អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​គេ​បង្កើត​លិខិតឆ្លងដែន​?
17, Apr 2019 , 10:30 pm        
រូបភាព
 សព្វថ្ងៃ ក្នុង​សម័យកាល​បច្ចេក​វិទ្យា​រីកលូតលាស់ និង​មានការ​ដំណើរ​ឆ្លងដែន​ពាសពេញ​ពិភពលោក​នេះ លិខិតឆ្លងដែន​ស្របច្បាប់​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្សម្នា​ក់ៗ​។ វា​ជា​កូនសៀវភៅ​តូច​មួយ​ដែល​អាច​ផ្លាស់ប្តូរ​វាសនា​របស់​ម​នុស្ស​បាន​។​

 
​ទូរទស្សន៍ National Geographic បាន​ពន្យល់ថា តែ​ការផ្តួចផ្តើម​ផលិត និង​បង្កើត​លិខិតឆ្លងដែន​ដែល​អាច​ប្រើប្រាស់​បាន​ជុំវិញ​ពិភពលោក​មួយ​នេះ ទើបតែ​ចាប់កំណើត​ឡើង​ក្រោយពេល​សង្គ្រាមលោកលើកទី​មួយ​តែប៉ុណ្ណោះ ពោលគឺ​ក្រោយ​ឆ្នាំ​១៩១៨​។ 
 
​នៅពេលដែល​ប្រទេស​អាល្លឺម៉ង់ និង​ដៃគូ​ប្រយុទ្ធ​ជាមួយ​ខ្លួន​ទទួល​បរាជ័យ សហរដ្ឋអាមេរិក (​ដែលជា​អ្នក​ប្រឡូក​ក្នុង​សង្គ្រាម​ជាមួយ​អង់គ្លេស និង​បារាំង វាយ​អា​លឺ្ល​ម៉​ង់​) ក៏ត្រូវ​ទទួលបាន​ភាព​ជោគជ័យ រួមទាំង​ផលចំណេញ​ពី​ជម្លោះ​ដ៏​ដំ​មួយ​នោះ​។​
 
 ហេតុដូចនេះ មាន​ប្រជាជន​ជាច្រើន​មកពី​ប្រទេស​នានា​បានធ្វើ​ចំណាកស្រុក ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក​។ កាលពី​ពេលនោះ អ្នកធ្វើ​ចំណាកស្រុក​មិនចាំបាច់​ត្រូវការ​លិខិតឆ្លងដែន​អ្វី​ធំដុំ​អ្វី​ទេ​។ សមត្ថកិច្ច​តាម​ព្រំដែន គ្រាន់តែ​សួរនាំ​សំណួរ ពិនិត្យមើល​សុខភាព​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ 
 
​ប៉ុន្តែ​កាលពី​បុរាណកាល​មក លំនាំ​នៃ​លិខិតឆ្លងដែន​ក៏ត្រូវ​បាន​គេ​អនុវត្ត​ខ្លះ​ដែរ​។ វា​ជា​លិខិត​សរសេរ​ផ្លូវការ​មួយ​ដែល​ធ្វើឡើង​ដើម្បី​ឲ្យ​ខ្មាំងសត្រូវ​ចូល​ទឹកដី​របស់ខ្លួន​ក្នុង​គោលបំណង​ចរចារ​ជា​សន្តិវិធី មិន​បង្ក​ឲ្យ​មាន​ចលាចល​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​១៩២០ នៅពេលដែល​អង្គការ​ស​ម្ព័​ន្ធ​ប្រជាជាតិ (League of Nations) របស់​ពិភពលោក​ត្រូវបាន​បង្កើតឡើង​ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​ក្នុង​ពិភពលោក​បន្តទៀត​។ 
 
​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ​មាន​វត្តមាន​មុន​ពេលដែល​អង្គការសហប្រជាជាតិ​បានចាប់កំណើត​ឡើង​។ សហរដ្ឋអាមេរិក​បាន​ធ្វើការ​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​នេះ​ក្នុងការ​ពិនិត្យមើល​ចលនា​របស់​អ្នកធ្វើ​ចំណាកស្រុក​ដ៏​ច្រើន​លើសលុប​ដែល​ចូលមក​កាន់​ប្រទេស​ខ្លួន​។ កាលពី​ពេលនោះ លិខិតឆ្លងដែន គឺជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​អ្នកមាន​ប្រជាធិបតេយ្យ​។ តែ​វា​ក្លាយជា​រឿង​មួយ​លំបាក​ទៅវិញ​សម្រាប់​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កុម្មុយនីស្ត​។​
 
 ការរិះគន់​ខ្លះ​ត្រូវបាន​ធ្វើឡើង​ថា លិខិតឆ្លងដែន​មាន​ទំនោរ​ខ្លាំង​ទៅកាន់​ក្រុម​ប្រទេស​លោកខាងលិច​។ ពេលខ្លះ វា​បង្កើត​ឲ្យ​មាន​ភាព​រើសអើង​រវាង​ប្រជាជន និង​ប្រទេស​កំណើត​របស់ខ្លួន​។ ប៉ុន្តែ​ក្នុងសម័យ​កាលដែល​ការធ្វើដំណើរ​មាន​លក្ខណៈ​រហ័ស និង​មាន​ភាពស្មុគស្មាញ​ឡើងៗ​ព្រោះ​សង្គ្រាម ជម្លោះសាសនា ការប្រើប្រាស់​លិខិតឆ្លងដែន​កាន់​តែមាន​សារៈសំខាន់​ចំពោះ​សកម្មភាព​នៅក្រៅ​ប្រទេស​។​
 
​យោងតាម​ការ​ស្រង់​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ មាន​ប្រជាជន​ប្រមាណ​១០​លាន​ក្នុង​ពិភពលោក​មិនមាន​សិ​ទិ្ធ​ស្របច្បាប់​ក្នុងការ​រស់នៅ​លើទឹក​ដី​របស់​ប្រទេស​ណាមួយ​។ លិខិតឆ្លងដែន​របស់​ពួកគេ មិនត្រូវ​បាន​គេ​ទទួល ហើយ​អ្នក​ទាំងនោះ​មិនមាន​សិ​ទិ្ធ​ឆ្លងដែន​ទៅ​តំបន់​ក្រៅប្រទេស​នោះទេ​។ ហេតុដូចនេះ គេ​ឃើញថា លិខិតឆ្លងដែន​បាន​បង្កើត​ភាពងាយស្រួល តែ​ក្នុងពេល​តែមួយ​ក៏បាន​បង្កើត​ភាពលំបាក​ទៅកាន់​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com