ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក ជា រិ​ទ្ធ ប្រាប់​ចំណុច​សំខាន់ៗ​ដើម្បី​ឲ្យ​កីឡាករ​ប្រដាល់​កម្ពុជា​ឆ្ពោះទៅ​កម្រិត​អន្តរជាតិ​
17, Apr 2019 , 4:59 pm        
រូបភាព
(រាប់ពីឆ្វេង) លោកគ្រូ ជា រិ​ទ្ធ និងកីឡាករ គង់ សំបូរ
(រាប់ពីឆ្វេង) លោកគ្រូ ជា រិ​ទ្ធ និងកីឡាករ គង់ សំបូរ
ដោយ: ថ្មីៗ
អត្ថបទ​៖ ស៊ី​ធី​
​លោក ជា រិ​ទ្ធ គ្រូបង្វឹក​ប្រចាំ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​នៅ​ខេត្តសៀមរាប មាន​ទស្សនៈ​ខ្លះៗ ក្នុង​ការនាំ​កីឡាករ​ប្រដាល់​កម្ពុជា​ឆ្ពោះទៅរក​កម្រិត​អន្តរជាតិ​។ ចំនុច​សំខាន់​នោះ​គឺ​ការហ្វឹកហាត់​ខ្លាំង​ដើម្បី​យកឈ្នះ​កីឡាករ​ក្នុងស្រុក​ឲ្យ​អស់ និង បង្កើន​កម្លាំង​ស៊ូទ្រាំ​ឲ្យ​ខ្លាំងក្លា​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។ ការលើកឡើង​បែបនេះ​ស្របពេល​លោក​រិ​ទ្ធ​បាន​ជួយ​កីឡាករ​ឲ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្លិប​ខាងលើ​ដូចជា គង់ សំបូរ​, ឫទ្ធិ សាស្ត្រា​វុ​ធ និង ឆោម ប៊ុនឡុង ជាដើម​។ 
 
​មន្ត្រី​ចៅក្រម​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះ បានបញ្ជាក់​ទៀតថា លោក​កំពុង​បុក​បង្វឹក​កម្លាំង​ស៊ុ​ហ្វ​រហូតដល់ ៨០% ឯណោះ ដល់​កូនសិស្ស​របស់លោក​។ លោក​រំលឹកថា គង់ សំបូរ មាន​សមត្ថភាព​ប្រឡូក​បាន​ទាំង​ជាតិ និង អន្តរជាតិ ខណៈដែល អ្នកលេង​គុន​ខ្មែរ​វ័យក្មេង​ត្រឹម​វ័យ ១៨ ឆ្នាំ សាស្ត្រា​វុ​ធ កំពុង​សាង​ប្រជាប្រិយភាព​បានល្អ​ណាស់​នាពេល​ថ្មីៗ​នេះ ក្រោយ​ឈ្នះ សូត្រ វា​សាន , ហុត គឺ​ម​ហៀ​ង និង ឡុង ណង​សៅ​ជាដើម​។​
 
​គ្រូបង្វឹក​វ័យ ៣៧ ឆ្នាំ​ដដែល​នេះ​គូស​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​តែងតែ​លើកទឹកចិត្ត​កូនសិស្ស ថា បើ​ចង់​ខ្លាំង​ទៅ​វ៉ៃ​អន្តរជាតិ​យើង​ត្រូវធ្វើ​ឲ្យ​បានល្អ និង លេចធ្លោ​ក្នុងស្រុក​ដោយ​ឈ្នះ​កីឡាករ​ក្នុងស្រុក​ទាំងអស់​ក្នុង​កម្រិត​គីឡូ​ដូចគ្នា​។ ក្រៅពី​បង្វឹក​គុន​ខ្មែរ ខ្ញុំ​ក៏បាន​ប្រាប់​កូនសិស្ស​អំពី​របៀប​វ៉ៃ នៅ K1 ក្បាច់​មួយ​ថៃ មួយ​ឡាវ ក្បាច់គុន​មី​យ៉ាន់​ម៉ា Lethwei ផងដែរ ដែលមាន​លក្ខណៈ​ខុសគ្នា​មួយចំនួន​។ ដើម្បី​ឲ្យ​យើង​ខ្លាំង យើង​ក៏ត្រូវ​សិក្សា​អំពី​ក្បាច់​គេ​ដែរ​»​។​
 
​លើសពី​ការហ្វឹកហាត់​ទៀងទាត់​ជាប្រចាំ គ្រូបង្វឹក​គុន​ខ្មែរ​ដែលមាន​សញ្ញាប័ត្រ​អនុបណ្ឌិត​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​រូបនេះ​ថា ការ​ញុំ​ា​អាហារ​ត្រូវតែ​គិតគូរ​ដែរ ព្រោះ​ក្នុងនាម​ជា​កីឡាករ មិនត្រូវ​ញុំ​ា​ផ្ដេសផ្ដាស​នោះឡើយ​ដែល​នាំ​ឲ្យ​កម្លាំង​ធ្លាក់ចុះ​។ គ្រូបង្វឹក​រូបនេះ​រៀបរាប់​ទៀតថា កីឡាករ​ខ្មែរ​មួយចំនួន​មិនទាន់​សុំា​ទៅនឹង​ចំណីអាហារ​នៅក្រៅ​ប្រទេស​ទេ ព្រោះថា នៅ​ស្រុក​ខ្មែរ​វ៉ៃ​ត្រឹម ៣ ទៅ ៥ ទឹក​មិន​បញ្ហា​សោះ ប៉ុន្តែ ដល់​ទៅ​វ៉ៃ​ស្រុក​គេ គឺ​ស្រុត​កម្លាំង​តែម្ដង​។ នេះ​ជា​ចំណុច​ដែល​ត្រូវ​សិក្សា​បន្ថែម​អំពី​ការ​ញុំ​ា​អាហារ​។​
 
​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​រូបនេះ​សង្កត់ធ្ងន់​៖« ជាក់ស្ដែង ខ្ញុំ​គិតថា គង់ សំបូរ ប៉ះ Zhang Chenglong នៅ​ស្រុក​ខ្មែរ វា​មិន​អី​ទេ​ត្រឹម ៣ ទឹក​នោះ​។ ប៉ុន្តែ​ពេល​វ៉ៃ​នៅ One Championship នា​ប្រទេស​សិង្ហ​បុរី បែរ​រាង​យ៉ាប់​កម្លាំង​បន្តិច ដែល​នាំ​ឲ្យ​ចាញ់​ពិន្ទុ​។ នេះ​ជា​ចំណុច​យើង​ត្រូវ​រៀនសូត្រ និង ធ្វើ​ឲ្យ​សុំា​ចំពោះ​ការ​ញុំ​ា​អាហារ​នៅ​ប្រទេស​ដែល​យើង​ត្រូវ​ទៅ​ប្រកួត​»​។​
 
​គួររំលឹកថា មកដល់​ពេល លោក ជា រិ​ទ្ធ ចូល​បង្វឹក​នៅ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​នៃ​ទឹកដី​ខេត្តសៀមរាប​បាន​រយៈពេល ១ ឆ្នាំ​មកហើយ​។ ក្រៅពី​ការងារ​ស្រលាញ់​ក្បាច់គុន​ខ្មែរ លោក​មាន​ការងារ​ក្រៅ​ម៉ោង​មួយទៀត​គឺ បង្រៀន​ភាសា​អង់គ្លេស​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ទឹកដី​ខេត្តសៀមរាប​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com