ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទីផ្សារ​បញ្ចូល​សំឡេង​កុន​បរទេស​នៅតែ​សម្បូរ​
16, Apr 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ទីផ្សារ​បញ្ចូល​សំឡេង​កុន​បរទេស​នៅតែ​សម្បូរ​សម្រាប់​អ្នកជំនាញ​អាជីព​នេះ​។ អ្នក​បញ្ចូល​សំឡេង​កុន​មួយចំនួន​និយាយថា ទីផ្សារការងារ​មិន​ប្រែប្រួល​ឡើយ តែ​អ្វីដែល​ផ្លាស់ប្ដូរ​គឺ​ប្ដូរ​តួ​កាន់តែ​ប៉ុណ្ណោះ​។ សំឡេង​ពីរោះ និង​ពូកែ​ដាក់​អារម្មណ៍​ទៅតាម​តួអង្គ គឺជា​រឿង​ដ៏​ចាំបាច់ សម្រាប់​ការបញ្ចូល​សំឡេង​។​


 
​ដើម្បី​ជ្រាប​ច្បាស់ តទៅ​នេះ​សូម​រីករាយ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​បន្ទប់​មួយ​ដែល​មានកំ​ព្យូ​ទ័​រលើ​តុ​ធំៗ ចំនួន​៦​គ្រឿង និង​ទូរទស្សន៍​ដាក់​ជិត​ជញ្ជាំង​ធំ​មួយ​ផង​នោះ ជា​បន្ទប់​បញ្ចូល​សំឡេង​ភាពយន្ត​នៃ​ស្ថា​នី​ទូរទស្សន៍​មួយ​។ នៅទីនេះ មាន​អ្នក​បញ្ចូល​សំឡេង​ជា​ស្ដ្រី​៣​រូប និង​បុរស​២​រូប ព្រមទាំង​អ្នកបញ្ជា​បច្ចេកទេស​សំឡេង​តាម​កំ​ព្យូ​ទ័​រ​មួយរូប​ដែរ​។ 
 
​អ្នក​បញ្ចូល​សំឡេង​នៅទីនេះ​ភាគច្រើន សុទ្ធតែ​មានបទពិសោធន៍​ប្រមាណ​ជាង​៣០​ឆ្នាំ​មកហើយ​។ ទីផ្សារ​បញ្ចូល​សំឡេង​ភាពយន្ត​បរទេស ដូចជា​រឿង​ថៃ កូរ៉េ ចិន ឥណ្ឌា ហ្វីលីពីន ជាដើម នៅតែមាន​ទីផ្សារ​ខ្ពស់​។​
 
​លោក នួន រស្មី ជា​អ្នក​បញ្ចូល​សំឡេង​មួយរូប​ដែលមាន​បទពិសោធន៍​ជាង​៣០​ឆ្នាំ​។ តាំងពី​ចូល​អាជីព​នេះ ដល់​ទល់​បច្ចុប្បន្ន ទីផ្សារ​បញ្ចូល​សំឡេង​ភាគ​យន្ត​របស់លោក  មិន​ធ្លាក់ចុះ​ឡើយ​។ បុរស​ដែល​ច្រើន​បញ្ចូល​សំឡេង​ឱ្យ​តួ​ចាស់ ក្នុង​រឿង​ភាគ​កូរ៉េ​រូបនេះ បញ្ចាក់​យ៉ាង​ដូច្នេះ ៖«​ក្រុមហ៊ុន​ពេញចិត្ត​បុគ្គល​ណា ឬក៏​សំឡេង​ណា​ស៊ី​នឹង​តួ គេ​យក​សំឡេង​នោះ​។ ខ្ញុំ​ធ្លាប់មាន​ពិសោធន៍​ច្រើន​កន្លែង​ដែរ បញ្ចូល​សំឡេង​រឿង​ថៃ កូរ៉េ ចិន ជប៉ុន ម៉ិចស៊ីកូ ហ្វីលីពីន ឥណ្ឌា ច្រើន​រឿង​ណាស់​»​។​


 
​អង្គុយ​លើ​កៅអី​ពណ៌​ខ្មៅ នៅមុខ​កំ​ព្យូ​ទ័​រ សម្រាប់​មើល​អត្ថបទ​បញ្ចូល​សំឡេង លោក រស្មី ថា​ការបញ្ចូល​សំឡេង​ដែលមាន​គុណភាព ជា​កត្តា​ដែល​អាច​រក្សា​ទីផ្សារ​បាន​។ លោក​បន្ថែមថា ៖«​តួ​ស្លូត កម្សត់ រលីងរលោង​ទឹកភ្នែក បើ​សាច់រឿង​ហ្នឹង​ល្អ​អាច​អួល​ក្នុង​ដើម​ក​។ ពេល​សាច់រឿង​ល្អ យើង​ក៏ត្រូវ​បញ្ចូល​អារម្មណ៍​ឱ្យ​ខ្លាំង​ដែរ​។ បើ​តួ​កម្សត់ អ្នក​បញ្ចូល​សំឡេង ក៏ត្រូវ​ធ្វើ​មុខ​កម្សត់​ដែរ​។​
 
