វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វី​បានជា​សេក​អាចនិយាយបាន​?
17, Apr 2019 , 2:59 pm        
រូបភាព
​វា​មិនមែនជា​រឿង​មួយ​ថ្មី​នោះទេ​ដែលថា​សត្វ​សេក​ជា​បក្សី​មួយ​ដែល​អាច​រៀន​និយាយ និង​ធ្វើ​ត្រាប់​តាម​សំឡេង​មនុស្ស​នោះ​។ មនុស្ស​ភាគច្រើន​ក៏បាន​ឃើញ​ផ្ទាល់​អំពី​រឿង​មួយ​នេះដែរ​។ ប៉ុន្តែ​អ្នកភាគច្រើន​មិនបាន​ដឹងថា​មូលហេតុ​អ្វី​បានជា​សេក​អាច​និយាយ និង​ត្រាប់​តាម​សំឡេង​មនុស្ស​នោះទេ​? មូលហេតុ​អ្វី​បានជា​ថនិកសត្វ​ដែលមាន​ដូចជា គោ ឆ្មា ឬ ឆ្កែ​មិនអាច​ធ្វើ​ដូច​សត្វ​សេក​បាន​?

 
​ដោយ​ដកស្រង​ចេញពី​គេហទំព័រ thenest.com និង nature.com គេ​បាន​ពន្យល់ថា បក្សី​ជា​ក្រុម​សត្វ​ដែលមាន​លក្ខណៈពិសេស​ជាងគេ​ក្នុង​ការប្រើ​សំឡេង​ទំនាក់ទំនង​។ បក្សី​ជាច្រើន ជាពិសេស​បក្សី​សេក​គឺជា​សត្វ​ដែល​ត្រូវការ​ទំនាក់ទំនង​ខ្លាំងណាស់ ជាពិសេស​នៅក្នុង​ហ្វូង​សត្វ​របស់​ពួកវា​។ 
 
​ដូចនេះ វិធីសាស្ត្រ​នានា ក្នុងការ​ទាក់ទង​គឺជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ការពារ​ខ្លួន ការពារ​ដែនដី និង​ការរក​ចំណី​។ នេះ​បានន័យថា នៅពេលដែល​មនុស្ស​យក​សត្វ​សេក​មក​ចិញ្ចឹម​ក្នុងផ្ទះ សត្វ​សេក​នោះ​ក៏បាន​ទំនោរ​ក្នុង​ការធ្វើ​ត្រាប់​សំឡេង​តាម​មនុស្ស​ដែរ ដោយសារតែ​សត្វ​សេក​ជាស​ត្វ​ដែល​ចូលចិត្ត​ប្រាស្រ័យ​ទាក់ទង​។​
 
 ប៉ុន្តែ​ទម្រង់​មាត់​របស់​សត្វ​សេក និង​មនុស្ស​មិនសូវ​ជាមាន​លក្ខណៈ​ដូចគ្នា​ប៉ុន្មាន​នោះទេ​។ មនុស្ស​មាន​បបូរមាត់ ថ្គាម ធ្មេញ និង​អណ្តាត ដោយ​ខុសពី​សេក​។ ពួកវា​មានតែ​ចំពុះ និង​គ្មាន​ធ្មេញ ឬ​ថ្គាម​ដូច​មនុស្ស​នោះទេ​។​
 
 តាមពិតទៅ អណ្តាត​របស់​សេក​គ្រាន់តែ​ជា​ផ្នែក​មួយ​តែប៉ុណ្ណោះ​។ សេក​មាន​ប្រព័ន្ធ​សំឡេង​ម្យ៉ាង​ដែលមាន​ទីតាំង​នៅតាម​បំពង់ខ្យល់​របស់​សួត ដែល​គេ​ហៅថា «Syrinx» ។ Syrinx មាន​មុខងារ​ស្រដៀង​ទៅនឹង Larynx ដែរ​។ Larynx គឺជា​ប្រអប់​សំឡេង​របស់​មនុ​ស្សមាន​ទីតាំងនៅ​ដើម​បំពង់ក​។​
 
 បើ​អ្នកពិនិត្យមើល​ឲ្យ​កាន់តែច្បាស់ អ្នក​ឃើញថា​បក្សី​បញ្ចេញ​សំឡេង​របស់​វា​ភាគច្រើន​ចេញពី​ដើមទ្រូង គឺ​កន្លែង​ដែល Syrinx ស្ថិតនៅ​។ រឿង​មួយទៀត​គឺថា សត្វ​សេក​មួយចំនួន​បានទទួល​ការវិវត្ត​ទៅកាន់​ខួរក្បាល​របស់​វា​ជាមួយនឹង​ការចងចាំ និង​ត្រាប់​តាម​សំឡេង​នានា​បានល្អ​ជាង​សត្វ​ដទៃ​។ 
 
​តើ​សួរថា​សេក​អាចយ​ល់ពី​ភាសា​មនុស្ស​នៅពេលដែល​វា​និយាយ​ទេ​? ប្រហែលជា​មិនអាច​ទេ​។ សកម្មភាព​នេះ​គឺ​គ្រាន់តែ​ជាការ​ធ្វើ​ត្រាប់​តាម​មនុស្ស​ជា​ច្រើនដង​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com