ONE Championship
កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា តាម​គន្លង ឃុន ឌី​ម៉ា ដើម្បី​យក​មេដាយមាស​ជូន​ជាតិ​នៅ​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ​
17, Apr 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ដោយ​៖ ស៊ី​ធី 
​អ្នកលេង​គុន​ខ្មែរ​វ័យក្មេង ឡៅ ចិ​ត្រា បានដាក់​គោលដៅ​ដើរ​តាម​គន្លង​សិស្ស​ច្បង ឃុន ឌី​ម៉ា ដើម្បី​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន Sea Games ដែល​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​ចុងឆ្នាំ​២០១៩​នេះ​។ ការតាំង​ចិត្ត​នេះ ដ្បិត​ចិ​ត្រា​ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​នៅ​ស៊ី​ហ្គេម ឆ្នាំ​២០១៧ ខណៈដែល ឌី​ម៉ា ឈ្នះ​មេដាយមាស​។

 
​កីឡាករ​ដែលមាន​កំណត់​ត្រា​ប្រកួត​១៤៨ លើក​គូសបញ្ជាក់​បែបនេះ​៖«​ខ្ញុំ​កំពុងតែ​កែប្រែ​កំហុស​កាល​ស៊ី​ហ្គេម ២០១៧ ដើម្បី​ត្រៀម​ស៊ី​ហ្គេម ២០១៩ នេះ​។ ខ្ញុំ​ប្រឹង​ឲ្យ​ខ្លាំង​ជាង​ស៊ី​ហ្គេម​កន្លងទៅ​។ ខ្ញុំ​ចង់​ឈ្នះ​មេដាយមាស​ដូច រៀមច្បង ឃុន ឌី​ម៉ា​។ ខ្ញុំ​សរសើរ បង ឌី​ម៉ា គាត់​មាន​បម្លាស់​ទី​ល្អ ប្រយុទ្ធ​ល្អ និង ការពារ​ល្អ​ទៀតផង​។ នេះ​ជា​ចំណុច​ខ្ញុំ​ត្រូវ​រៀន​តាម​»​។​
 
​បែបណា​ក្ដី កីឡាករ​ប្រដាល់​ត្រកូល​ឡៅ​បាន​បង្ហើប​ពី​ភាព​សោកស្ដាយ​កាល​ឆ្នាំ ២០១៧ ដែល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ថា រូបគេ​ចូល​ពេទ្យ​មុន​ឡើង​វាយ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​គ្រានោះ​មិនដឹងថា​មកពី​អាកាសធាតុ ឬ ចំណីអាហារ​ឡើយ​។ ដោយ​រំលឹក​ទៅ​អតីតកាល​នេះ ចិ​ត្រា នៅ​ចងចាំ​ថា ពិន្ទុ​មិន​ចាញ់ឈ្នះ​គ្នា​ប៉ុន្មាន​ទេ ពោល ប្រដំប្រសង​គ្នា​ប៉ុណ្ណោះ​ជាមួយ​គូប្រជែង​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Ain Bin​។ ហើយ​មើល​វីដេអូ​ឡើងវិញ ក៏​មិនគួរ​ចាញ់​ដែរ ដោយ ចិ​ត្រា ដើរចូល​សម្រុក​វ៉ៃ​រហូត​នៅលើ​សង្វៀន​។ យ៉ាងណាក្ដី រូបគេ​បាន​រៀនសូត្រ​អំពី​ចំណុចខ្សោយ​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​។ 
 
​បន្ទាប់ពី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រួចរាល់ កូនសិស្សលោក ហង្ស សឿន នឹង​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​កីឡាករ​ប្រដាល់​ជម្រើសជាតិ​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​រៀបចំ​នៅ​ហ្វីលីពីន​។​ជាមួយគ្នានេះ ចិ​ត្រា ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ប្រដាល់​ភី​អិន​អិន​បញ្ចូល​ឈ្មោះ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ដែល​ចាប់ផ្ដើម​នា​ដើមខែ ឧសភា ខាងមុខ​។ ប្អូន​របស់ ឡៅ ស៊ី​ណាត និង ឡៅ ចន្ទ្រា បាន​សង្កត់ធ្ងន់ថា​៖«​ការចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ស្ថានីយទូរទស្សន៍ PNN ចាប់ផ្ដើម​ដើមខែ ឧសភា ខាងមុខ ប្រៀប​បីដូច​ជាការ​ត្រៀមខ្លួន​អីចឹង​ដែរ យើង​ហាត់​ខ្លាំង ហើយ​យើង​មានការ​ប្រកួត​។ កាលណា​យើង​ហ្វឹកហាត់ យើង​ត្រូវ​សម និង ឡើង​ប្រកួត​បែបនេះ​ល្អ​ណាស់​។ អីចឹង ការប្រកួត​ធ្វើ​ឲ្យ ខ្ញុំ​អត់​គាំង​ដៃ​-​ជើង និង រួមចំណែក​ពង្រឹងសមត្ថភាព​នៅ​ស៊ី​ហ្គេម​»​។​
 
​ជាមួយគ្នា​នោះ ក្រោយ​បរាជ័យ​ទល់នឹង Superlek Kiatmoo9 កាល​ពាក់កណ្ដាល​ខែកុម្ភៈ នៅ​សង្វៀន​កម្រិត​ពិភពលោក One Championship នា​ប្រទេស​ថៃ ជើងឯក​គុន​ខ្មែរ​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន បាន​រៀនសូត្រ​ច្រើន​អំពី​បទពិសោធន៍ ដ៏​ជូរចត់​មួយ​នេះ​ពេល​វាយ​គូបដិបក្ខ​មិនត្រូវ ជាពិសេស​ត្រូវ​បង្កើន​ភាពរហ័សរហួន និង​បម្លាស់​ទី​របស់ខ្លួន​ឲ្យ​បានល្អ​រួមទាំង​ការ​វ៉ៃ​សម្រុក ហើយ នឹង​ខំប្រឹង​ទ្វេដង​ដើម្បី​សម្រេច​គោលដៅ​ជា​បន្តបន្ទាប់​ក្នុងនាម​កីឡាករ​ប្រដាល់​ជួរមុខ​នៅ​កម្ពុជា​។ 
 
​គួររំលឹកថា ឃុន ឌី​ម៉ា  បាន​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​ក្រោយ​ឈ្នះ កីឡាករ​ថៃ Chonlawit កាល​ខែ សីហា ឆ្នាំ ២០១៧ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ ឡៅ ចិ​ត្រា ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ បន្ទាប់ពី​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ ម៉ាឡេស៊ី Ain Bin Kamaprudin ដោយ​ពិន្ទុ​៕ 
 
 
 
 

Tag:
 ឡៅ ចិ​ត្រា​
  ប្រដាល់​
© រក្សាសិទ្ធិដោយ thmeythmey.com