អន្តរជាតិ
នេប៉ាល់ យកគំរូតាមឥណ្ឌាបិទហ្គេម PUBG ដែលពង្វក់ក្មេងភ្លេចការសិក្សា
× រដ្ឋាភិបាលនេប៉ាល់ បានបញ្ជាឲ្យហាមឃាត់ការលេងហ្គេមអនឡាញដ៏ល្បីឈ្មោះ PUBG ។ ការដាក់បម្រាមនេះ ធ្វើឡើងក្រោយពីទទួលបណ្តឹងជាច្រើនទាក់ទិននឹងឥទ្ធិពលអវិជ្ជមាននៃហ្គេមនេះ។
កាលពីថ្ងៃ១២ មេសា អាជ្ញាធរទូរគមនាគមន៍នេប៉ាល់ បានបញ្ជាឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតទាំងអស់ បិទចរាចរណ៍អ៊ីនធឺណិតដែលចេញពី Server របស់ហ្គេម PUBG ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យអាជ្ញាធរនេះ លោក Min Prasad Aryal គូសបញ្ជាក់ថា ពួកគេបានសម្រេចហាមឃាត់ហ្គេមនេះ ស្របតាមការស្នើសុំរបស់នាយកដ្ឋានឧក្រិដ្ឋកម្មចម្រុះនៃស្នងការប៉ូលីសក្រុង។
មែនទែនទៅ ការស្នើសុំរបស់នាយកដ្ឋាននេះ ធ្វើឡើងក្រោយពីពួកគេទទួលបណ្តឹងជាច្រើនពីសាលារៀន អាណាព្យាបាល ដោយបង្ហាញក្តីកង្វល់ថា ហ្គេមនេះ មានលក្ខណៈញៀនខ្លាំង និងប៉ះពាល់ដល់ការសិក្សា និងសុខភាពផ្លូវចិត្តរបស់សិស្ស។
យោងតាមសារព័ត៌មានក្នុងស្រុក The Hamalayan Times នាយកដ្ឋានឧក្រិដ្ឋកម្មចម្រុះស្នងការប៉ូលីសក្រុង អះអាងថា ខ្លួនទទួលបានបណ្តឹងជាច្រើនពីសាលារៀន អាណាព្យាបាល និងអង្គការក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាននេះ លោក Dhiraj Pratap Singh និយាយថា ក្រោយទទួលបណ្តឹងទាំងនេះ នាយកដ្ឋានលោក ចាប់ផ្តើមសិក្សាលើឥទ្ធិពលនៃហ្គេមនេះ និងករណីហាមឃាត់ហ្គេម PUBG ដែលរដ្ឋឥណ្ឌាមួយចំនួនបានអនុវត្ត។
សូមបញ្ជាក់ថា ហ្គេមអនឡាញ PUBG ដែលមានឈ្មោះពេញថា PlayerUnknown’s Battlegrounds ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bluehole Inc របស់កូរ៉េខាងត្បូង។ ក្រោយពីបើកឲ្យលេងជាផ្លូវការកាលពីឆ្នាំ២០១៧មក ហ្គេមនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែទន្ទឹមនឹងគ្នានេះក៏ទទួលរងការតិះទៀនពីឥទ្ធិពលញៀនរបស់វាផងដែរ៕
Tag:
នេប៉ាល់
ហ្គេមអនឡាញ PUBG
© រក្សាសិទ្ធិដោយ thmeythmey.com