កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer៖ យើង​មិនអាច​ពឹង​តែ​លើ​វាសនា​ទេ​ពេល Man Utd ជួប Barca យប់​នេះ​
16, Apr 2019 , 6:04 pm        
រូបភាព
​លោក Ole Gunnar Solskjaer ក្រើនរ​ម្លឺ​កកូន​ក្រុម​ថា Manchester United មិនអាច​ពឹង​តែ​លើ​ជោគវាសនា​ឡើយ​ក្នុងជំនួប​ទល់ Barcelona ក្នុង​ក្របខណ្ឌ UEFA Champions League វគ្គ​ពាក់​៨​ក្រុម​ចុងក្រោយ ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​១៦ ខែមេសា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​


​ក្រុម​បិសាច​ក្រហម​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នៅ​ទីលាន Nou Camp បន្ទាប់ពី​ចាញ់​នៅ​ជើង​ទី​១​ក្នុង​ទឹកដី Old Trafford ១-០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Luke Shaw ។​
 
​សម្រាប់​ការប្រកួត​កាត់សេចក្តី​ជើង​ទី​២​នេះ ក៏​ជាការ​បង្ហាញខ្លួន​លើក​ទី​១​ផងដែរ​សម្រាប់​លោក Solskjaer ក្នុងនាម​អ្នកចាត់ការ​ទូទៅ​នៅ​កីឡដ្ឋាន Nou Camp ចាប់តាំងពី​លោក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​ឲ្យ Man Utd ក្នុង​ទីលាន​នេះ​ដើម្បី​យកឈ្នះ Bayern Munich ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប កាលពី​ឆ្នាំ​១៩៩៩​។​
 
«​វា​ជាការ​ចងចាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​នៅទីនេះ​។ ប៉ុន្តែ​ខ្ញុំ​មិន​ស្រមើ​ស្រ​ម៉ៃ​ទៅ​អតីតកាល​សម្រាប់​ជំនួប​នៅ​យប់​នេះ​ខ្លាំងពេក​នោះទេ​។ ខ្ញុំ​មិនដឹងថា​ខ្ញុំ​នឹងមាន​អារម្មណ៍​បែបណា​ទេ ខ្ញុំ​គិតថា​វា​នឹងមិន​ខុសគ្នា​ទេ ហើយ​ខ្ញុំ​កំពុង​ផ្តោតលើ​ការបង្ហាញ​ខ្លួន​របស់​កូនក្រុម​ល្អ​ជាង​មុនៗ​»​។ នេះ​ជាការ​លើកឡើង​របស់ Solskjaer ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​។​
​ការ​ស៊ុត​បញ្ចូល​ទី​របស់ Solskjaer ទល់នឹង Bayern Munich កើតឡើង​នៅ​នាទី​៩៣ ក្រោយ Teddy Sheringham រក​គ្រាប់​តាម​ស្មើ​តែ​២​នាទី​ប៉ុណ្ណោះ​សម្រាប់​ជ័យជម្នះ ២-១ ឲ្យ Man Utd ក្រោម​ការដឹកនាំ​របស់​លោក Sir Alex Ferguson​។​
 
 Solskjaer ស៊ុតឲ្យ Man Utd យកឈ្នះ Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions Leageu ឆ្នាំ១៩៩៩ នៅទឹកដី Nou Camp
  
​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស វ័យ ៤៨​ឆ្នាំ​រូបនេះ​បន្ថែមថា​៖«​ពេលខ្លះ​មាន​គេ​និយាយ​មក​ខ្ញុំ​ថា​នេះ​ជា​រដូវ​កាល​របស់​យើង ដ្បិត​កាលពី​២០​ឆ្នាំមុន​យើង​ជោគជ័យ​នៅទីនេះ​។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​អ៊ីចឹង​ទេ យើង​ត្រូវតែ​ខិតខំ​លេង​ឲ្យ​ល្អ​បំផុត​ដើម្បី​ជោគជ័យ​ម្តងទៀត​។ យើង​មិនអាច​ប្រកួត​ដោយ​ពឹង​តែ​លើ​សំណាង ឬ​វាសនា​នោះទេ​»​។​
 
​នៅពេល​សួរថា​តើ​ការរំពឹងទុក​សម្រាប់​ជំនួប​ទល់នឹង​ក្រុម​ខ្លាំង​ដូចជា Barca ពិបាក​ជាង​ឬ​យ៉ាងណា​នោះ Solskjaer ឆ្លើយថា​«​ក្នុង​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​ដែ​»​។​
 
​ដោយឡែក​ជំនួប​មួយគូ​ទៀត Juventus នឹងត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ដើម្បី​ស្វាគមន៍ Ajax នៅ​ម៉ោង​ដំណាលគ្នា​នេះ​។ កាលពី​ជើង​ទី​១​នៅ​ទឹកដី Ajax ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ១-១៕
អត្ថបទទាក់ទង
 



Tag:
 បាល់ទាត់​
  Manchester United
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com