិន​ដាច់​នោះ​។​
 


​កាកសំណល់​ផ្សេងៗ ស្ថិតនៅក្នុង​អូរ​មួយ ត​ភ្ជាប់​ទៅ​បឹង​ទន្លេសាប ស្ថិតនៅ​ក្នុងភូមិ​បណ្តែត​ទឹក​កំពង់​លួង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​បរិស្ថាន​ក្នុងភូមិ ក៏ដូចជា​ក្នុង​ទឹក​បឹង​ទន្លេសាប​ផងដែរ នៅក្នុង​តំបន់​នេះ ពោរពេញ​ទៅដោយ​សំរាម​។ អ្វីដែល​យើង​មើលឃើញ គឺ​នៅ​លើដី និង​លើទឹក​ប៉ុណ្ណោះ​។ ប៉ុន្តែ យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ ថា​មាន​កាកសំណល់​ប៉ុន្មាន​សិប​តោន​នៅក្នុង​ទឹក​ឡើយ​។ នៅតាម​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ពង​-​កូន​នៃ​មច្ឆជាតិ គេ​សង្កេតឃើញ​មាន​សុទ្ធតែ​កាកសំណល់​គ្រប់​ប្រភេទ ដែល​ត្រូវបាន​ទឹក​នាំយក​ទៅក្នុង​រដូវវស្សា​នោះ បាន​តោង​ជាប់​មែកឈើ មើល​ពី​ចម្ងាយ​ទៅ ប្រៀបបាន​នឹង​ផ្កា​រីក​ខុសរដូវ​។ កាកសំណល់​ទាំងនេះ បើ​មាន​ភើ្ល​ង​ឆាបឆេះ​ដោយ​ចៃដន ឬ​ដោយ​ប្រការ​ណាមួយ​នោះ វា​នឹង​ក្លាយទៅជា​ឆ្នួន​ប្រឆេះ​ដ៏​មាន​ប្រសិទ្ធិភាព ជួយ​ឲ្យ​ភ្លើងព្រៃ​ឆេះ​បាន​កាន់តែខ្លាំង និង​ឆាប់រហ័ស​ថែម​ទៀតផង​។ 
 


​កាកសំណល់​ឧបករណ៍​នេសាទ «​មង​» និង​ថង់​ប្លា​ស្ទិ​ក​តោង​ជាប់​ព្រៃ​លិច​ទឹក​នៅក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​យោងតាម​ការស្រាវជ្រាវ​មួយ បាន​បង្ហាញថា ថង់​ប្លា​សិ្ទ​ក​ដែល​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃនេះ ត្រូវការ​ពេល​ពី ១០-១០០០ ឆ្នាំ ទើប​រលាយ​។ ចំណែកឯ​ដប​ប្លា​ស្ទិ​ក ត្រូវការ​ពេល ៤៥០​ឆ្នាំ ឬ​លើសពីនេះ​។ ចំពោះ​ស្នោ​កន្ទុយបារី ត្រូវការ​ពេល ១០-១២​ឆ្នាំ ទើប​រលាយ​។ ខ្សែ​សន្ទូច ត្រូវការ​ពេល ៦០០​ឆ្នាំ ទើប​រលាយ​។ កៅស៊ូ​បាត​ស្បែកជើង (​ប៉ា​តា ឬ​ឃ្លប់​) ត្រូវការ​ពេល ៥០-៨០ ទើប​រលាយ​។ កែវ​ប្លា​ស្ទិ​ក​ត្រូវការ​ពេល ៥០​ឆ្នាំ ទើប​រលាយ​។ ស្បែកជើង​ផលិត​ពី​ស្បែក ត្រូវការ​ពេល ២៥-៤០​ឆ្នាំ ទើប​រលាយ​។ ប្រអប់​ក្រដាស​ដាក់​ទឹកដោះគោ ត្រូវការ​ពេល ១០-១២​ឆ្នាំ ទើប​រលាយ​។ ក្តារបន្ទះ ត្រូវការ​ពេល ១-៣​ឆ្នាំ ទើប​រលាយ​។ កំណាត់​នីឡុង ត្រូវការ​ពេល ៣០-៤០​ឆ្នាំ ទើប​រលាយ​។ សម្បក​កំប៉ុង​ទឹកដោះគោ​ផលិត​ពី​ដែក ត្រូវការ​ពេល ៥០​ឆ្នាំ ទើប​រលាយ​។ សម្បក​កំប៉ុង​ផលិត​ពី​អាលុយមីញ៉ូម ត្រូវការ​ពេល ២០០-២៥០​ឆ្នាំ ទើប​រលាយ​។ កាកសំណល់​ថ្មពិល ត្រូវការ​ពេល ១០០​ឆ្នាំ ទើប​រលាយ​។ សំឡី​អនាម័យ​របស់​ស្ត្រី ត្រូវការ​ពេល ៥០០-៨០០​ឆ្នាំ ទើប​រលាយ​។ កាកសំណល់​ទាំងអស់នេះ មាននៅ​តំបន់​ផ្ទះ​បណ្តែត​ទឹក​កំពង់​លួង​ទាំងមូល​។ សូមបញ្ជាក់ថា ទិន្នន័យ​ស្តីពី​រយៈពេល​រលាយ នៃ​កាកសំណល់​ទាំងអស់នេះ គឺ​អាស្រ័យ​លើ​ស្ថានភាព​ដី ដែល​កាកសំណល់​ទាំងអស់នោះ​ស្ថិតនៅ​។ 
 

 កាកសំណល់​ផ្សេងៗ ស្ថិតនៅក្នុង​អូរ​មួយ ត​ភ្ជាប់​ទៅ​បឹង​ទន្លេសាប ស្ថិតនៅ​ក្នុងភូមិ​បណ្តែត​ទឹក​កំពង់​លួង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 


 កាកសំណល់​ឧបករណ៍​នេសាទ​ដែល​គេបោះបង់​ចោល នៅ​មាត់ច្រាំង​អូរ​មួយ ត​ភ្ជាប់​ទៅ​បឹង​ទន្លេសាប ស្ថិតនៅ​ក្នុងភូមិ​បណ្តែត​ទឹក​កំពង់​លួង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 

© រក្សាសិទ្ធិដោយ thmeythmey.com