ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជាវ​បណ្ណ​តម្លៃ​៣០​ដុល្លារ​គាំទ្រ​សិល្បៈ​បុរាណ​អ្នក​អាច​ទៅ​មើល​បាន​មួយ​គ្រួសារ​ពេញ​១​ឆ្នាំ​
16, Apr 2019 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ អ្នកទស្សនា​គ្រាន់តែ​ជាវ​បណ្ណ​គាំទ្រ​សិល្បៈ​បុរាណ របស់​សមាគម​សិល្បក​រ​គោក​ធ្លោ​ក ១​សន្លឹក​តម្លៃ​៣០​ដុល្លារ នោះគេ​អាច​នាំ​គ្រួសារ​ទាំងមូល​ទៅ​មើល​ការសម្ដែង​ពេញ​មួយឆ្នាំ​។ បើសិន​ជាការ​ជាវ​បណ្ណ​សមាជិក​គាំទ្រ​សិល្បៈ​បុរាណ​កើន​ដល់​មួយ​ពាន់​សន្លឹក នោះ​សមាគម​និង​បើក​បង្រៀន​ភ្លេងបុរាណ និង​ជំនាញ​សិល្បៈ​ផ្សេងៗ​ទៀត​ដល់​អ្នកគាំទ្រ​ដោយ​មិន​គិតថ្លៃ​។



គំនិត​បំផុស​ឱ្យមាន​ការរួមចំណែក​គាំទ្រ​សិល្បៈ​វប្បធម៌​ជាតិ និង​បណ្ដុះ​ចំណូលចិត្ត​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​នេះ លើកឡើង​ដោយ​លោក ភឿង កុម្ភៈ ប្រធាន​សមាគម​សិល្បក​រ​គោក​ធ្លោ​ក​។​
 
​តទៅ​នេះ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ពី​ដើមហេតុ​ក្នុងការ​បំផុសគំនិត​គាំទ្រ​សិល្បៈ​វប្បធម៌​ជាតិ ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ ៖



 
«​គាត់​ជាវ​កាត​អ្នកគាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ ជា​វិភាគទាន​មួយឆ្នាំ​៣០​ដុល្លារ នោះ​មួយ​គ្រួសារ​គាត់​មក​មើល​សេរី​។ មួយឆ្នាំ​យើង​លេង​១០​រឿង​ឯណោះ​។ ហើយ​បន្តិចទៀត​មួយ​សប្ដាហ៍​លេង​ដល់​ទៅ​៣​ថ្ងៃ​។ ៣០​ដុល្លារ​ក្នុង​មួយឆ្នាំ យើង​គិត​ទៅ​មួយខែ​មិន​ដល់​៣​ដុល្លារ​ផង​ហ្នឹង​»​។ នេះ​គឺជា​សម្ដី​របស់លោក ភឿង កុម្ភៈ ប្រធាន​សមាគម​សិល្បក​រ​គោក​ធ្លោ​ក ។​


 
​មិន​ត្រឹមតែ​អាច​នាំ​គ្រួសារ​ទាំងមូល​ទៅ​មើល​ការសម្ដែង​នៅ​សមាគម​សិល្បករ​គោក​ធ្លោ​ក​ប៉ុណ្ណោះ​ទេ តែបើ​អ្នក​ជាវ​បណ្ណ​នេះ​មិនទាន់​រៀប​អា​ពា​ពិពាហ៍ ឬ​គ្រួសារ​នៅ​ខេត្ត​មិនមាន​ពេល​មក​មើល ពួកគេ​អាច​នាំ​មិត្ត​២​នាក់​ទៅ​ទស្សនា​បាន​។ លោក កុម្ភៈ បន្ថែម ៖«​គាត់​មិនទាន់​រៀបការ​គាត់​អាច​នាំ​ឪពុកម្ដាយ​បងប្អូន​បង្កើត​មើល​បាន​មួយ​គ្រួសារ​។ តែបើ​គាត់​ចង់​អញ្ជើញ​មិត្តភក្ដិ​វិញ​គឺ​បាន​២​នាក់ មក​មើល​សេរី​ក្នុង​មួយឆ្នាំ​»​។​
 