​ចំណែក​អ្នក​បញ្ចូល​សំឡេង​មួយរូប​ទៀត អ្នកស្រី ឈូក វណ្ណៈ វ័យ​៥៧​ឆ្នាំ អង្គុយ​នៅ​តុ​ខាងមុខ ជិត​ទូរទស្សន៍​សម្រាប់​បញ្ចាំង​កុន​។ ស្ត្រី​រូបនេះ​បញ្ចូល​សំឡេង​ឱ្យ​តួរង​ក្នុង​ភាពយន្ត​កូរ៉េ​។ «​មុនដំបូង​បញ្ចូល​សំឡេង​ឱ្យ​តួឯក ដល់​យូរ​ទៅមក​តួរង​វិញ​។ សំឡេង​ខ្ញុំ​បានតែ​តួ​កាច​ឆ្នាស​។ មាន​មិត្ត​ផ្សេង ៗ​គេ​មាន​សំឡេង​ពីរោះ​ផ្អែម​ស្រទន់​ជាង​ខ្ញុំ គេ​អាច​បញ្ចូល​សំឡេង​តួឯក​សមជា​ង​ខ្ញុំ​។ អ្នក​បញ្ចូល​សំឡេង​គេ​ចេះ​ទាំងអស់ តួឯក​ក៏​ចេះ តួរង​ក៏​ចេះ តួ​ផ្សេងៗ​ទៀត​ក៏​ចេះ គ្រាន់តែ​ទឹកសំឡេង​ខុសៗ​គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី វណ្ណៈ​។​


 
​ទីផ្សារ​បញ្ចូល​សំឡេង​របស់​អ្នកស្រី វណ្ណៈ ក៏​នៅ​ថេរ​ដែរ គ្រាន់តែ​ប្ដូរ​ពី​បញ្ចូល​ឱ្យ​តួឯក​មក​តួរង​វិញ​ប៉ុណ្ណោះ ព្រោះ​បញ្ហា​សុខភាព និង​វ័យ​កាន់តែ​ចាស់ ហើយ​សំឡេង​របស់​អ្នកស្រី​សម​នឹង​តួ​កាច​ឆ្នាស​ផង​។ 
 
​អ្នក​បញ្ចូល​សំឡេង​ភាពយន្ត​រូបនេះ បាន​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​ជំនាន់​ក្រោយ ដែល​ចង់​ក្លាយជា​អ្នក​បញ្ចូល​សំឡេង​យ៉ាង​ដូច្នេះ ៖«​ចង់​និយាយ​កុន ទាល់តែ​អ្នក​ហ្នឹង​មានចិត្ត​អំណត់​បន្តិច ហើយ​ត្រូវ​មើល​អក្សរ​ឱ្យ​លឿន និង​ប្រើ​ប្រាជ្ញា​ទៀត​។ ឧទាហរណ៍​ថា​យើង​កំពុងនិយាយ​តួ​ម្ដាយ តែ​ភ្នែក​យើង​ត្រូវ​មើល​អក្សរ​មួយ​ជួរ​ទៀត យើង​ដឹងថា​បន្តិចទៀត​កូន​ហ្នឹង ត​សម្ដី​មក​និយាយ​ជាមួយ​ម្ដាយ​ហើយ ដូច្នេះ​យើង​រៀបចំ​លក្ខណៈ​សំឡេង និង​បំពង់ក​សម្រាប់​បញ្ចូល​តួ​កូន​ភ្លាម​។ ជួន​អី​ពេល​ហ្នឹង​តួ​យើង​មក​ទាំងពីរ​ទាំងបី​អ៊ីចឹង ដូច្នេះ​យើង​ត្រូវ​ឆ្លាត​ត្រង់​ហ្នឹង​។ យើង​ម្នាក់ឯង​អាច​កាន់​តួ​បី យើង​មិនអាច​កាន់តែ​តួ​មួយៗ​បានទេ​»​។ 
 
