វៀតណាម អាចស្រូបទាញឧស្សាហកម្មសំខាន់ៗជាច្រើនក្នុងប្រទេសថៃ រួមមាន រថយន្ត កុំព្យូទ័រ សំលៀកបំពាក់ និងគ្រឿងបង្គំអេឡិចត្រូនិកជាដើម កាលណាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាមចូលជាធរមាននៅក្នុងឆ្នាំ២០១៩នេះ។ នេះជាការព្រមានរបស់ក្រសួងពាណិជ្ជកម្មថៃ។
នៅថ្ងៃចន្ទទី១៥ មេសា អគ្គនាយកនៃការិយាល័យយុទ្ធសាស្ត្រនិងគោលនយោបាយពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា ការស្រាវជ្រាវរបស់ការិយាល័យលោកស្រី បានរកឃើញថា វៀតណាម នឹងមានប្រៀបលើថៃ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបចូលជាធរមាននោះ។
ក្រោយចរចាអស់រយៈពេល៣ឆ្នាំ សហភាពអឺរ៉ុប បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយវៀតណាម (EVFTA) កាលពីថ្ងៃទី២ ខែធ្នូ ២០១៥។ កិច្ចព្រមព្រៀងនេះ នៅរង់ចាំការផ្តល់សច្ចាប័នដោយភាគីទាំងសងខាង និងដាក់កាលកំណត់ឲ្យចូលជាធរមាននាពេលណាមួយក្នុងឆ្នាំនេះ។
កាលណាកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននោះ វៀតណាមនឹងលុបចោលភ្លាមៗពន្ធ ៦៥ភាគរយលើផលិតផលដែលនាំចូលពីសហភាពអឺរ៉ុប។ ចំណែក សហភាពអឺរ៉ុបវិញ នឹងលុបចោលភ្លាមៗពន្ធ ៧១ភាគរយលើផលិតផលដែលនាំចូលពីវៀតណាម។
យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកស្រី Pimchanok លើកឡើងថា កិច្ចព្រមព្រៀង EVFTA នឹងផ្តល់ផលចំណេញច្រើនចំពោះផលិតផលសំលៀកបំពាក់របស់វៀតណាម ដែលនាំចេញទៅទីផ្សារអឺរ៉ុប។ បន្ថែមពីនេះ វៀតណាម ក៏មានគុណសម្បត្តិមួយចំនួនទៀត ជាពិសេស ថ្លៃឈ្នួលពលកម្មថោក និងមានកម្លាំងពលកម្មច្រើនជាដើម។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុប ស្មើនឹង ៥០,៤ពាន់លានដុល្លារ។ ក្នុងចំណោមនេះ ការនាំចេញរបស់វៀតណាម ស្មើនឹង ៣៨,៣ពាន់លានដុល្លារ និងការនាំចូលស្មើនឹង ១២,១ពាន់លានដុល្លារ៕
ចំណែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងអឺរ៉ុប មានចំនួនសរុប ៤៤,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។ ក្នុងចំណោមតួលេខសរុបនេះ ការនាំចេញរបស់ថៃ ស្មើនឹង ២៣,៧ពាន់លានដុល្លារ និងការនាំចូល ស្មើនឹង ២០,៨ពាន់លានដុល្លារ។