អន្តរជាតិ
តើ​កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មាន​ខ្យល់ព្យុះ​ធំៗ​ដូចជា​ព្យុះកំបុតត្បូង​?
16, Apr 2019 , 10:59 am        
រូបភាព
​មាន​ពាក្យ​ជាច្រើន​ដែល​អ្នកអាន​ធ្លាប់​លឺ ដែល​គេ​សំដៅ​ទៅលើ​ព្យុះ​ធំៗ​កើតឡើង​នៅតាម​មហា​សមុទ្រ​។ អ្នកខ្លះ​ហៅ​វា​ថា ព្យុះកំបុតត្បូង អ្នកខ្លះ​ហៅ​វា​ថា ព្យុះសង្ឃរា ខណៈ​ខ្លះទៀត​ហៅ​វា​ថា ព្យុះ​ទី​ហ្វុ​ង​។ តើ​មូល​ហេតុអ្វី​បានជា​គេ​ហៅ​វា​ខុសគ្នា​ដូចនេះ​? តើ​មាន​ត​ក្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ព្យុះ​ទាំងនោះ​កើតឡើង​?

 
​បើ​រៀបរាប់​អំពី​ឈ្មោះ ព្យុះ​ទាំងនោះ​មិនសូវ​ជាមាន​ភាពខុសគ្នា​ប៉ុន្មាន​ទេ​។ អ្វីដែល​ខុសគ្នា​គឺ​ទីតាំង​ដែល​វា​កើតឡើង ក្នុងនោះ​មានដូចជា មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក មហាសមុទ្រ​ឥណ្ឌា ឬ ប៉ាស៊ីហ្វិក​ជាដើម​។ ដោយសារតែ​ទីតាំង​ខុសគ្នា​នេះហើយ​ទើប​គេ​ឲ្យ​ឈ្មោះ​របស់​វា​ខុសគ្នា ហើយ​ពេលខ្លះទៀត​ក៏​វា​អាស្រ័យ​លើ​ការនិយម​ប្រើ​របស់​មនុស្ស​ម្នាក់ៗ​ផងដែរ​។​
 
​តាម​ការពន្យល់​របស់​គេហទំព័រ​អាកាសធាតុ noaa.oceanservice.gov កត្តា​ធំៗ​ពីរ​ដែល​ធ្វើ​ឲ្យ​បាតុភូត​នេះ​កើតឡើង ក្នុងនោះ​មាន​ទឹកសមុទ្រ​ដែលមាន​សីតុណ្ហភាព​ក្តៅ​សមរម្យ បូករួម​ជាមួយនឹង​សំណើម​អាកាស ឬ​ចំហាយ​ទឹក​ក្នុង​ខ្យល់​គ្រប់គ្រាន់​។ ដំបូង​ឡើយ ព្យុះ​ធំៗ​កើតចេញពី​ប្រព័ន្ធ​ខ្យល់​តូចៗ​នៅតាម​តំបន់​ត្រូពិច​។​
 
​ប្រព័ន្ធ​ខ្យល់​តូចៗ​នេះ​គ្រាន់តែ​ជា​លំនាំ​អាកាស​ធម្មតា​ដែលមាន​ដូចជា​ភ្លៀង ផ្គរ រន្ទះ​នៅតាម​ផ្ទៃសមុទ្រ​ប៉ុណ្ណោះ​។ បើ​ឧទាហរណ៍​អំពី​ព្យុះ​ដែល​វាយលុក​ឆ្នេរ​ខាងកើត​សហរដ្ឋអាមេរិក ព្យុះ​ទាំងនោះ​ដំបូង​កើតចេញពី​លំនាំ​អាកាសធាតុ​តូចៗ​នៅ​ច្រាំង​ខាងលិច​របស់​ទ្វីបអាហ្វ្រិក​ក្បែរ​ខ្សែ​អេក្វាទ័រ (​បើ​អ្នកមើល​ផែនទី វា​នឹង​ជួយ​អ្នក​ឲ្យ​កាន់តែ​យល់​)​។ 
 
​នៅពេលដែល​លំនាំ​អាកាសធាតុ​នេះ​រីក​ធំ វា​បង្ក​ឲ្យ​មាន​គម្លាត​សម្ពាធ​បរិយាកាស និង​គម្លាត​រវាង​សីតុណ្ហភាព​ខ្យល់​។ ខ្យល់​ក្តៅ​ហួត​ឡើង ខ្យល់​ត្រជាក់​ធ្លាក់ចុះ​មកក្រោម​។ លំនាំ​នេះ​ធ្វើដំណើរ​ជា​រង្វើល ទាញយក​ថាមពល​យ៉ាងច្រើន​បន្តទៀត​ចេញពី​ទឹកសមុទ្រ​ក្តៅ​។ មូលហេតុ​ដែល​វា​វិល គឺ​ដោយសារតែរ​ង្វិ​ល​ខ្ញាល់​របស់​ភពផែនដី ដែល​គេ​ហៅថា Coriolis Effect ។ 
​បន្ទាប់មក ព្យុះ​នឹងធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​អា​ត្ល​ង់​ទិ​ក មកកាន់​ឆ្នេរ​ខាងកើត​របស់​សហរដ្ឋ​អាមេរិក ដោយ​បន្ត​រីក​មាឌ​របស់​វា​នៅតាម​ដំណើរ​របស់​វា​។ 
 
​ព្យុះ​ទាំងនោះ​ត្រូវបាន​គេ​បែង​ចែកជា​៥​ថ្នាក់​។ ថ្នាក់​ទី​១ ជា​ប្រភេទ​ព្យុះ​កម្លាំង​ខ្សោយ ខណៈ​ឯ​ថ្នាក់​ទី​៥ គឺជា​ប្រភេទ​ព្យុះ​ដែល​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​។ អាកាសធាតុ បរិយាកាស និង ប្រព័ន្ធ​ខ្យល់​គឺជា​ការសិក្សា​មួយ​ដែល​ពិបាក​ក្នុងការ​ប៉ាន់ស្មាន​ណាស់​។ វា​អាច​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ដ៏​ខ្លី​បាន​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​អាច​សិក្សា​ពី​ដាន​របស់​វា កម្លាំង​របស់​វា ប្រភព​របស់​វា​បាន​កាន់តែ​យ៉ាង​ល្អ ក្នុងការ​បង្កើត​ប្រព័ន្ធ​ការពារ ប្រព័ន្ធ​ប៉ាន់ស្មាន ដើម្បី​ការពារ​ជីវិត​មនុស្ស​៕

Tag:
 ព្យុះ​
  គ្រោះមហន្តរាយធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com