​កម្មវិធី​ជាវ​បណ្ណ​នេះ​អាចនិយាយបាន​ថា​ជា​ចំណែក​មួយ​ជួយ​បញ្ជ្រាប​សិល្បៈ​វប្បធម៌​ជាតិ​ជា​ប្រព័ន្ធ ទៅ​ប្រជាជន​ខ្មែរ​គ្រប់រូប​។ ទោះជា​យ៉ាងណា​កម្មវិធី​នេះ លេចចេញ​ជា​រូបរាង​ឡើង​ក៏ដោយ​សារ​៖«​យើង​ចាប់ផ្ដើម​សម្ដែង​មួយខែ​ហ្នឹង ថ្ងៃ​ដែល​មិន​លក់​សំបុត្រ​មនុស្ស​មក​មើល​ពេញ​រោង តែ​ដល់​យើង​លក់​សំបុត្រ តម្លៃ​តែ​១២,០០០ រៀល ឃើញ​មនុស្ស​មិនសូវ​មក​។ ខ្ញុំ​បែរមក​ដាក់​ធុង​ចូលរួម​វិភាគទាន​វិញ​។ ក្មេងៗ​និស្សិត​ភាគច្រើន​ខ្ញុំ​ហៅ​ឱ្យចូល​មើល​មិនឱ្យ​បង់ប្រាក់​អ្វី​ទេ​»​។​
 
​ដោយ​មើលឃើញថា​ការដាក់​ធុង​មូលនិធិ​មិនមែនជា​ដំណើរ​រឹងមាំ​សម្រាប់​ជីវិត​សិល្បៈ​បុរាណ​ជាតិ ទើបបានជា​លោក ភឿង កុម្ភៈ ប្រធាន​សមាគម​សិល្បក​រ​គោក​ធ្លោ​ក បង្កើត​បណ្ណ​គាំទ្រ​សិល្បៈ​បុរាណ​នេះ ៖«​នាំគ្នា​មើល​បែប​ហ្នឹង​ទៅ ធ្វើឱ្យ​សិល្បៈ​បុរាណ​លែង​ស្លាប់​ហើយ​។ រាល់ថ្ងៃនេះ​មិន​ស្លាប់​ទេ តែរ​ស់ទាំង​ត្រដរ មិនមាន​សុខភាព​មាំមួន​ទេ​។ ដូច្នេះ​ដើម្បីឱ្យ​រស់​ឪពុកម្ដាយ​ហ្នឹងឯង គាត់​ជំរុញ​គាំទ្រ​»​។​


 
​អង្គុយ​ទស្សនា​ការសម្ដែង​ល្ខោនស្បែក​ធំ​នៅក្នុង​រោង ស្ថិតក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ កញ្ញា  ផៃ សុនី​តា ថា​បើសិនជា​គេ​មិន​មក​ទស្សនា​ព្រោះ​មិនដឹង​ដំណឹង នោះ​មិនជា​បញ្ហា​ឡើយ តែបើ​ដឹង​ហើយ​បែរជា​មិន​មក គឺជា​រឿង​គួរឱ្យ​សង្វេគ​។ កញ្ញា​និយាយ​ទាំង​សោកស្ដាយ ៖«​គាត់​មិន​បានមក​ដោយសារ​មិនដឹង​គឺ​អត់​បញ្ហា​ទេ តែបើ​គាត់​ដឹងថា​មានកម្ម​វិធី​លេង​បែប​ហ្នឹងហើយ​គាត់​មិន​មក ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្តខ្លាំង​។ ឥឡូវ​ចាំតែ​ពេល​បាត់​បាន​យើង​ចាប់ផ្ដើម​ថែ​វប្បធម៌​។ មួយទៀត​ឱ្យតែ​លេង​កម្មវិធី​បែប​ហ្នឹង អត់​សូវ​មាន​អ្នកមើល​ច្រើន​ទេ​។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​អារម្មណ៍​ពិបាកចិត្ត​ខ្លាំង​មែនទែន ក្នុង​ការដែល​ប្រជាជន​ខ្មែរ ក៏ដូចជា​ក្មេងៗ​ជំនាន់​ក្រោយ គាត់​មិន​គាំទ្រ​សិល្បៈ​ខ្មែរ​យើង​»​។​


