អន្តរជាតិ
សម្លៀកបំពាក់​ក្លាយជា​ផ្នែក​មួយ​នៃ​ការបំពុល​ទឹក​ដោយ​របៀប​ណា​?
16, Apr 2019 , 12:59 pm        
រូបភាព
​វា​មិនមែនជា​រឿង​ភ្ងា​ក់​ផ្អើល​ទេ​ដែល​ប្លា​ស្ទិ​ក​ជាច្រើន​លាន​តោន​បាន​ហូរ​ចូលទៅ​កាន់​សមុទ្រ​ក្នុង​រយៈពេល​មួយឆ្នាំៗ​។ វា​មិនមែនជា​រឿង​ភ្ងា​ក់​ផ្អើល​ទេ​ដែល​ជម្រក​សត្វ​រង​ផលប៉ះពាល់ ហើយ​សត្វ​ដែល​រស់នៅក្នុង​សមុទ្រ​ជាច្រើន​ត្រូវស្លាប់ ព្រោះ​កាកសំណល់​ប្លា​ស្ទិ​ករប​ស់មនុស្ស​។ វា​មិន​ត្រឹមតែ​ជា​ថង់ ឬ​ដប​ទឹក​ប្លា​ស្ទិ​ក​មិនបាន​វេច​ខ្ចប់​ត្រឹមត្រូវ​ប៉ុណ្ណោះ​ឡើយ តែ​ជាតិ​ប្លា​ស្ទិ​ក​ដែល​ស្ថិតនៅក្នុង​សម្លៀកបំពាក់​ដែល​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​ដែរ​។

 
​តាម​ការផ្សព្វផ្សាយ​រប​ស់​គេហទំព័រ Vox.com ជាង​៦០%​នៃ​សម្លៀកបំពាក់​ដែល​ផលិតឡើង​មាន​ផ្ទុក​សារធាតុ​គីមី​ប្លា​ស្ទិ​ក​ដែលមាន​ដូចជា នីឡុង Polyester និង Acrylic ។ មូលហេតុ​គឺ​ព្រោះ​សារធាតុ​ទាំងនោះ​មាន​ភាពងាយស្រួល​ក្នុង​ការផលិត ចម្រាញ់ ធន់ ស្វិត និង​ងាយស្រួល​ប្រើ ព្រមទាំង​មានតម្លៃ​ធូរ​ថ្លៃ​ទៀតផង​។ 
 
​ប៉ុន្តែ វា​ក៏​ជា​ចំណែក​សំខាន់​ក្នុង​ការបំពុល​ទឹក​ផងដែរ​។ សរសៃ​តូចៗ​ដែល​អ្នក​ពិនិត្យឃើញ​លើ​ខោអាវ​មួយចំនួន​គឺជា​សារធាតុ​គីមី​ប្លា​ស្ទិ​ក​ដែល​បាន​រៀបរាប់​ខាងលើ​។ ទោះបី​វា​មិនមាន​ទំហំ​ធំក្តី តែ​ពពួក​ប្លា​ស្ទិ​ក​ដែល​ល្អិតៗ ឬ​គេ​ហៅ​ម្យ៉ាង​ទៀតថា មីក្រូ​ប្លា​ស្ទិ​ក​នេះ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​សមុទ្រ​ជាច្រើន រួមទាំង​ត្រី​ដែលជា​អាហារ​របស់​មនុស្ស​ផងដែរ​។ 
 
​មីក្រូ​ប្លា​ស្ទិ​ក​ទាំងនេះ​មាន​ទំហំ​តូច​ជាង​៥ មី​លី​ម៉ែត្រ ពិបាក​មើលឃើញ​ដោយ​ភ្នែក​ទទេ​។ វា​ហូរ​ចូលក្នុង​ប្រភពទឹក​ដូចជា​ទន្លេ ឬ​សមុទ្រ​តាមរយៈ​ការបោក​ខោអាវ​របស់​ប្រជាជន​។ ទោះបី​ជាមាន​ប្រព័ន្ធ​ចម្រោះ​ទឹក​ក៏ពិតមែន តែ​មីក្រូ​ប្លា​ស្ទិ​ក​ទាំងនេះ​មិន​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ស្រង់​ចេញពី​ទឹក​នោះទេ​។​
 
