កីឡាអន្តរជាតិ
ជាតិ
គ្រូ Man Utd ថា Barca នឹង​លើក​ពាន UCL រដូវ​កាល​នេះ ក្រោយ​ទម្លាក់​ក្រុម​ខ្លួន​ត្រឹម​វគ្គ​៨​ក្រុម​
17, Apr 2019 , 1:19 pm        
រូបភាព
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ Manchester United ជឿជាក់ថា​គ្មាន​ក្រុម​ណា​ក្រៅពី Barcelona ឡើយ​ដែល​អាច​ឈ្នះ​ជើងឯក​ពានរង្វាន់ UEFA Champions League រដូវ​កាល​នេះ​។​

​ក្រុម​បិសាច​ក្រហម Man Utd ក្រោម​ការដឹកនាំ​របស់ Solskjaer បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់ Barcelona ៣-០ ក្នុងជំនួប​ជើង​ទី​២ ដែល​ធ្វើបាន​ដោយ Lionel Messi ២​គ្រាប់​ម្នាក់ឯង​។ សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង Barca ឈ្នះ Man Utd ៤-០​។​
  
 
២​គ្រាប់​របស់​ខ្សែបម្រើ​ឆ្នើម Messi និង​មួយ​គ្រាប់​របស់ Philippe Coutinho នៅ​កីឡដ្ឋាន Nou Camp បានបញ្ចប់​ក្តីសង្ឃឹម លោក Solskjaer ក្នុង​ការនាំ​ក្រុម​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ត្រឹម​រយៈពេល​៤​នាទី ពោលគឺ​នាទី​១៦ និង​២០ ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម Man Utd ដល់​ទៅ​២​គ្រាប់ មុនពេល Coutinho ខ្សែបម្រើ​ប្រេ​ស៊ី​ល​សម្រេច​គ្រាប់​ទី​៣​នៅ​នាទី ៦១​។​
 
​ជ័យជម្នះ​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​នេះ ត្រូវបាន​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​ទទួលស្គាល់​ផងដែរ​ពី​កម្រិត​លេង និង​ការគ្រប់គ្រង​បាល់​ដ៏​អស្ចារ្យ​របស់​ពួកគេ ព្រមជាមួយ​កីឡាករ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ទីលាន​គឺ Messi នោះ​។​
 
​នៅពេល​សួរ​អំពី​ឱកាស​របស់ Barca នៅ Champions League មុន​ឈានទៅ​ប៉ះ Liverpool ឬ Porto លោក Solskjaer បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ថា​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​ប្រាកដជា​ឈ្នះ​។​
  
 
«​ជាមួយនឹង​គុណភាព​កីឡាករ ជាពិសេស​នៅ​តំបន់​ប្រយុទ្ធ​៣​រូប​ដូចជា Ousmane Dembele  Malcom និង Messi គឺ​ពិតជា​ខ្លាំង​។ ខ្ញុំ​មិន​ភ្នាល់​ជាមួយ​ពួកគេ​ទេ​។ តែ​ទោះបី​ខ្ញុំ​មិន​ភ្នាល់​ក៏ដោយ សម្រាប់​ខ្ញុំ​ពួកគេ​នឹង​ឈ្នះ​ការប្រកួត​ដែល​នៅសល់​ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ​»​។ Solskjaer បង្ហា​ការជឿជាក់​បែបនេះ​លើ​កូនក្រុម​លោក Ernesto Valverde ដែល​ដឹកនាំ Barca លេង​បានល្អ​បំផុត​ទាំង​លី​គ​ក្នុងស្រុក និង​ក្រៅ​ស្រុក​នៅ​ឆ្នាំនេះ​។ 
 
​បន្ទាប់ពី​អស់សិទ្ធិ​នៅត្រឹម​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Man Utd នៅសល់​ភារកិច្ច​សំខាន់​មួយទៀត​គឺ​ត្រូវ​ដណ្តើមយក​តំណែង Top 4 នៅ Premier League ឲ្យ​បាន​ដាច់ខាត​ដើម្បី​បាន​កៅអី​លេង​នៅ Champions League រដូវ​កាល​ក្រោយ​។ 
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យកាល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ មាន​៦៣​ពិន្ទុ ក្នុងការ​ប្រកួត​៣៣​លើក តាម​ពីក្រោយ​ក្រុម​លេខ​៥ Chelsea ដែល​ប្រកួត​៣៤​លើក ២​ពិន្ទុ និង Arsenal ២​ពិន្ទុ ដែល​ប្រកួត​៣៣​លើក​ដូចគ្នា​។ Man Utd, Chelsea និង Arsenal ត្រូវ​ប្រជែង​គ្នា​ខ្លាំង​សម្រាប់​ប្រកួត​ដែល​នៅ​សេសសល់ ខណៈ Tottenham Hotspur ដែលមាន​៦៧​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ក៏​មិនទាន់​ផុត​បារ​ម្មណ៍​ដែរ​៕
 
 
 
 

Tag:
 បាល់ទាត់​
  រង្វាន់ UEFA Champions League
  Ole Gunnar Solskjaer
© រក្សាសិទ្ធិដោយ thmeythmey.com