អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​
17, Apr 2019 , 11:19 am        
រូបភាព
​ការបោះឆ្នោត​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ដែល​ធ្វើឡើង​តែមួយ​ថ្ងៃ បានចាប់ផ្ដើម​ហើយ​នៅ​ឥណ្ឌូណេស៊ី​។ ប្រជាជន​ឥណ្ឌូណេស៊ី​ជាង​១៩០​លាន​នាក់ បាននាំគ្នា​ឈរ​តម្រង់​នៅ​ការិយាល័យ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​។ ប្រធានាធិបតី​បច្ចុប្បន្ន ចូ​កូ វី​ដូ​ដូ ត្រូវការពារ​កៅអី​របស់ខ្លួន​ទល់នឹង​គូប្រជែង​ចាស់ ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដែលជា​អតីត​ឧ​ត្ត​ម​សេនីយ៍​។ មិនមែន​ចប់​ត្រឹម​រើស​ប្រធានាធិបតី​ឡើយ ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​ថ្នាក់ជាតិ និង​តំបន់ ក៏​ធ្វើ​ស្របគ្នា​នេះដែរ​។​

 
​ជា​អតីត​អ្នកជំនួញ​គ្រឿងសង្ហារិម ដែល​គ្មាន​ប្រវត្តិ​ពាក់ព័ន្ធ​នយោបាយ​អ្វី​សោះ លោក ចូ​កូ វី​ដូ​ដូ កំពុងតែ​សង្ឃឹម​ក្នុង​ការបន្ត​តំណែង​ប្រធានាធិបតី​រយៈពេល​៥​ឆ្នាំ​ទៀត​។ គូប្រកួត​របស់លោក វី​ដូ​ដូ សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​១៧ ខែមេសា​នេះ គឺ​អតីត​មេទ័ព ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដែល​ធ្លា​ប់រង​បរាជ័យ​ម្ដង​ហើយ​កាលពី​ឆ្នាំ​២០១៤ ។​
 
​ការិយាល័យ​បោះឆ្នោត បាន​បើក​ដំណើរការ​តាំងពីព្រឹក​ព្រលឹម ដោយ​ដំណើរការ​បោះឆ្នោត​ធ្វើឡើង​រយៈពេល​៨​ម៉ោង​ប៉ុណ្ណោះ​។ ក្រៅពី​ការជ្រើសរើស​ប្រធានាធិបតី អ្នកបោះឆ្នោត​ឥណ្ឌូណេស៊ី ក៏ត្រូវ​ជ្រើសរើស​សមាជិក​សភាជាតិ​ចំនួន​៥៧៥​នាក់​។ ជា​ផ្នែក​មួយ​នៃ​ការបោះឆ្នោត​ជា​កញ្ចប់​នោះ អ្នកបោះឆ្នោត​ប្រមាណ​១៩៣​លាន​នាក់ ក៏ត្រូវ​ជ្រើសរើស​សមាជិកសភា និង​មន្ត្រី​ថ្នាក់​តំបន់ និង​ខេត្ត​ដែលមាន​ចំនួន​ជាង​ពីរម៉ឺន​កន្លែង ខណៈ​បេក្ខជន​មាន​ដល់​ទៅ​ជាង​២៥០​ពាន់​នាក់​ឯណោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការិយាល័យ​បោះឆ្នោត​សរុប​មាន​ចំនួន​៨០៩៥០០​ទីតាំង ហើយ​បុគ្គលិក​បម្រើការ​មាន​ជាង​៦​លាន​នាក់​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ យោធា និង​ប៉ូលិស មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​ដ៏​ធំ​នេះឡើយ​។ 
 
​ការរាប់​សន្លឹកឆ្នោត នឹងធ្វើ​ភ្លាមៗ​តែម្ដង ហើយ​លទ្ធផល​មិន​ផ្លូវការ​អាច​នឹង​នៅ​យប់​ថ្ងៃទី​១៧ ខែមេសា​នេះ​។ ក្នុង​ការស្ទង់មតិ​មុន​ការបោះឆ្នោត លោក វី​ដូ​ដូ មាន​ភាគរយ​ច្រើន​ក្នុង​ការបន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​ទៀត ប៉ុន្តែ​គូប្រជែង​របស់លោក គឺ​លោក សូ​ប៊ីយ៉ា​ន់​តូ ក៏​បង្ហាញ​ក្ដី​រំពឹង​ដូចគ្នា​ដែរ ដោយ​សង្ឃឹមថា​ទទួលបាន​ការគាំទ្រ​ចំនួន​យ៉ាងតិច​៦០​ភាគរយ​។ លទ្ធផល​ផ្លូវការ នឹងត្រូវ​ប្រកាស​នៅ​ខែឧសភា​ខាងមុខ​។​
 
​កាលពី​ឆ្នាំ​២០១៤ លោក វី​ដូ​ដូ បាន​ផ្ដួល​លោក សូ​ប៊ីយ៉ា​ន់​តូ ក្នុង​សំឡេង​ប្រកៀក​ប្រកិត​បំផុត​។ ដ្បិត​សំឡេងគាំទ្រ​ក្បែរ​គ្នា​ពេក លោក សូ​ប៊ីយ៉ា​ន់​តូ ក៏​តវ៉ា តែ​មិនបាន​ផល​។ គេ​រំពឹងថា លទ្ធផល​ដូចគ្នានេះ អាច​កើតឡើង​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១៩ នេះ ព្រោះ​អ្នកនយោបាយ​ទាំងពីរ​សុទ្ធតែ​ត្រៀមខ្លួន​បានល្អ​ដូចគ្នា​អស់​រយៈពេល​៦​ខែ​នៃ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​៕  

Tag:
 ​ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com