កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ត្រូវប្រជែងជាមួយអតីតសមាជិក Pahang FA នៅយប់នេះ
× ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវជួយក្រុម PKNS ប្រជែងជាមួយក្រុម Pahang FA សម្រាប់ជំនួបលីគកំពូលម៉ាឡេស៊ីនៅម៉ោង៨យប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ។ នេះជាជំនួបដ៏សំខាន់សម្រាប់ វឌ្ឍនាកា ក្នុងការប្រជែងជាមួយអតីតសមាជិកមិត្តរួមក្រុមកាលពីរដូវកាលមុន។
ស្របពេលលីគកំពូលកម្ពុជាសម្រាកមួយសប្តាហ៍ដើម្បីទុកពេលឲ្យកីឡាករចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពនៅម៉ាឡេស៊ីពុំបានសម្រាក ដើម្បីមកជួបជុំឪពុកម្តាយ សាច់ញាតិបងប្អូននោះទេ។ នៅម៉ោង៨យប់ថ្ងៃទី១៤ ខែមេសានេះ វឌ្ឍនាកា ត្រូវជួយក្រុម PKNS ប្រជែងជាមួយក្រុម Pahang FA នាជំនួបសប្តាហ៍ទី៩ នៃក្រមខណ្ឌកំពូលម៉ាឡេស៊ី។
នេះជាជំនួបដ៏សំខាន់ដែលអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាទន្ទឹងរង់ចាំ ដោយសារវាជាឱកាសល្អសម្រាប់ វឌ្ឍនាកា ប្រជែងជាមួយអតីតមិត្តរួមក្រុម ដែលគេធ្លាប់រស់នៅរួមគ្នាជាង៤ខែ។ គួររំលឹកថា កាលរដូវកាលឆ្នាំ២០១៨ កីឡាករ ចាន់ វឌ្ឍនាកា បានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្រុម Pahang FA ក្រោយត្រឡប់មកពីចូលរួមជាមួយលំដាប់ទី៣ជប៉ុន Fujeida MYFC។ ប៉ុន្តែរូបគេ បានចែកផ្លូវជាមួយក្លិបនេះវិញ ក្រោយរួមរស់បានជាង៤ខែ បន្ទាប់ពីគ្រូបង្វឹកមិនសូវពេញចិត្តនឹងទម្រង់លេងរបស់គេ។
ដូច្នេះការជួបគ្នារវាង PKNS ជាមួយ Pahang នៅយប់នេះ វាជាឱកាសល្អសម្រាប់ខ្សែប្រយុទ្ធកម្ពុជារូបនេះ បង្ហាញពីបច្ចេកទេស និងភាពខ្លាំងនៅចំពោះមុខអតីតក្លិប ដែលធ្លាប់រួមរស់មួយនេះ។ បើមើលពីប្រវត្តិ៨ប្រកួតកន្លងមកក្រុម Pahang FA មិនទាន់ស្គាល់បរាជ័យនោះទេ ខណៈ PKNS FC ចាញ់ពីរប្រកួត។ បច្ចុប្បន្ន Pahang ស្ថិតនៅលេខ២មាន១៨ពិន្ទុ ក្រោយឈ្នះ៥ ស្មើ៣ រីឯ PKNS ស្ថិតនៅលេខ៥មាន១២ពិន្ទុ ក្រោយឈ្នះ៣ ស្មើ៣ និងចាញ់២៕
Tag:
Malaysia Super League
ចាន់ វឌ្ឍនាកា
Pahang FA
PKNS
© រក្សាសិទ្ធិដោយ thmeythmey.com