 ប្លា​ស្ទិ​ក​ធំៗ ក៏​អាច​បែក​ទៅជា​បំណែក​តូចៗ​ផងដែរ​។ មីក្រូ​ប្លា​ស្ទិ​ក​អណ្តែត​ពាសពេញ​ប្រភពទឹក មិន​ថា​ខាង​ផ្ទៃ​លើ ឬ​ជម្រៅ​ខាងក្រោម​នោះទេ​។ ប្លង់តុង​សត្វ ត្រី ងាវ គ្រំ បង្គារ​តូចៗ ក្នុង​ទឹក​អាច​ស៊ី​ប្លា​ស្ទិ​ក​ទាំងនោះ​ដោយ​មិនដឹង​ខ្លួន​។ បន្ទាប់មក សត្វ​ទាំងនោះ​នឹងត្រូវ​បាន​នេសាទ​ដើម្បី​ហូប​។ ប្លា​ស្ទិ​ក​មិន​រលាយ​ដូច​អង្គធាតុ​សរីរាង្គ​នោះទេ​។ ដោយឡែក វា​នឹង​ស្ថិតក្នុង​ម្ហូបអាហារ​ដែល​យើង​គ្រប់គ្នា​បរិភោគ​។ ការស្រាវជ្រាវ​មិនទាន់​បញ្ជាក់​ឲ្យ​ច្បា​ស់បាន​ថា មីក្រូ​ប្លា​ស្ទិ​ក​នឹង​បង្ក​ឲ្យ​មាន​ភាព​ប៉ះពាល់​អ្វីខ្លះ​ដល់​រា​ង្គ​កាយ​មនុស្ស​នោះទេ​។ តែ​យើង​អាច​ដឹងបាន​ថា​ប្លា​ស្ទិ​ក បើ​វា​ចូលក្នុង​ខ្លួន​យើង​ជាប្រចាំ​ហើយ វា​អាច​មិនមែនជា​រឿង​ល្អ​ប៉ុន្មាន​ទេ​៕
 
​សរុបមក វា​លំបាក​ក្នុង​ការដាក់​វិធានការ​អ្វីមួយ​លើ​ប្រធានបទ​មួយ​នេះ​ណាស់​។ គេ​ក៏​មិនអាច​ទៅ​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ទិញ​សំលៀកបំពាក់​បន្ថែម​បានដែរ​។ ម្យ៉ាងវិញទៀត សំលៀកបំពាក់​ទាំងនោះ​មានតម្លៃ​ធូរ​ថ្លៃ និង​មាន​លក់​គ្រប់កន្លែង​។ អ្វីដែល​គេ​អាចធ្វើ​បាន​គឺ​ជួយ​គ្នា​ម្នាក់​បន្តិចៗ ក្នុងការ​កាត់បន្ថយ​ការបំពុល​។ វា​ចាប់ផ្តើម​ពី​ទម្លាប់ និង​ការគិត​ថ្មី​។ មិន​ទិញ​ខោអាវ​ច្រើន​លើសលុប ហួស​តម្រូវការ​។ ទិញ​ខោអាវ​ដែល​សម្បូរ​ជាតិ​កប្បាស​ធម្មជាតិ ទោះបីជា​វា​មានតម្លៃ​ថ្លៃ​បន្តិច​មែន​។ ទាំងអស់នេះ​ទាមទារ​ឲ្យ​មានការ​យល់ដឹង និង​ការផ្លាស់ប្តូរ​៕ 

Tag:
 ប្លា​ស្ទិ​ក​
  សម្លៀកបំពាក់
© រក្សាសិទ្ធិដោយ thmeythmey.com