 
​ទោះជា​យ៉ាងណា​លោក ស៊ំ ស៊ី​ធឿន ជា​សិល្បករ​ដែល​ចូល​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៥ ថា​ទោះបីជា​អ្នកទស្សនា​មានតែ​ម្នាក់ ក៏​បេះដូង​សិល្បករ​នៅតែ​សប្បាយចិត្ត​ក្នុងការ​សម្ដែង ៖«​សម្រាប់​ខ្ញុំ​អ្នកមើល​តិច​ច្រើន​មិនមាន​បញ្ហា​ទេ សំខាន់​យើង​ចង់​ផ្សព្វផ្សាយ អ្វី​ដែលជា​សិល្បៈ​វប្បធម៌​បុរាណ​។ ឥឡូវ​មាន​សកម្មភាព​បណ្ដើរៗ​ហើយ គេ​មក​មើល​ច្រើន​ដែរ តែ​ថ្ងៃនេះ​ដោយសារ​សិស្ស​សម្រាក​រៀន​ផង ទើប​មាន​អ្នកមើល​តិច​។ យើង​ជា​សិល្បករ ភ្ញៀវ​ម្នាក់​ក៏​យើង​ត្រូវ​សម្ដែង​ឱ្យគេ​មើល​ដែរ​។ យើង​សង្ឃឹមថា​ថ្ងៃ​បន្តបន្ទាប់​នឹងមាន​អ្នក​មក​មើល​ច្រើន​»​។​


 
​ថ្វី​ដ្បិត​មិនសូវ​បាន​ទស្សនា​សិល្បៈ​បុរាណ​ច្រើនក្ដី តែ​នារី​មកពី​ខេត្តបាត់ដំបង​វ័យ​២៦​ឆ្នាំ រូបនេះ បង្ហាញ​អារម្មណ៍​រំភើប​របស់ខ្លួន​តាមរ​យៈស​ម្ដី​៖«​ខ្ញុំ​ធ្លាប់​មើលល្ខោន​ធំៗ​គេ​សម្ដែង​នៅ​ចតុមុខ​។ ពេល​ហ្នឹង​ខ្ញុំ​រំភើប​ខ្លាំង​មែនទែន សូម្បីតែ​ទៅ​បន្ទប់ទឹក ក៏​ខ្ញុំ​មិន​ចង់​ហ៊ាន​ទៅ​ដែរ ព្រោះ​ខ្លាច​បាត់​ផ្នែក​ណាមួយ​។ ពេលនោះ​ក៏​ជា​លើកដំបូង​ដែរ ដែល​ខ្ញុំ​បាន​មើល​ព្រឹត្តិការណ៍​ដ៏​ធំ​។ កាល​ហ្នឹង​មាន​របាំ ទេព​មនោ​រម្យ មាន​រាមកេរ្តិ៍ មាន​ច្រើន​កម្មវិធី​ណាស់ ឡើង​ជិត​២​ម៉ោង ខ្ញុំ​មិន​ចង់​ហ៊ាន​ងើប​ពី​កៅអី​ទេ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​»​។​
 
​ដើម្បី​តបស្នង​ទឹកចិត្ត​អ្នកទស្សនា ទោះ​សិល្បករ​តិចក្ដី តែ​លោក ស៊ី​ធឿន ខំ​សម្ដែង​បន្ថែម​ជំនួយ​ឱ្យ​តួ​អវត្តមាន​ទាំង​ញើស​ហូរ​ជោគ​អាវ​ដូច​ទើបនឹង​ងូតទឹក​រួច​ដូច្នោះ​ដែរ​៖«​ថ្ងៃនេះ​មិត្ត​រួម​ក្រុម​គេ​រវល់​ពីរ​នាក់ យើង​សម្ដែង​អំបាញ់មិញ​នេះ​គឺ​រត់​ទាំងអស់គ្នា​តែម្ដង សូម្បី​ខ្ញុំ​កាន់​រូប​៧​ទៅ​៨​រូប​ដែរ​ក្នុង​ម្នាក់​។ រូប​ត្លុក​អំបាញ់មិញ​ហ្នឹង​តាមពិត​ត្រូវ​ចេញ​ទាំងអស់គ្នា ប៉ុន្តែ​ដោយសារ​ខ្ញុំ​ត្រូវ​លើក​រូប​ព្រះ​រាជរថ​មុនគេ ក៏ត្រូវ​លួច​បន្តិច​ដើម្បីរ​ត់ទៅ​ចាប់​រូប​ហ្នឹង​ឱ្យ​ហើយ ហើយ​អ្នក​ក្រោយរ​ត់ទៅ​ចាប់​រូប​ហនុមាន និង​រូប​ផ្សេងទៀត​។ មិនសូវ​លំបាក​ប៉ុន្មាន​ទេ ឱ្យតែ​ចាំ​សាច់រឿង នឹង​តួអង្គ​នីមួយៗ ហើយ​យើង​បែប​ចែកគ្នា​កាន់​»​។​


