សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ព្រួយបារម្ភ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​EU-​វៀតណាម​ដែល​អាច​បាន​ប្រយោជន៍​ជាង​ខ្លួន​
17, Apr 2019 , 3:59 pm        
រូបភាព
ដោយ:
វៀតណាម អាច​ស្រូប​ទាញ​ឧស្សាហកម្ម​សំខាន់ៗ​ជាច្រើន​ក្នុងប្រទេស​ថៃ រួមមាន រថយន្ត កុំព្យូទ័រ សំលៀកបំពាក់ និង​គ្រឿង​បង្គំ​អេឡិចត្រូនិក​ជាដើម កាលណា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី EU-​វៀតណាម​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​ជាការ​ព្រមាន​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ​។


​នៅ​ថ្ងៃ​ចន្ទ​ទី​១៥ មេសា អគ្គនាយក​នៃ​ការិយាល័យ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា ការស្រាវជ្រាវ​របស់​កា​រិ​យា​ល័យ​លោកស្រី បាន​រកឃើញថា វៀតណាម នឹងមាន​ប្រៀប​លើ​ថៃ ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ចូល​ជា​ធរមាន​នោះ​។​

​ក្រោយ​ចរចា​អស់​រយៈពេល​៣​ឆ្នាំ សហភាព​អឺរ៉ុប បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​វៀតណាម (EVFTA) កាលពី​ថ្ងៃទី​២ ខែធ្នូ ២០១៥​។ កិច្ចព្រមព្រៀង​នេះ នៅ​រង់ចាំ​ការផ្តល់​សច្ចាប័ន​ដោយ​ភាគី​ទាំងសងខាង និង​ដាក់​កាលកំណត់​ឲ្យ​ចូល​ជា​ធរមាន​នាពេល​ណាមួយ​ក្នុងឆ្នាំនេះ​។​

​កាលណា​កិច្ចព្រមព្រៀង EVFTA ចូល​ជា​ធរមាន​នោះ វៀតណាម​នឹង​លុបចោល​ភ្លាមៗ​ពន្ធ ៦៥​ភាគរយ​លើ​ផលិតផល​ដែល​នាំចូល​ពី​សហភាព​អឺរ៉ុប​។ ចំណែក សហភាព​អឺរ៉ុប​វិញ នឹង​លុបចោល​ភ្លាមៗ​ពន្ធ ៧១​ភាគរយ​លើ​ផលិតផល​ដែល​នាំចូល​ពី​វៀតណាម​។ 

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ លោកស្រី Pimchanok លើកឡើងថា កិច្ចព្រមព្រៀង EVFTA នឹង​ផ្តល់​ផលចំណេញ​ច្រើន​ចំពោះ​ផលិតផល​សំលៀកបំពាក់​របស់​វៀត​ណា​ម ដែល​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​។ បន្ថែម​ពីនេះ វៀតណាម ក៏មាន​គុណសម្បត្តិ​មួយចំនួនទៀត ជាពិសេស ថ្លៃឈ្នួល​ពលកម្ម​ថោក និង​មាន​កម្លាំង​ពលកម្ម​ច្រើន​ជាដើម​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​អឺរ៉ុប ស្មើនឹង ៥០,៤​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នេះ ការនាំចេញ​របស់​វៀត​ណា​ម ស្មើនឹង ៣៨,៣​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​ស្មើនឹង ១២,១​ពាន់​លាន​ដុល្លារ​៕

​ចំណែក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​អឺរ៉ុប មាន​ចំនួន​សរុប ៤៤,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ ក្នុងចំណោម​តួលេខ​សរុប​នេះ ការនាំចេញ​របស់​ថៃ ស្មើនឹង ២៣,៧​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល ស្មើនឹង ២០,៨​ពាន់​លាន​ដុល្លារ​។​

Tag:
 ​វៀតណាម​
  ថៃ​
  EU
  ក្រសួងពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com