កីឡាជាតិ
ជាតិ
វៃ ភ័​ក្ត្រា ទៅ​ហ្វឹកហាត់​ចិន ដោយ​រំពឹង​ឃើញ​ទង់ជាតិ​កម្ពុជា​បង្ហូត​ឡើង​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​
16, Apr 2019 , 8:59 pm        
រូបភាព
ដោយ:
​កីឡាករ វៃ ភ័​ក្ត្រា ត្រូវបាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន​រយៈពេល​៨​ខែ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ASEAN Games នៅ​ប្រទេស​ហ្វីលីពីន​។ ជាមួយ​ការប្តេជ្ញា​នឹង​ខិតខំ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ភ័​ក្ត្រា រំពឹងថា រូបគេ​នឹង​ក្លាយជា​កីឡាករ​កាយសម្ព័ន្ធ​ដំបូង​គេ ដែល​ធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​ត្រូវបាន​បង្ហូត​ឡើង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ កីឡាករ​មកពី​ខេត្តតាកែវ​រូបនេះ​អះអាងថា រូបគេ​នឹង​ទុក​អារម្មណ៍​សោកស្តាយ​ដែល​ខកខាន​ចូលរួម​បុណ្យចូលឆ្នាំ​មួយ​ឡែក ហើយ​ផ្តោត​សំខាន់​លើ​ការហ្វឹកហាត់​។​

 
​ការដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ASEAN Games ដែល​រៀបចំ​នៅ​អំឡុង​ខែធ្នូ នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ វា​ជា​គោលបំណង​តែមួយគត់​របស់​កីឡាករ វៃ ភ័​ក្ត្រា សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ ស្ថិតក្នុង​វ័យ​១៩​ឆ្នាំ ភ័​ក្ត្រា រំពឹងថា រូបគេ​នឹង​អាច​ក្លាយជា​កីឡាករ​កាយសម្ព័ន្ធ​ដំបូង​គេ ដែល​ធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​ត្រូវបាន​បង្ហូត​ឡើង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។​


កីឡាករ វៃ ភ័ក្ត្រា (រាប់ពីឆ្វេងទី៥)ថតជាមួយសាច់ញាតិនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចេញដំណើរទៅចិន
 
​ផ្តល់​បទ​សម្ភាស​ដល់​អ្ន​ក​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មុន​ចេញដំណើរ​ទៅ​ប្រទេស​ចិន កីឡាករ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ​រូបនេះ បានបង្ហាញ​ពី​គោលបំណង​ដូច្នេះ​ថា​៖«​សម្រាប់​ទិសដៅ​ក្នុងការ​ហ្វឹកហាត់​នេះ គឺ​ខ្ញុំ​ចង់​ឲ្យ​មានការ​ប្រកួតប្រជែង​ដ៏​ចុះសម្រុង​មួយ​ជាមួយ​បណ្តា​ប្រទេស​ដទៃ ពិសេស​ចង់​ឲ្យ​មាន​ទង់ជាតិ​ខ្មែរ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ជារួម​ចង់បាន​ទាំង​មេដាយ និង​មុខមាត់​ប្រទេសជាតិ​»​។​
 
​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​លើ​កីឡាករ​រូបនេះ​ក្នុងការ​សាង​កំណត់ត្រា​ថ្មី តាមរយៈ​ការឈាន​ដល់​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​។ តែ​យ៉ាងណា លោក មិន​ហ៊ាន​ដាល់​ក្តី​រំពឹង​រហូត​ឈានដល់​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ទេ ដោយសារ​កាយសម្ព័ន្ធ​ជា​ប្រភេទ​កីឡា​ដែល​ពិបាក​ក្នុងការ​ដណ្តើម​មេដាយ​។ 
 
​លោក ណ​យ ផា​ណា ដែល​ជូន​កីឡាករ វៃ ភ័​ក្ត្រា ទៅ​ហ្វឹកហាត់​នៅ​ចិន​បានបង្ហាញ​ក្តី​រំពឹង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ក្តី​រំពឹងថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ បើទោះបីជា​មេដាយ​យើង​ពិបាក​ក្នុងការ​ប្រកួតប្រជែង ប៉ុន្តែ​ក្តី​រំពឹង​យើង គឺ​ចូលដល់​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​(Qualifies Final)»​។​
 
​ទន្ទឹមនឹង​បង្ហាញ​ក្តី​រំពឹង កីឡាករ វៃ ភ័​ក្ត្រា បាន​ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ហ្វឹកហាត់​ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ «​ខ្ញុំ​មានការ​តាំងចិត្ត​ថា ទោះបី​ខ្ញុំ​ទៅ​ហ្វឹកហាត់​នៅ​ចិន​តែម្នាក់ឯង ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព​។ ខ្ញុំ​ជឿជាក់ថា ការហ្វឹកហាត់​នៅ​ចិន នឹង​ជួយ​បង្កើន​សមត្ថភាព​ខ្ញុំ​ពី​៦០​ទៅ​៧០​ភាគរយ​»​។ នេះ​ជាការ​ប្តេជ្ញា និង​ភាពជឿជាក់​របស់​កីឡាករ វៃ ភ័​ក្ត្រា​។ 


កីឡាករ វៃ ភ័ក្ត្រា (ស្តាំ)ពេលហ្វឹកហាត់នៅអគារដំបូលទូកក្នុងពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ, រូបភាពពីហ្វេសប៊ុកគ្រួសាររបស់ខ្ញុំ
 
​នៅពេល​សួរថា តើ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន ហើយ​ខកខាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ​? កីឡាករ​មកពី​ស្រុក​សំរោង​រូបនេះ​បាន​រៀបរាប់ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្តាយ តែ​ធ្វើ​យ៉ាងម៉េច បើ​វា​ជា​ភារកិច្ច​របស់​យើង​។ បើ​យើង​មិន​ទៅ​ក៏​មិនកើត ដូច្នេះ​ត្រូវតែទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​»​។ 
 
​កីឡាករ វៃ ភ័​ក្ត្រា បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩​។ រូបគេ​នឹង​ហ្វឹកហាត់​ជាមួយ​កីឡាករ​ចិន​ក្នុង​ខេត្ត​គ័ង​ទុង​រយៈពេល​៨​ខែ​។ ក្រោយ​ចប់​ការហ្វឹកហាត់​រូបគេ​អាច​ត្រឡប់មក​កម្ពុជា​វិញ ឬ​ហោះ​ពី​ចិន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​តែម្តង​។ សម្រាប់​ការហ្វឹកហាត់​នេះដែរ ទទួលបាន​ការឧបត្ថម្ភ​ពី​លោក ថា​ង ហ្គោ​ដុង​(Tang Gordon) អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​៕     

Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  វៃ ភ័​ក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com