អន្តរជាតិ
Amelia Earhart៖ នារី​ដំបូង​គេ​ដែល​បាន​ហោះហើរ​ជុំវិញ​ពិភពលោក បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​
16, Apr 2019 , 8:59 am        
រូបភាព
រូបភាព៖ USA Today
រូបភាព៖ USA Today
​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក មាន​ស្ត្រី​ជាច្រើន​នាក់​ដែល​បាន​បង្កើត និង​ធ្វើ​រឿង​អស្ចារ្យ​ជាច្រើន​ដែល​មនុស្ស​មិនអាច​នឹកស្មាន​ដល់​។ ស្ត្រី​ដែលមាន​ប្រជាប្រិយភាព​ទាំងនោះ​ត្រូវបាន​ស្ថាប័ន​ជាច្រើន ជាពិសេស​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ចងក្រង និង​កត់ត្រា​ទុក​នូវ​សកម្មភាព​របស់​ពួកគាត់​។ ក្នុងនោះ មាន​ស្ត្រី​ជនជាតិ​អា​មេ​រីក​ម្នាក់​ដែលមាន​ឈ្មោះថា Amelia Earhart ។

 
​តាម​ការពន្យល់​របស់​គេហទំព័រ History  អ្នកស្រី Amelia Earhart កើត​នៅក្នុង​ឆ្នាំ​១៨៩៧ ក្នុង​រដ្ឋ Kansas សហរដ្ឋអាមេរិក​។ តាំងពី​វ័យក្មេង​មក អ្នកស្រី​ដែល​ចូលចិត្ត​លេង​កីឡា និង​ធ្វើ​ការងារ​ផ្សេង ដែល​ភាគច្រើន​មិនសូវ​ជា​និយម​សម្រាប់​មនុស្ស​ស្រី​កាលពី​ជំនាន់​នោះឡើយ​។ 
 
Amelia ឧស្សាហ៍​លេង​កីឡាបាល់បោះ និង​ជំនាញ​ខាង​ជួសជុល​ម៉ាស៊ីន​។ បន្ទាប់មក ក្រោយ​សង្គ្រាមលោកលើកទី​មួយ ក្នុង​ឆ្នាំ​១៩២១ Amelia បាន​ចាប់អារម្មណ៍​លើ​ផ្នែក​អាកាសចរណ៍​។ អ្នក​ស្ត្រី​បាន​ចូល​បម្រើការ​ជាមួយនឹង​វិស័យ​អាកាសចរណ៍​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។  បន្តិចក្រោយមក Amelia បាន​ជាវ​យន្តហោះ​ផ្ទាល់ខ្លួន​របស់គាត់ ដែលជា​ប្រភេទ​យន្តហោះ Kinner Airster ។ 
 
​ភាពល្បីល្បាញ​របស់​អ្នកស្រី​ត្រូវបានគេទទួលស្គាល់​ឡើង​ក្នុង​ឆ្នាំ​១៩២២ នៅពេលដែល​គាត់​បាន​ក្លាយជា​ស្ត្រី​ទីមួយ​ដែលមាន​បើកបរ​យន្តហោះ​លើ​កម្ពស់​ជាង ៤២០០​ម៉ែត្រ​ដោយ​ខ្លួនឯង​។ នៅក្នុង​ឆ្នាំ ១៩៣២ លោកស្រី Amelia បាន​ហោះហើរ​ឆ្លងកាត់​សមុទ្រ​អា​ត្ល​ង់​ទិ​កដោយ​ខ្លួនឯង ជាមួយ​យន្តហោះ​ប្រភេទ Lockheed Vega 5B ពី​កាណាដា ទៅកាន់​ចក្រភព​អង់គ្លេស​។ 
 
​នៅក្នុង​ឆ្នាំ ១៩៣៥ គាត់​ក៏បាន​ក្លាយជា​មនុស្ស​ទីមួយ​ដែល​បាន​ហោះហើរ​ពី​កោះ​ហា​វ៉ៃ​ទៅកាន់​ទឹកដី​អាមេរិក​ដោយ​ខ្លួនឯង​។ នៅ​ឆ្នាំ​១៩៣៧ Amelia បាន​ត្រៀម​សាកល្បង​ធ្វើដំណើរ​តាមផ្លូវ​អាកាស ដោយ​សហការ​ជាមួយនឹង​អ្នកជំនាញ​ម្នាក់ទៀត ដែល​លោក​មាន​ឈ្មោះថា Fred Noonan​។​
 
