ជាតិ
​មិន​ចាញ់​អ្នកក្រុង​សៀមរាប «​បន្ទាយស្រី​សង្ក្រាន្ត​» មាន​ស្ករផែន​យក្ស ត្រសក់ផ្អែម ស្មុគ និង​ល្បែង​ជិះ​កង់​ធ្លាក់ទឹក
14, Apr 2019 , 2:29 pm        
រូបភាព
សៀមរាប​៖ ក្រៅពី​រៀបចំ​ពិធី​ធំ​នៅ​ទី​រួម​ខេត្តហើយ ក្នុងនោះ​ស្រុក​បន្ទាយស្រី​របស់​ខេត្តសៀមរាប ក៏បាន​រៀបចំ «​បន្ទាយស្រី​សង្ក្រាន្ត​» ផងដែរ​។ ឆ្នាំ​ដំបូង​របស់​បន្ទាយស្រី​សង្ក្រាន្ត មានកម្ម​វិធី​ចម្រុះ និង​ប្លែក ពី​តំបន់​ដទៃ ក្នុងនោះ​មានការ​តាំង​បង្ហាញ ស្ករផែន​យក្ស​ដែលមាន​ទម្ងន់​ជាង​មួយ​គីឡូក្រាម ផ្លែ​ត្រសក់ផ្អែម​ចង​បន្តោង​តាម​ច្រក​នៃ​ខ្លោងទ្វារ ចំនួន ៦០០​ផ្លែ និង​ស្មុគ​ជាង​៤០០​។




គណៈកម្មការ​រៀបចំ បន្ទាយស្រី​សង្ក្រាន្ត និង​ជា​ប្រធាន​ក្រុម​ផលិត​ស្ករផែន​យក្ស លោក តូច ពល​ពណៈ បានឱ្យដឹងថា នេះ​ជា​ឆ្នាំ​ទីមួយ ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​ក្រុមយុវជន​ចុះជួយ​ស្រុក រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​នេះ ដើម្បី​ឱ្យមាន​ភាពសប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​។ លោក​បន្តថា ហេតុផល​ដែល​គណៈកម្មការ​ជ្រើសរើស​ការផលិត​ស្ករផែន​ខ្នាត​ធំ​មក​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ព្រោះថា​វា​ជា​ផលិតផល​ឬ​ជា​អត្ដ​សញ្ញាណ​របស់​អ្នកស្រុក​បន្ទាយស្រី​។



​តាម​ការបញ្ជាក់​របស់​លោក តូច ពល​ពណៈ ស្ករផែន​យក្ស​មាន​ទំហំ ១,៦​ម៉ែត្រ កម្ពស់​ប្រហែល​៣​តឹក និង​មាន​ទម្ងន់ ១,០១០​គីឡូក្រាម​។ «​តាមពិត​យើង​បាន​សន្សំ​ស្ករ និង​កូរ​ទុក​ប្រហែល​១០​ថ្ងៃ​មកហើយ ឯ​ការធ្វើ​ស្ករផែន​យក្ស​នេះ គឺ​ធ្វើ​តែមួយ​ថ្ងៃ​ទេ ដែល​យើង​បាន​កូរ​រួមគ្នា​ប្រហែល​២០​ខ្ទះ ចាក់​សរុប​កាលពី​ថ្ងៃទី​១០ នេះ​ជា​ផលិតផល​ដែល​ចេញពី​ស្នាដៃ​របស់​យើង​គ្រប់រូប​នៅទីនេះ ដើម្បី​ផ្សព្វផ្សាយ​ផលិត​ពី​ដើមត្នោត និង​អត្ថប្រយោជន៍​ត្នោត​ដែលជា​រុក្ខជាតិ​តំណាងឱ្យ​ជាតិ​»​។  នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក តូច ពល​ពណៈ​។​



ក្រៅពី​ស្ករផែន បន្ទាយស្រី​សង្ក្រាន្ត​ក៏មាន​ត្រសក់ផ្អែម និង​ស្មុគ ដែល​ផលិតផល​ទាំងនេះ​សុទ្ធសឹង​ជា​របស់​សម្គាល់​ភូមិសាស្ដ្រ​របស់​អ្នកស្រុក​បន្ទាយស្រី​។ ក្រៅពីនេះ បន្ទាយស្រី​សង្ក្រាន្ត​ក៏មាន​កម្មវិធី​ចម្រុះ​ដទៃទៀត​រួមមាន តំបន់​ត្រជាក់ចិត្ត ល្បែង​ប្រជាប្រិយ ការសម្ដែង​សិល្បៈ និង​កម្មវិធី​ជិះ​កង់​ធ្លាក់ទឹក ដែល​កម្មវិធី​នេះ​រៀបចំ​នៅ​បរិវេណ​វត្ត សិលា​ចារ​បន្ទាយស្រី ដែល​ស្ថិតនៅ​ជិះ​ប្រាសាទបន្ទាយស្រី​។



លោក តូច ពល​ពណៈ រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​កម្សាន្ត និង​បាន​ស្គាល់​ស្រុក​បន្ទាយស្រី​កាន់តែច្រើន ដ្បិតថា​កន្លងមក ភ្ញៀវទេសចរ​មួយចំនួន​បាន​រំលង​ស្រុក​នេះ ដោយ​ធ្វើដំណើរ​ហួស​ទៅ​តំបន់ភ្នំ​គូ​លេន ឬ​ក្បាលស្ពាន​។​ល​៕













Tag:
 បន្ទាយស្រី
  សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com