ជាតិ
អ្នក​ភ្នំពេញ​! កុំ​ភ្លេច​មកលេង «​សង្ក្រាន្ត​វត្តភ្នំ​» នៅ​រមណីយដ្ឋាន​វត្តភ្នំ​
13, Apr 2019 , 4:19 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ជាពិសេស​ផ្ដល់ជូន​ការកម្សាន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ មេសា​នេះ​។ «​សង្ក្រាន្ត​វត្តភ្នំ​» មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​រួមមាន​៖ ការលេង​ល្បែង​ប្រជាប្រិយ​, ការប្រគំ​តន្ត្រីសម័យ និង​ការសម្ដែង​សិល្បៈ​បុរាណ​។​


 
​នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​។ «​សង្ក្រាន្ត​វត្តភ្នំ​» រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែលជា​ទីតាំង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» នឹង​ចាប់​លេងល្បែង​ប្រជាប្រិយ​ពី​ម៉ោង ៨៖៣០​ព្រឹក ដល់​ម៉ោង ៥៖៣០​ល្ងាច​។ ដោយឡែក​ពី​ម៉ោង​៥៖៣០​ល្ងាច ដល់​ម៉ោង​៨៖៣០​យប់ នឹងមាន​ការប្រគំ​តន្ត្រី រួមទាំង​ការសម្ដែង​សិល្បៈ​បុរាណ​ផ្សេងៗ​។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជាង ៥​ម៉ឺន​នាក់ នៅ​បរិវេណ​រមណីយដ្ឋាន​វ​ត្ត​ភ្នំ​៕

Tag:
 ចូលឆ្នាំ​
  សង្ក្រាន្ត​វត្តភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com