 អ្នក​ទាំងពីរ​គ្រោង​នឹងធ្វើ​ការហោះហើរ​ជុំវិញ​ពិភពលោក ពោល​បើ​និយាយ​ឲ្យ​ងាយ​គឺ​មួយ​ជុំ​ភពផែនដី​។ អ្នក​ទាំងពីរ​បានចាប់ផ្តើម​ពី​ទីក្រុង Miami សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់​ទ្វីបអាមេរិក​ខាងត្បូង ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ទៅកាន់​ទ្វីបអាហ្វ្រិក បន្ទាប់មក​ចុះចត​នៅ​ប្រទេស​ឥណ្ឌា មុននឹង​ធ្វើដំណើរ​ទៅដល់​តំបន់​អាស៊ីអាគ្នេយ៍​។​
 នៅ​ថ្ងែ​ទី​២៩ មិថុនា ១៩៣៧ អ្នក​ទាំងពី​បាន​ចុះចត​នៅ​ប្រទេស​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ ស្ថិតនៅ​ក្បែរ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​សម្រាក និង​បន្ថែម​សាំង​យន្តហោះ​។ នៅ​ថ្ងៃទី ២ ខែកក្កដា ១៩៣៧ យន្តហោះ​អ្នក​ទាំងពីរ​ត្រូវបាន​កាត់ផ្តាច់​ពី​ប្រព័ន្ធ​វិទ្យុ​ទំនាក់ទំនង​។​
 
 គ្មាន​ពី​ណា​គេ​ម្នាក់​ដឹង​ពី​មូលហេតុ​នោះទេ​។ ប្រធានាធិបតី​អាមេរិក លោក Franklin D. Roosevelt បាន​ចាត់វិធានការ​ស្រាវជ្រាវ​តាម​សមុទ្រ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ តែ​អ្នករុករក​មិនបាន​រកឃើញ​យន្តហោះ ឬ​វត្តមាន​អ្នក​ទាំងពីរ​នោះឡើយ​។ អ្នកខ្លះ​សន្និដ្ឋានថា យន្តហោះ​របស់​អ្នកស្រី​មិនបាន​ផ្ទុក​សាំង​គ្រប់គ្រាន់ រួច​ក៏​ធ្លាក់​ចូលក្នុង​សមុទ្រ​។​
 
 ប្រភព​ខ្លះទៀត​ក៏បាន​និយាយ​ដែរ​ថា អ្នក​ទាំង​ពីរបាន​ចុះចត​ដោយ​បង្ខំ​នៅលើ​កោះ​មួយ​ដាច់ស្រយាល​គ្មាន​មនុស្ស​រស់នៅ ក្នុង​ប្រជុំ​កោះ គី​រី​បាទី នៅឯ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្នុង​ឆ្នាំ ១៩៨៨ ក្រុម​អ្នកស្រាវជ្រាវ​មួយចំនួន​បាន ចុះចត​នៅ​កោះ​មួយ​នោះ ហើយ​គេ​បាន​រកឃើញ​បំណែក​មួយចំនួន​ដែលមាន​លក្ខណៈ​ស្រដៀង​ជាមួយនឹង​យន្តហោះ​ដែល Amelia បាន​ជិះ​មុននឹង​បាត់​ខ្លួន​។ 
 
​គេ​ក៏បាន​រកឃើញ​ស្បែកជើង​មនុស្ស​ស្រី​ដែលមាន​អាយុកាល​តាំងពី​ឆ្នាំ​១៩៣០ ក្រែ​ម​ម្សៅ​នារី​តាំងពី​ឆ្នាំ​១៩៣០ និង​ផ្នែក​ខ្លះ​នៃ​ឆ្អឹង​ម្រាមដៃ​មនុស្ស​។​រហូតមកដល់​សព្វថ្ងៃ គេ​មិនអាច​ទាញ​ការសន្និដ្ឋាន​ឲ្យ​ច្បាស់លាស់​អំពី​ហេតុការណ៍​មួយ​នេះ​ទេ ហើយ​វា​នៅតែ​ជា​រឿង​អាថ៌កំបាំង​មួយ​ដែល​មនុស្ស​ភាគច្រើន​មិនអាច​ដឹង​។ 

Tag:
 Amelia Earhart
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com