អន្តរជាតិ
ជំនួប​កំពូល​លើក​ទី​៣​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹង​កើតឡើង​ឆាប់ៗ​?
14, Apr 2019 , 11:29 am        
រូបភាព
ដោយ:
​ប្រមុខ​ការទូត​អាមេរិក លោក Mike Pompeo បាន​ថ្លែង​ជាមួយនឹង​ការជឿជាក់​ថា ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក Kim Jung Un លើក​ទី​បី នឹងមាន​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ បាន​អះអាងថា មេដឹកនាំ​កំពូល​ទាំងពីរ បាន​យល់ចិត្ត​គ្នា​ទៅវិញទៅមក​កាន់តែច្រើន បន្ទាប់ពី​បញ្ចប់​ជំនួប​លើក​ទី​ពីរ​នៅ​វៀតណាម​។



​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន CBS រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បាន​អះអាងថា ការជជែក និង​ចរចា​រវាង​អាមេរិក​នឹង​កូរ៉េខាងជើង នឹង​នៅតែ​បន្ត ពោលគឺ​ជំនួប​លើក​ទី​បី​រវាង​លោក​ប្រធានាធិបតី Donald Trump ជាមួយនឹង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង Kim Jung Un នឹង​កើតឡើង ជា​ពិតប្រាកដ​។ 
 
​តាម​លោក​រដ្ឋមន្ត្រី មេដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ បាន​ស្វែងយល់​ពីគ្នា​កាន់តែ​ស៊ីជម្រៅ និង​កាន់តែ​ទៅមុខ ដោយ​មិន​ខុស​ឆ្ងាយ​ពី​អ្វីដែល​ពិភពលោក ចង់ឃើញ​នោះទេ​។ លោក ថែមទាំង​បាន​បង្ហើប​ថា បន្ទាប់ពី​ជំនួប​លើក​ទី​ពីរ​រវាង​មេដឹកនាំ​ទាំងពីរ​នៅ​រដ្ឋធានី​ហាណូយ បានបញ្ចប់ ក្រុមការងារ​អ្នកការទូត​ទាំងពីរ ក៏បាន​មាន​កិច្ចសន្ទនា​ជាមួយនឹង​គ្នា​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុងការ​ឆ្ពោះទៅមុខ​បន្តទៀត​។ 
 
​ទោះបីជា លោក​រដ្ឋមន្ត្រី​រូបនេះ មិនអាច​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​ទីតាំង​សម្រាប់​ជំនួប​កំពូល​លើក​ទី​បី បាន​នៅឡើយ​ក៏ដោយ​នោះ លោក​រដ្ឋមន្ត្រី អាច​ហ៊ាន​អះអាង​បាន​ថា ជំនួប​នេះ នឹង​កើតឡើង​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​
 
​គួរ​ជម្រាប​ផងដែរ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​វ័យក្មេង​លោក គីម ជុង​អ៊ុន កូរ៉េខាងជើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចាប់ផ្តើម​លេចធ្លោ​ខ្លាំង​លើ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​ស្តែងចេញ​ឡើង​តាមរយៈ​ការបាញ់​សាកល្បង​ជាច្រើនលើក​ច្រើនសារ​។ ជា​លទ្ធផល កូរ៉េខាងជើង បានទទួល​រង​នូវ​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ទាំង​ជា​រូបភាព​ឯកតោភាគី​(​ទណ្ឌកម្ម​ពីរ​ដ្ឋ​) និង​ពហុភាគី (​ទណ្ឌកម្ម​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​) ដ្បិត​សកម្មភាព​កូរ៉េខាងជើង ត្រូវបាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​សន្តិសុខ និង​សន្តិភាព​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។ 
 
​យ៉ាងណាមិញ ចាប់ពី​ឆ្នាំ​២០១៨​មក កូរ៉េខាងជើង បានចាប់ផ្តើម​ថមថយ​សកម្មភាព​អភិវឌ្ឍ និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ខណៈដែល​ទណ្ឌកម្ម​រប​ស់​សហគមន៍​អន្តរជាតិ​សំដៅ​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ក៏​កាន់តែ​ច្រើនឡើងៗ និង​ធ្ងន់ធ្ងរ​ទៅៗ​ផង​នោះ​។ ឆ្នាំ​២០១៨​នោះ​ហើយ ដែលជា​ចំណុច​ចាប់ផ្តើម នៃ​ការ​ងាក​មករក​តុ​ចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​។ 
 
​ជំនួប​លើក​ទី​១ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង សម្រេចបាន​អ្វីខ្លះ​? 
​សូម​រម្លឹក​បន្តិច​ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ដោយផ្ទាល់ ក្នុងជំនួប​លើកដំបូង​នៅក្នុង​ទឹកដី​របស់​សិង្ហ​បុរី​។ ជំនួប​ពេលនោះ ផ្តោត​សំខាន់​លើ​ការកាត់បន្ថយ​ការគំរាមកំហែង​សន្តិសុខ និង​ឈានដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ 

​ក៏ប៉ុន្តែ​ជំនួប​លើកដំបូង និង​ប្រវត្តិសាស្ត្រ​នេះ មិនបាន​ឈានដល់​ការព្រមព្រៀង និង​ឯកភាពគ្នា​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាក់លាក់ និង​ដុំកំភួន​នោះទេ​។ ពោលគឺ វា គ្រាន់តែ​ជា​ជំនួប​ដើម្បី​ស្វែងយល់​ពីគ្នា​របស់​ប្រមុខ​កំពូល​របស់​ប្រទេស​ទាំងពីរ​ទាំង​លក្ខណៈ​បុគ្គល និង​គោលបំណង​ជារួម​ប៉ុណ្ណោះ​។  

​ជំនួប​លើក​ទី​២ នៅ​ហាណូយ នៃ​វៀតណាម សម្រេចបាន​អ្វីខ្លះ​? 
​បន្ទាប់ពី​បាន​ស្គាល់ចិត្ត ស្គាល់​ថ្លើម​គ្នា​បាន​ខ្លះ​ហើយ​នោះ ប្រមុខ​ដឹកនាំ​កំពូល បាន​ឈានដល់​ជំនួប​លើក​ទី​២ នៅក្នុង​ទឹកដី​របស់​ប្រទេស​អាស៊ាន​ដដែល​។ ជំនួប​លើក​ទី​២​នោះ បាន​ប្រព្រឹត្តទៅ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្នុង​រដ្ឋធានី​ហាណូយ របស់​វៀតណាម​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាមរយៈ​ជំនួប​នេះ មេដឹកនាំ​ទាំងពីរ នៅតែ​មិនទាន់​អាច​ត្រូវ​រូ​វ​គ្នា​បាន​។ ហើយ​កាន់តែ​ពិបាក​យល់​នោះ ប្រមុខ​ដឹកនាំ​ទាំងពីរ បានបញ្ចប់​កិច្ចពិភាក្សា​មុនពេល​កំណត់ និង​គ្មាន​សេចក្តីថ្លែងការណ៍​រួម​ឡើយ​។ ភាពចម្រូងចម្រាស់​នេះ ផ្តើមចេញ​នៅពេលដែល​កូរ៉េខាងជើង បាន​លើកសំណើ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម ខណៈដែល​អាមេរិក មិនទាន់​ទុកចិត្ត​កូរ៉េខាងជើង​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​បា​នោះ​៕ ​

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com