អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន រៀប​ផែនការ​ថ្មី​ជួយ​ពលរដ្ឋ​អាយុ​ពី​៣០-៤០​ដែល​មិនទាន់មាន​ការងារ​ច្បាស់លាស់ ក្រោយ​រៀន​ចប់​
17, Apr 2019 , 2:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ កំពុងតែ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​ជួយ​ដល់​ប្រជាជន​វ័យ​កណ្តាល​របស់ខ្លួន ដែល​ពុំទាន់​មានការ​ងារ​មួយ​ពិតប្រាកដ ក្រោយពី​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ជំនាញ​ផ្សេងៗ ខណៈដែល​ទីផ្សារការងារ​របស់ខ្លួន កាន់តែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​។


 
​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​ន​យោ​បា​បាយ​សារពើពន្ធ​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​១០ មេសា​កន្លងទៅ បានសម្រេច​បង្កើត​កម្ម​វិធី​នយោបាយ​ថ្មី​មួយ ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ពលរដ្ឋ​របស់ខ្លួន​ដែលមាន​អាយុ​ចាប់ពី​៣០ និង​៤០ ឆ្នាំ ដែល​មិនទាន់មាន​ការងារ​មួយ​ជាក់លាក់ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ និង​ស្ថាប័ន​បណ្តុះបណ្តាល​ផ្សេងទៀត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Japan Times​។​
 
​តាមរយៈ​កម្មវិធី​គោលនយោបាយ​ថ្មី​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ដែល​មិនទាន់មាន​ការងារ​ធ្វើ​ជាក់លាក់​ទាំងនេះ​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ទៀត ហើយ​ការណ៍​ដែល​រដ្ឋាភិបាល​ជប៉ុន ធ្វើបែបនេះ ក៏​ព្រោះ​ជប៉ុន ព្រួយបារម្ភ​ថា បើ​ចំនួន​ពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ ឬ​មិនទាន់មាន​ការងារ​ពិតប្រាកដ​មួយ​មាន​កាន់តែច្រើន នោះ​វា នឹង​ប៉ះពាល់​ទាំង​ផលិតភាព​នៃ​សេដ្ឋកិច្ច និង​តម្លៃ​សន្តិសុខ​សង្គម​ផងដែរ​។ 
 
​កម្មវិធី​គោលនយោបាយ​ដដែល​នេះ ក៏​នឹង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​ដល់​កម្លាំង​ពលកម្ម ដែល​ស្ថិតនៅក្នុង​ចន្លោះ​អាយុ ៣៥ និង ៤៤ ឆ្នាំ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ដល់​ពួកគេ ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​កំណើន​ចំណូល​របស់​ពលរដ្ឋ​ផងដែរ​។ ការផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន ដើម្បី​កែសម្រួល​លើ​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់តែ​ធូរស្រាល ក៏​ស្ថិតនៅក្នុង​ការពិចារណា​របស់​រដ្ឋាភិបាល​ជប៉ុន​ផងដែរ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​របស់លោក បង្កើត​កិច្ចប្រឹងប្រែង​ដើម្បី​កំណត់​ដំណោះស្រាយ​ឲ្យ​បានច្បាស់លាស់ ដែល​រាប់បញ្ចូល​ទាំង​តាម​យៈ​គោលនយោបាយ​សេដ្ឋកិច្ច និង​សារពើពន្ធ​របស់​រដ្ឋាភិបាល​។ លោកនាយក​រដ្ឋមន្ត្រី ជំរុញ​ឲ្យ​កំណត់​មុខសញ្ញា​តាម​តំបន់​នីមួយៗ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ជប៉ុន ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំង​មួយ​របស់​ពី​ពិភពលោក​ផងដែរ​។ នៅ​ដើមខែ​មេសា​នេះ ជប៉ុន ទើបតែ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ថ្មី​ក្នុងការ​បើកចំហ​សម្រាប់​ទទួល​កម្លាំង​ពលកម្ម​បរទេស​ជំនាញ​ដើម្បី​បំពេញបន្ថែម​កង្វះខាត​ក​ម្លាំ​ង​ពលកម្ម​នៅក្នុង​ប្រទេស​។ គោលនយោបាយ​នេះ បានធ្វើ​ឲ្យ​ទីផ្សារការងារ​ក្នុងស្រុក​របស់​ជប៉ុន​កាន់តែ​មានការ​ប្រកួតប្រជែង​ខ្លាំង ពិសេស​នោះ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន ដែល​មិនមាន​ជំនាញ​ច្បាស់លាស់​៕ 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com