សុវត្តិភាព ចរាចរណ៍
អន្តរជាតិ
មហាក្សត្រ​ថៃ ព្រួយព្រះទ័យ​ព្រោះ​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ថ្ងៃ​សង្ក្រាន្ត​កើនឡើង​
15, Apr 2019 , 1:59 pm        
រូបភាព
ដោយ:
មហាក្សត្រ​ថៃ  មហា​វ​ជិ​រាល​ង្ក​រណ៍ សម្តែង​ព្រះទ័យ​ព្រួយបារម្ភ ក្រោយពី​តួលេខ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ៣​ថ្ងៃ​ដំបូង​របស់​អាទិត្យ​ជើងកប​នៃ​ថ្ងៃ​សង្ក្រាន្ត (Seven Dangerous Days) កើនឡើង​ដល់​ជិត​២០០​នាក់​។



​ក្នុង​ព្រះរាជឱង្ការ​របស់​មហា​ក្សត្រ​ថៃ ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ទ្រង់ បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ប៉ូលីស យោធា ភ្នាក់ងាររដ្ឋ និង​អ្នកស្ម័គ្រចិត្ត​នានា ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​គ្រោះថ្នាក់ និង​សម្របសម្រួល​ការធ្វើដំណើ​រ​តាម​ដងផ្លូវ​ដោយមាន​សុវត្ថិភាព​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Werachon Sukondhapatipak កាលពី​ថ្ងៃ​១៤ មេសា​។

​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អាជ្ញាធរ​ថៃ កំណត់​យក​រយៈពេល​៧​ថ្ងៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​១១ មេសា ដល់​ថ្ងៃ ១៧ មេសា សម្រាប់​អនុវត្ត​ច្បាប់​តឹងរ៉ឹង រួមមាន ចោទប្រកាន់​បទ​មនុស្ស​ឃាត​លើ​អ្នកបើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង​ជាដើម​។ ការកំណត់​ថ្ងៃ​បែបនេះ ធ្វើឡើង​ដោយសារ​របាយការណ៍​គ្រោះថ្នាក់​ចរចា​រណ៍​ជា​រៀងរាល់ឆ្នាំ បង្ហាញថា អ្នកស្លាប់ និង​របួស​លើ​ដងផ្លូវ ហក់​ឡើង​ខ្ពស់ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ មហាក្សត្រ​ថៃ ទ្រង់​ត្រាស់បង្គាប់​ឲ្យ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ ធានា​ឲ្យ​បាន​ថា អាជ្ញាធរ និង​អ្នកស្ម័គ្រចិត្ត​ទទួលបាន​ជំនួយ និង​ការផ្គត់ផ្គង់​គ្រប់គ្រាន់ តាម​អ្វីដែល​ពួកគេ​ត្រូវការ​។ 

​ដើម្បី​ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ គូសបញ្ជាក់ថា ខណៈ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ កំពុង​ដុតដៃដុតជើង​កាត់បន្ថយ​គ្រោះថ្នាក់ អ្វីដែល​ពួកគេ​ត្រូវការ​បំផុត​នោះ គឺជា​កិច្ចសហការ​ពេញលេញ​ពី​បណ្តា​អ្នកបើកបរ​យានជំនិះ​ទាំងអស់​។ ត្រង់ចំណុច​នេះ មេដឹកនាំ​រូបនេះ បន្ថែមថា​៖«​សុវត្ថិភាព ផ្តើមចេញពី​អ្នកបើកបរ​ខ្លួនឯង​។ ពួកគេ​ត្រូវ​គិតពី​ជីវិត​ខ្លួនឯង និង​គ្រួសារ​របស់​ពួកគេ​។ ក្រុមគ្រួសារ ក៏​អាច​ដាស់តឿន​អ្នកបើកបរ​ទាំងនោះ ដោយ​ប្រាប់​កុំ​ឲ្យ​ល្មើសច្បាប់​ចរាចរណ៍​ជាដើម​»​។​

​សូមបញ្ជាក់ថា សម្រាប់​៣​ថ្ងៃ​ដំបូង​នៃ​អាទិត្យ​ជើងកប គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ថៃ មាន​ចំនួន ១៦៦៥​ករណី ដោយ​មនុស្ស​១៧៤​នាក់​បាត់​បង់ជីវិត និង​១៧២៨​នាក់​ផ្សេង​ទៀង​រងរបួស​។ នេះ​បើតាម​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​គ្រប​គ្រង់​សុវត្ថិភាព​ដងផ្លូវ​រប​ស់​រដ្ឋាភិបាល​ថៃ ដែល​គ្របដណ្តប់​ពីថ្ងៃ​១១ ដល់ ១៣ ខែមេសា​។

​លើសពីនេះ អាជ្ញាធរ​ថៃ ក៏បាន​ចោទប្រកាន់​មនុស្ស​សរុប​៧១ ៣០៧​នាក់​ពីបទ​បើកបរ​ដោយមាន​ជាតិ​ស្រវឹង និង​ដកហូត​យានជំនិះ​ចំនួន ២២៩៤​គ្រឿង ចន្លោះ​ពីថ្ងៃ ១១ ដល់ ១៣ ខែមេសា​។ ក្នុងចំណោម​មនុស្ស​ទាំងអស់នោះ អ្នកបើកបរ​ម៉ូតូ​មាន​ចំនួន ៤៤ ០២៤​នាក់ និង​អ្នកបើកបរ​រថយន្ត​ទាំង​ឯកជន និង​រដ្ឋ មាន​ចំនួន ២៧ ២៨៣​នាក់​៕


Tag:
 ​ថៃ​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com