ជាតិ
​ស្នងការរង​៖ កម្លាំង​ជាង​១៥០០​នាក់​ការពារ​សុវត្ថិភាព និង​សម្រួល​ចរាចរណ៍​ក្នុង «​សៀមរាប​សង្ក្រាន្ត​»
14, Apr 2019 , 10:29 am        
រូបភាព
​លោក ហួត សុធី ស្នងការរង​ទទួលបន្ទុក​ផែន​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប
​លោក ហួត សុធី ស្នងការរង​ទទួលបន្ទុក​ផែន​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប
សៀមរាប​៖ សៀមរាប​សង្ក្រាន្ត​របស់​ខេត្តសៀមរាប ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា នៅ​ជុំវិញ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ និង​ក្រោយ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។ ជាធម្មតា រាល់​ពិធី​បុណ្យទាន​សំខាន់ៗ តែងមាន​មនុស្សម្នា ក៏ដូចជា​ទេសចរ​ច្រើន​កកកុញ​នៅ​តំបន់​ទាំងនោះ​។ ដើម្បី​សម្រួល​ចរាចរណ៍ ក៏ដូចជា​ការពារ​សុវត្ថិភាព រដ្ឋបាល​ខេត្តសៀមរាប​បាន​ត្រៀម​កម្លាំងចម្រុះ សម្រាប់​ការពារ​តំបន់​ជុំវិញ​ការ​ប្រារព្ធ​ពិធី​។ សម្រាប់​សៀមរាប​សង្ក្រាន្ត កងកម្លាំង​ចម្រុះ​សរុប​ជាង មួយ​ពាន់​នាក់ នឹងត្រូវ​ដាក់ពង្រាយ​។​



​លោក ហួត សុធី ស្នងការរង​ទទួលបន្ទុក​ផែន​សន្ដិសុខនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងចម្រុះ​សរុប​ចំនួន ១,៥៣៤​នាក់ បាន​ត្រៀម​តាម​គោលដៅ​នីមួយៗ​សម្រាប់​ការពារ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះដែរ លោក​ស្នងការរង​ប្រាប់​ឱ្យ​ពលរដ្ឋ​ទាំងអស់ ឱ្យមាន​ការគោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើងទាន​នានា ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតជា​យថាហេតុ​។​

​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​សៀមរាប​សង្ក្រាន្ត​នេះដែរ រដ្ឋបាល​ខេត្តសៀមរាប​តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១២ ខែមេសា ស្ដីពី​ការបិទផ្លូវ​សាធារណ​មួយចំនួន​ជុំវិញ​បរិវេណ​នៃ​ការ​ប្រារព្ធ​ពិធី​ខាងលើនេះ​។ ផ្លូវ​ដែល​នឹងត្រូវ​បិទ​ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង ១០​យប់ ក្នុងនោះ​រួមមាន កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្ដុក​កោះ​កេរ្តិ៍ រហូតដល់​ស្ដុ​ប​សណ្ឋាគារ​សុខា​អង្គរ​, ផ្លូវ​ឧកញ៉ា អ៊ុំ ឆាយ ពី​ផ្លូវបំបែក​ខាងត្បូង​ផ្សារ​ទំនើប ហេ​រី​ថេ​ក ដល់​មុខ​សណ្ឋាគារ វិច​តូ​រី​យ៉ា​, ផ្លូវ​ពោធិ៍​កំបោរ មុខ​ភោជនីយដ្ឋាន FCC, ផ្លូវ​លេខ​១ មុខ​មហាសណ្ឋាគារ​អង្គរ​, ផ្លូវ​ខាងមុខ​និង​ក្រោយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​ផ្លូវ​ពី​គល់​ស្ពានថ្ម​អតីត​មន្ទីរ​ទេសចរណ៍​ខេត្ត​លើផ្លូវ​ស្រប​មាត់​ស្ទឹង​ខាងកើត​-​លិច​៕

 


© រក្សាសិទ្ធិដោយ thmeythmey.com