UCL៖ Liverpool ត្រឡប់​ទៅ​ដី Porto ឯ Man City ទទួលភ្ញៀវ Spurs ដើម្បី​ទៅកាន់​វគ្គ​១/២
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool ត្រឡប់​ទៅ​ដី Porto ឯ Man City ទទួលភ្ញៀវ Spurs ដើម្បី​ទៅកាន់​វគ្គ​១/២
17, Apr 2019 , 5:39 pm        
រូបភាព
​ក្រុម​ជើងឯក​រង Liverpool នឹងធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ FC Porto ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ជើង​ទី​២ ខណៈ Manchester City ត្រូវ​ទទួលភ្ញៀវ Tottenham Hotspur នៅ​រាត្រី​ថ្ងៃទី​១៧ ខែមេសា វា​លា​ម៉ោង ២:០០​នាទី អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​  

Liverpool ត្រូវ​យួរ​២​គ្រាប់​ទៅ​ស៊ីសង​គ្នា​ជាមួយ Porto នៅ​កីឡដ្ឋាន Estádio do Dragão សម្រាប់​ជំនួប​ជើង​ទី​២ ដើម្បី​កាត់សេចក្តី​យក​មួយក្រុម​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ទល់នឹង​ Barcelona ដែល​ទៅ​អង្គុយចាំ​មុន​ក្រោយ​ទម្លាក់ Man Utd នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
 
​កាលពី​ជំនួប​ជើង​ទី​១​នៅ​ទឹកដី Anfield ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp បាន​យកជ័យ​ជម្នះ​ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់ Porto ដោយ​លទ្ធផល ២-០​។ ២​គ្រាប់​នេះ​បានធ្វើ​ឲ្យ​ហង្ស​ក្រហម​ក្លាយជា​ក្រុម​មានប្រៀប និង​មាន​ទំនុកចិត្ត​ខ្ពស់ជាង​ក្រុម​គូប្រជែង​នេះ​។​
 
​កាលពី​រដូវ​កាល​មុន Liverpool ធ្លាប់​ទម្លាក់ Porto នៅ​ក្របខណ្ឌ​អឺរ៉ុប​នេះ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​លទ្ធផល​ទាំងពីរ​ជើង ៥-០ និង​ជា​ក្រុម​រងជើង​ឯក​ក្រោយ​ចាញ់ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​ដោយឡែក​ជំនួប​មួយគូ​ទៀត​ក្នុង​ក្របខណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​នេះដែរ ក្រុម​របស់លោក Pep Guardiola ត្រូវ​បើ​ទ្វារ​កីឡដ្ឋាន Etihad Stadium ដើម្បី​ទទួលភ្ញៀវ Spurs សម្រាប់​ជំនួប​ជើង​ទី​២ នៅវេលា​ម៉ោង​តំណាលគ្នា​នេះដែរ​។​
 
​កាលពី​ជើង​ទី​១ ក្រុម​មេឃ​ខៀវ Man City បាន​ចាញ់​ក្រុម​លោក Mauricio Pochettino នៅ​កីឡដ្ឋាន​ថ្មី Tottenham Hotspur Stadium ដោយ​លទ្ធផល ១-០ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​អាស៊ី Son Heung-min​។ តើ Man City ឬ Spurs ដែល​អាច​បន្តដំណើរ​ទៅ​ជួប Ajax នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​?
 
 Ajax បាន​ទម្លាក់​ក្រុម​ខ្លាំង Juventus ដោយ​លទ្ធផល​ទាំងពីរ​ជើង ៣-២៕

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com