​ងាក​មក​អ្នក​បញ្ចូល​សំឡេង​ជំនាន់​ក្រោយ​វិញ​ម្ដងនោះ​គឺ កញ្ញា ឃឹម ចន្ទ​ឧសភា វ័យ​២៨​ឆ្នាំ​។ មាន​ពិសោធន៍​ហាត់រៀន និង​បញ្ចូល​សំឡេង​៥​ឆ្នាំ ផលវិបាក​សម្រាប់​នារី​ដែល​កាន់​តួ​ទី​៣​រូបនេះ នៅត្រង់​ដាក់​អារម្មណ៍​មិនទាន់​ដល់​តួ​សម្ដែង​។ កញ្ញា​បន្ថែម​៖«​សម្រាប់​ខ្ញុំ​ពិបាក​ព្រោះ​មិនទាន់​ស្គាល់​ចរិត​តួ​អស់ ហើយ​ដាក់​អារម្មណ៍​មិនទាន់​ដល់​តួ ដូច្នេះ​ក្នុងការ​ព្យាយាម ព្រោះ​បទពិសោធ​នៅ​តិច​»​។ 


 
​ហាក់​មាន​អារម្មណ៍​អៀន​បន្តិច ពេលដែល​ឆ្លើយឆ្លង​ជាមួយ​ខ្ញុំ ឧសភា ទទួលស្គាល់ថា​ខ្លួន​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​៖«​ខ្ញុំ​រៀន​យូរ​ឆ្នាំ​ដែរ តែបើ​អ្នកជំនាន់ក្រោយ សំឡេង​គាត់​ល្អ គាត់​ឆ្លាត​ចាប់​ប្លង់​លឿន គាត់​អាច​ល្អ​ជាង​ខ្ញុំ​»​។ 
 
​នៅ​រក្សាបាន​តំណែង​បញ្ចូល​សំឡេង​ឱ្យ​តួឯក អ្នកស្រី តូច យ៉ា​នី ថា​អ្នក​បញ្ចូល​សំឡេង​ក៏ដូចជា​តួ​សម្ដែង​ដែរ ព្រោះ​ត្រូវ​បញ្ចូល​អារម្មណ៍​ឱ្យ​សម​នឹង​សាច់រឿង ៖«​តាមពិត​អ្នក​បញ្ចូល​សំឡេង​ដូច​អ្នក​សម្ដែង​។ បើ​តួ​នោះ​កម្សត់​យើង​ត្រូវតែ​ចូល​មនោសញ្ចេតនា​កម្សត់​ទៅជា​មួយ​តួ កន្លែង​ខ្លះ​យើង​អាចមាន​រលីងរលោង​ទឹកភ្នែក ដើម្បីឱ្យ​អារម្មណ៍​យើង​កម្សត់​ទៅតាម​ហ្នឹង​។ ពិបាក​ដែរ​អ្នក​បញ្ចូល​សំឡេង យើង​កំពុងតែ​យំ ស្រាប់តែ​ទៅកាន់​តួ​មួយទៀត​កាច អារម្មណ៍​យើង​ហ្នឹង​គឺ​ត្រូវ​ឆក់​មក​កាច​ហ្នឹង​ភ្លាម​។ កាច​ហ្នឹង​យើង​ខឹង ប្រៀបដូចជា​តួ​ហ្នឹង​កំពុង​ខឹង​ដែរ ដូច្នេះ​ក្នុងការ​បញ្ចូល​ហត់​ណាស់​»​។​


 
​អង្គុយ​នៅក្បែរ​អ្នក​បញ្ចូល​សំឡេង​ដទៃទៀត ស្ត្រី​ដែល​អាច​បញ្ចូល​សំឡេង​បាន​ជិត​១០​តួ ស្ថិតក្នុង​វ័យ​៥៦​ឆ្នាំ​រូបនេះ ក៏បានផ្ដល់​គន្លឹះ​ដល់​ការហាត់​រៀន​និយាយ​កុង​យ៉ាង​ដូច្នេះ​ដែរ ៖«​សំខាន់បំផុត​អ្នក​ដែល​ចង់​បញ្ចូល​សំឡេង ត្រូវ​អាន​អក្សរ​ឱ្យ​ច្បាស់ មិន​ទាក់ បើ​គាត់​ពូកែ​ខាង​ហ្នឹង​គាត់​មក​រៀន​និយាយ​កុន គឺ​លឿន​បំផុត​។ ទី​២​អាច​ប្ដូរ​សំឡេង​បាន​ច្រើនបែប ហើយ​ចេះ​ចាប់​ប្លង់​កុន​។ បើ​អ្នក​មិនសូវ​ពូកែ​អក្សរសាស្ត្រ​ខ្មែរ គឺ​ពិបាក​បន្តិច​»​។​
 
​បើតាម​ការប៉ាន់ស្មានរ​ប​ស់លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ភាពយន្ត​បរទេស​ដែល​បាន​នាំ​ចូលមក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​ភាពយន្ត​ខ្នាត​ធំ​(​ភាពយន្ត​ដុំ​) ប្រមាណ​ជិត​២០០​រឿង និង​ភាពយន្ត​ភាគ​ប្រមាណ​៥០​រឿង​៕ 
 

Tag:
 បញ្ចូល​សំឡេង​កុន​
 ​ភាពយន្ត​
 ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com