 
​ពី​ដើមឡើយ​សមាគម​សិល្បក​រ​គោក​ធ្លោ​ក ដាក់​គោលដៅ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិ​ទៅតាម​បណ្ដា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ដើម្បី​បញ្ជ្រាប​ដល់​អ្នក​នៅតាម​ជនបទ​៖«​ពីដំបូង​ទី​យើង​បង្កើត​សមាគម​នេះ​ឡើង​ដើម្បី​ដើរ​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​នៅតាម​ជនបទ​ទេ​។ ភ្នំពេញ​មិនមែនជា​កន្លែង​ដែល​យើង​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​យើង​ចង់​ផ្ដល់​សកម្មភាព​សិល្បៈ​វប្បធម៌ ទៅដល់​អ្នក​នៅតាម​ជនបទ ដែល​គាត់​មិនសូវ​បាន​សប្បាយ​។ យើង​ចង់ឱ្យ​គាត់​បាន​ស្គាល់​ទម្រង់​សិល្បៈ​ខ្មែរ​ចាស់ៗ ដែល​ជិត​បាត់បង់​ទៅ​ផង​»​។​


 
​ទឹកចិត្ត​ស្រឡាញ់​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​សិល្បករ តែ​ថវិកា​ជា​កត្តា​ដ៏​ចំ​បាច់​មួយ​សម្រាប់​ក្រពះ​៖« យើង​សុំ​មូលនិធិ​នៅ​ស្រុក​ខ្មែរ​ពិបាក​ណាស់​។ ពីដំបូង​យើង​សុំ​ពី​អាមេរិក ក្រោយ​មកពី​ប្រទេស​បារាំង ដែល​សុទ្ធតែជា​មិត្ត​ខ្ញុំ​ដែរ​ទេ ដែល​គេ​ជួយ​ខ្លះៗ​។ ទៅ​សម្ដែង​តាម​ខេត្ត​សិល្បករ​យើង​ផ្ដល់ប្រាក់​កម្រៃ​ជូន​គាត់ ហើយ​អ្នកដឹកនាំ​សមាគម​ហ្នឹង​សុទ្ធតែជា​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ផ្នែក​រដ្ឋបាល ផ្នែក​គ្រប់គ្រង ដូច​ខ្ញុំ​អី​មានតែ​មួយខែ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន យ៉ាងណា​៤​រយ​ទៅ​៥​រយ​ដុល្លារ​ដែរ​»​។​


 
​ក្នុង​ទឹកមុខ​ស្រងូត សុនី​តា សុំឱ្យ​ជនរួមជាតិ​ខ្មែរ​គាំទ្រ​ទាំង​សិល្បៈ​បុរាណ​និង​សម័យ​៖«​មិនមែន​ឱ្យ​គាត់​គាំទ្រ​សិល្បៈ​បុរាណ​អត់​សម័យ​ទេ គាត់​អាច​គាំទ្រ​ទាំង​ពីរបាន តែ​កុំ​គាំទ្រ​សម័យ​ភ្លេច​បុរាណ​។ សិល្បៈ​បុរាណ​ខ្មែរ​បង្ហាញ​ពី​ភាពទន់ភ្លន់ សុភាពរាបសា​។ មិនមែន​មានតែ​ប្រទេស​យើង​ទេ ដែល​អាច​លេងល្ខោន និង​ធ្វើ​កម្មវិធី​បែប​ហ្នឹង​បាន សូម្បីតែ​ប្រទេសជិតខាង​ក៏​គេ​ធ្ចើ​បានដែរ ។ ដូច្នេះ​ខ្ញុំ​មិន​ចង់ឱ្យ​អ្វី​ដែលជា​កម្មសិទ្ធិ​របស់​ខ្មែរ ធ្លាក់​ទៅក្នុង​ដៃ​ប្រទេស​គេ ហើយ​បាន​យើង​មក​ស្ដាយក្រោយ​ទេ​»​។​


