អន្តរជាតិ
នយោបាយអន្តរជាតិ
ជប៉ុន រៀបផែនការថ្មីជួយពលរដ្ឋអាយុពី៣០-៤០ដែលមិនទាន់មានការងារច្បាស់លាស់ ក្រោយរៀនចប់
× រដ្ឋាភិបាលក្រុងតូក្យូ កំពុងតែរៀបចំផែនការយុទ្ធសាស្ត្រថ្មីមួយដើម្បីជួយដល់ប្រជាជនវ័យកណ្តាលរបស់ខ្លួន ដែលពុំទាន់មានការងារមួយពិតប្រាកដ ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងវិទ្យាស្ថានជំនាញផ្សេងៗ ខណៈដែលទីផ្សារការងាររបស់ខ្លួន កាន់តែមានការប្រកួតប្រជែងខ្លាំង។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងនយោបាបាយសារពើពន្ធរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃ១០ មេសាកន្លងទៅ បានសម្រេចបង្កើតកម្មវិធីនយោបាយថ្មីមួយ ដើម្បីជួយជ្រោមជ្រែងដល់ពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី៣០ និង៤០ ឆ្នាំ ដែលមិនទាន់មានការងារមួយជាក់លាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ និងស្ថាប័នបណ្តុះបណ្តាលផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ Japan Times។
តាមរយៈកម្មវិធីគោលនយោបាយថ្មីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឧបត្ថម្ភដល់ពលរដ្ឋដែលមិនទាន់មានការងារធ្វើជាក់លាក់ទាំងនេះនៅក្នុងរយៈពេលបីឆ្នាំទៀត ហើយការណ៍ដែលរដ្ឋាភិបាលជប៉ុន ធ្វើបែបនេះ ក៏ព្រោះជប៉ុន ព្រួយបារម្ភថា បើចំនួនពលរដ្ឋដែលគ្មានការងារធ្វើ ឬមិនទាន់មានការងារពិតប្រាកដមួយមានកាន់តែច្រើន នោះវា នឹងប៉ះពាល់ទាំងផលិតភាពនៃសេដ្ឋកិច្ច និងតម្លៃសន្តិសុខសង្គមផងដែរ។
កម្មវិធីគោលនយោបាយដដែលនេះ ក៏នឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីជួយដល់កម្លាំងពលកម្ម ដែលស្ថិតនៅក្នុងចន្លោះអាយុ ៣៥ និង ៤៤ ឆ្នាំ ក្នុងការអភិវឌ្ឍសមត្ថភាពដល់ពួកគេ ក្នុងគោលដៅធានាឲ្យបាននូវកំណើនចំណូលរបស់ពលរដ្ឋផងដែរ។ ការផ្តល់ជំនួយដល់ក្រុមហ៊ុន ដើម្បីកែសម្រួលលើលក្ខខណ្ឌការងារឲ្យកាន់តែធូរស្រាល ក៏ស្ថិតនៅក្នុងការពិចារណារបស់រដ្ឋាភិបាលជប៉ុនផងដែរ។
តាមប្រភពព័ត៌មានដដែលនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក៏បានណែនាំដល់រដ្ឋមន្ត្រីរបស់លោក បង្កើតកិច្ចប្រឹងប្រែងដើម្បីកំណត់ដំណោះស្រាយឲ្យបានច្បាស់លាស់ ដែលរាប់បញ្ចូលទាំងតាមយៈគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រី ជំរុញឲ្យកំណត់មុខសញ្ញាតាមតំបន់នីមួយៗ។
គួរជម្រាបផងដែរថា ជប៉ុន ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងមួយរបស់ពីពិភពលោកផងដែរ។ នៅដើមខែមេសានេះ ជប៉ុន ទើបតែចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីក្នុងការបើកចំហសម្រាប់ទទួលកម្លាំងពលកម្មបរទេសជំនាញដើម្បីបំពេញបន្ថែមកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេស។ គោលនយោបាយនេះ បានធ្វើឲ្យទីផ្សារការងារក្នុងស្រុករបស់ជប៉ុនកាន់តែមានការប្រកួតប្រជែងខ្លាំង ពិសេសនោះអាចប៉ះពាល់ដល់ពលរដ្ឋក្នុងស្រុកមួយចំនួន ដែលមិនមានជំនាញច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com