ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជាង៤លាននាក់ បានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរនានា ទូទាំងប្រទេស ដោយក្នុងនោះខេត្តបាត់ដំបង និងស្វាយរៀងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ខណៈខេត្តសៀមរាប ស្ថិតនៅចំណាត់ថ្នាក់ទី៣ ។
របាយការណ៍បឋមរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ខេត្តបាត់ដំបង មានភ្ញៀវទេសចរទៅកម្សាន្តជាង៨៧ម៉ឺននាក់ ដោយក្នុងនោះមានភ្ញៀវជាតិជាង៨៦៩,១៨២នាក់ និងភ្ញៀវអន្តរជាតិចំនួន៨៥២នាក់។ ចំណែកភ្ញៀវទេសចរ ដែលបានទៅលេងខេត្តស្វាយរៀងវិញ មានចំនួន៤៦៧,៥០៥នាក់ ហើយក្នុងនោះភ្ញៀវជាតិ៤៦៧,៤៧៣នាក់ និងអន្តរជាតិ៣២នាក់។ ដោយឡែកខេត្តសៀមរាប ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ភ្ញៀវទេសចរខ្ពស់ជាងគេនោះ ទទួលបានភ្ញៀវ ៣៨៦,៦៦១នាក់ប៉ុណ្ណោះ។ ក្នុងនោះមានភ្ញៀវទេសចរ៣៦០,០០០នាក់ និងភ្ញៀវអន្តរជាតិ ២៦,៦៦១នាក់។
ក្រៅពីភ្ញៀវក្នុងតំបន់ខាងលើនេះ របាយការណ៍ដដែលក៏បានបង្ហាញពីតួលេខភ្ញៀវទៅលេងតំបន់ផ្សេងដែរ ក្នុងនោះរួមមាន កំពង់ចាមមានភ្ញៀវ ៣៣២,៦៥១នាក់, ព្រៃវែង ៣១៩,២៤១នាក់ កណ្តាល ៣១៦,២៦២នាក់,កំពង់ធំ ២១៧,៥២៣នាក់ ,ភ្នំពេញ ២០៨,១៣៧នាក់,ព្រះសីហនុ ១៩១,៤៨៦នាក់,បន្ទាយមានជ័យ ១៦៥,៤៧៧នាក់,កំពង់ឆ្នាំង ១៦០,៨៣៧នាក់,កែប១៤៥,៩៨០នាក់,កំពត១៣៧,១៧៤នាក់,ព្រះវិហារ ១៣៥,៩៥៣នាក់,ក្រចេះ១២៣,៤៩៥នាក់ និងកំពង់ស្ពឺ១១៧,៣៧៩នាក់។
ចំណែកខេត្តដែលទទួលបានភ្ញៀវទេសចរក្រោម១០ម៉ឺននាក់នោះ មានដូចជាខេត្តប៉ៃលិន ទទួលបានភ្ញៀវជាង ៨,២ម៉ឺននាក់,រតនគិរី ជាង ៧,៨ម៉ឺននាក់,តាកែវ ជាង ៥,៤ម៉ឺននាក់,ពោធិ៍សាត់ ជាង ៤,៩ម៉ឺននាក់,ស្ទឹងត្រែង ជាង ៤,៧ម៉ឺននាក់, កោះកុង ជាង ៣,៦ម៉ឺននាក់, ឧត្តរមានជ័យ ជាង ៣,៣ម៉ឺននាក់, មណ្ឌលគិរី ជាង ២,៥ម៉ឺននាក់ និងត្បូងឃ្មុំ ជាង ២,៣ម៉ឺននាក់។
របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានវាយតម្លៃជំហានដំបូងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានចំនួនសរុបប្រមាណ ៤,៧២៦,៦០២ នាក់ កើនឡើង ៦៧.០២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤,៦៣៩,៣៤១ នាក់ កើនឡើង ៦៦.៤០ភាគរយ ហើយភ្ញៀវអន្តរជាតិមានចំនួន ៨៣,១២៣ នាក់ កើនឡើង ៩៨,២៧ភាគរយ បើធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ថា ឆ្នាំនេះ គ្មានព្រឹត្តិការណ៍អង្គរសង្គ្រាន្តថ្នាក់ជាតិដ៏ធំដូចឆ្នាំមុនៗឡើយ ពោលគឺមានតែការរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្ដាខេត្តនីមួយៗ ពីសំណាក់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ប៉ុណ្ណោះ៕