 
​លោក កុម្ភៈ បាន​រៀបរាប់​ពី​ទម្រង់​សិល្បៈ​ដែល​សមាគម​សម្ដែង​យ៉ាង​ដូច្នេះ ៖«​ក្នុង​កម្មវិធី​៦​ខែ​ដំបូង​នេះ​យើង​បង្ហាញ​៤​ទម្រង់ មាន​ល្ខោនស្បែក​តូច ស្បែក​ធំ យីកេ​ដំកង់ និង​ល្ខោន​ចម្រុះ​។ គោលបំណង​ធំ​របស់ខ្ញុំ គឺ​ចង់​បង្កើត​ទម្លាប់​ថ្មី​មួយ​ទៅដល់​ឪពុកម្ដាយ ជាពិសេស​មនុស្ស​នៅ​វ័យ​កណ្ដាល ឱ្យ​គាត់​ទម្លាប់​នាំ​កូន​មក​មើល​សិល្បៈ​បុរាណ ព្រោះនេះ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ​ដែរ​។ ពេល​មក​មើល​កូន​គាត់​សប្បាយ​។ កូនក្មេង​គាត់​ដក់អារម្មណ៍ ពេល​គាត់​ចាស់​ទៅ​គាត់​មាន​ប្រពន្ធ​មានកូន គឺ​គាត់​នឹង​ផ្ដល់​ទម្លាប់​ហ្នឹង​ទៅដល់​កូន​គាត់​ទៀត​»​។ 


 
​សម្រាប់​ម៉ោង​សម្ដែង​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ចាប់ផ្ដើម​ដំបូង​នេះ​យើង​សម្ដែង​តែ​ល្ងាច​ថ្ងៃ​សុក្រ​និង​ល្ងាច​ថ្ងៃអាទិត្យ ពី​ម៉ោង​៦​កន្លះ ដល់​ម៉ោង​៧​កន្លះ​។ ចាប់ពី​ខែមិថុនា​ទៅ យើង​សម្ដែង​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ យើង​ថែម​ថ្ងៃ​ពុធ​មួយទៀត ហើយ​រឿង​កាន់តែច្រើន​ទៅៗ​»​។​


 
​លោក​បន្ថែម ៖«​ចាប់ពី​ខែ​៩​ទៅ​យើង​ថែ​ល្ខោន​ប៉ា​មោ​យ​ទៃ​មួយទៀត​។ បើ​យើង​មើល​តាម​ទម្រង់​សិល្បៈ​នេះ លក្ខណៈ​ពាក់កណ្ដាល​បុរាណ​ពាក់កណ្ដាល​សម័យ ឆ្លុះ​តាម​តថភាព​សង្គម​។ ក្នុង​សាច់រឿង​ហ្នឹង​បើ​គាត់​ជា​អ្នកស្រែ​ចម្ការ ស្លៀកពាក់​លក្ខណៈ​អ្នកស្រែ បើ​គាត់​ជា​អ្នក​ស៊ី​វី​ឡៃ គេ​ស្លៀកពាក់​តាម​ហ្នឹង បើជា​ស្តេច​ទ្រង់គ្រឿង ជា​ស្តេច​។ ចំណែក​ភ្លេង​មាន​បុរាណ​ផង​និង​សម័យ​ផង អាស្រ័យ​ទៅតាម​សាច់រឿង​»​។  


 
​ប្រធាន​សមាគម​រូបនេះ​បញ្ជាក់​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត ប្រសិនបើ​ដំណើរការ​បណ្ណ​គាំទ្រ​សិល្បៈ​បុរាណ​ដើរ ៖«​ពេល​មាន​អ្នក​ជាវ​កាត​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ​ចាប់ពី​៥០០​នាក់​ឡើងទៅ ខ្ញុំ​បើក​ឱ្យ​និស្សិត​ទូទាំងប្រទេស​ជាពិសេស​ក្រុងភ្នំពេញ​គាត់​មក​មើល​សេរី​ដោយ​មិន​គិតថ្លៃ​។ បើ​មាន​អ្នកគាំទ្រ​ឡើងដល់​១,០០០​នាក់ បានន័យថា​មនុស្ស​១,០០០​នាក់​ជាវ​កាត គឺ​យើង​បើក​កម្មវិធី​បង្រៀន​ភ្លេង​ដល់​កូន​របស់គាត់​។ គាត់​អាច​រៀន​ធ្វើ​ឧបករណ៍​ភ្លេង ឬ​រៀន​ភ្លេងបុរាណ​ខ្មែរ ឬ​រៀន​គូរគំនូរ​ក៏បាន ព្រោះ​នៅទីនេះ​យើង​មាន​ទាំង​គ្រូភ្លេង គ្រូ​គំនូរ និង​គ្រូ​ចម្លាក់​»៕ 
 

Tag:
 សិល្បៈ​បុរាណ​ខ្មែរ​
  ល្ខោន​
  សិល្បករ​គោក​ធ្លោ​ក
© រក្សាសិទ្ធិដោយ thmeythmey.com