ONE Championship
កីឡាជាតិ
ជាតិ
រឿង​ពីរ​ដែល​រង្គើ​សង្វៀន ONE: ROOTS OF HONOR នៅ​ហ្វីលីពីន
18, Apr 2019 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​អត្ថបទ​៖ ស៊ី​ធី​
​អ្នកលេង​គុន​ចម្រុះ​កូនកាត់​អូស្ត្រាលី​-​វៀតណាម  Martin Nguyen នៅតែ​រក្សាបាន​ខ្សែក្រវាត់ លំដាប់​ពិភពលោក ONE Featherweight World Champion បន្ទាប់ពី​ផ្តួល Narantungalag Jadambaa ត្រឹម​ទឹក​ទី​២​។ ស្របពេលនោះ​ដែល អ្នកលេង​ក្បាច់គុន​ចម្រុះ​សញ្ជាតិ​ហ្វីលីពីន Joshua Pacio ដណ្ដើមបាន​ខ្សែក្រវាត់ លំដាប់​ពិភពលោក ONE Strawweight World Champion មកវិញ​ពី​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន Yosuke Saruta លើស​ង្វៀន ONE: ROOTS OF HONOR នៅ​ទឹក​ទី​៤ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ល្ងាច​ថ្ងៃទី​១២ មេសា កន្លងទៅនេះ​។




Martin Nguyen នៅតែ​រក្សាបាន​ខ្សែក្រវាត់ លំដាប់​ពិភពលោក Featherweight World Champion បន្ទាប់ពី​បញ្ចប់​គូបដិបក្ខ Narantungalag Jadambaa ត្រឹម​ទឹក​ទី​២

​ពិតជា​មិនធម្មតា​មែន​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​អូស្ត្រាលី​-​វៀតណាម Martin Nguyen នៅតែ​រក្សាបាន​ខ្សែក្រវាត់ លំដាប់​ពិភពលោក​របស់ខ្លួន ONE Featherweight World Champion បន្ទាប់ពី​បញ្ចប់​គូបដិបក្ខ Narantungalag Jadambaa របស់​ម៉ុង​ហ្គោ​លី ដោយ​ប្រើពេល​ត្រឹម​ដើម​ទឹក​ទី​២ ពោល​ប្រើ​រយៈពេល​ត្រឹម ១ នាទី​និង​៧​វិនាទី​ប៉ុណ្ណោះ​នៅ​ទឹក​នេះ​។​
 
 គ្រាន់តែ​ចូល​ទឹក​ទី​១ Nguyen ដែលមាន​វ័យ ៣០ ឆ្នាំ បាន​ស្ទាបស្ទង់​ប្រើ​ដៃ និង ជើង​ទាត់​ស្ទង់​កម្លាំង​រួមទាំង​បច្ចេកទេស​ទៅវិញទៅមក​។ គ្រាន់តែ​ចូលដល់​ទឹក​ទី​២​។ កីឡាករ​កូនកាត់​វៀតណាម​បាន​ប្រើ​ជើង​ទាត់​សន្ធាប់​ទៅកាន់ Jadambaa ដែលមាន​វ័យ ៤៣ ឆ្នាំ ពីរ​បី​ជើង​រហូតដល់​បែក​កង់ និង ហក់​ថែម​អុក​មួយ​ជង្គង់​ស្ដាំ​ដើម្បី​ផ្ដាច់​កុំ​ឲ្យ​តដៃ​រួច​នៅ​ដើម​ទឹក​ទី​២ តែម្ដង​។ 
 
​ដោយ​មើលឃើញថា កីឡាករ​មកពី​ម៉ុង​ហ្គោ​លី មិនអាច​ប្រកួត​កើត​ទៀត​នោះ លោក​អាជ្ញាកណ្ដាល Olivier Coste ក៏​បញ្ឈប់​ការប្រកួត និង ផ្ដល់​ជ័យជម្នះ​ដល់ ជើង Nguyen តែម្ដង​។ កូនកាត់​អូស្ត្រាលី​-​វៀតណាម​បាន​ថ្លែង​ក្រោយ​ការប្រកួត​ថា​៖« ខ្ញុំ​ស្រលាញ់​ការប្រកួត​នេះ​ណាស់ ព្រោះ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​។ ខ្ញុំ​ស្រលាញ់​គ្រូបង្វឹក និង​អ្នក​ទាំងអស់គ្នា​។ នេះ​ជាការ​ប្រកួត​មិនអាច​ទិញ​បាន​ហើយ​ខ្ញុំ​ចេញមក​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ​។ ខ្ញុំ​សូម​ផ្ញើ​ជ័យជម្នះ​នេះ​ដល់​សម្លាញ់ Aung La Nsang ដែល​មក​លើកទឹកចិត្ត​នៅទីនេះ​»​។​
 
 
Joshua Pacio ដណ្ដើមបាន​ខ្សែក្រវាត់ លំដាប់​ពិភពលោក ONE Strawweight World Champion ពី Yosuke Saruta 

​កីឡាករ​ម្ចាស់ផ្ទះ​ហ្វីលីពីន Joshua Pacio ដណ្ដើមបាន​ខ្សែក្រវាត់ លំដាប់​ពិភពលោក ONE Strawweight World Champion ពី ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន Yosuke Saruta មកវិញ​ក្រោយ​ប្រើពេល​ត្រឹម​ទឹក​ទី​៤​។ តាំងពី​ទឹក​ទី​១ ដល់​ទឹក​ទី ៣ អ្នក​ទាំងពីរ​បាន​ត្រឹម​ស្ទាបស្ទង់​បច្ចេកទេស និង រាវរក​ចំណុចខ្សោយ​រៀងខ្លួន​។ ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ហ្វីលីពីន​វ័យ ២៣ ឆ្នាំ​បាន​ប្រើ​បច្ចេកទេស​ផង​ទាត់​ផង​។ 
 
​ទីបំផុត​នៅសល់​ត្រឹម ២ នាទី និង ១៤ នាទី​ប៉ុណ្ណោះ​មុន​បញ្ចប់​ទឹក​ទី​៤ កីឡាករ​ម្ចាស់ផ្ទះ​បាន​ជង្គង់​អុក​កញ្ចឹងក​អ្នកលេង​ក្បាច់គុន​សញ្ជាតិ​ជប៉ុន​ឲ្យ​សន្លប់​ស្ដូកស្ដឹង​នៅលើ​សង្វៀន ហើយ ត្រូវ​អាជ្ញាកណ្ដាល Kemp Cheng បញ្ឈប់​ការប្រកួត​តែម្ដង​។ 
 
​នៅមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់ Joshua Pacio បាន​ថ្លែង​បន្ទាប់ពី​ទទួល​ជ័យជម្នះ​បែបនេះ ៖«​ក្នុងឱកាស​ដ៏​មានតម្លៃ​នេះ​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​នៅ​ហ្វីលីពីន ដែល​បានមក​គាំទ្រ​ជួយ​ជា​កម្លាំងចិត្ត​។ យើង​បាន​ជួបគ្នា​កន្លងទៅ ហើយ​ខ្ញុំ​បាន​តាំងចិត្ត​មុតមាំ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​មកវិញ​បំផុត​ខ្ញុំ​អាចធ្វើ​បាន​។ សូម​អរគុណ​ច្រើន​អ្នក​រាល់គ្នា​»​។ 
 
​កាល​ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ Joshua Pacio បាន​បាត់បង់​ខ្សែក្រវាត់​ខាងលើ​Yosuke Saruta មុន​ដណ្ដើមបាន​មកវិញ នា​ខែ មេសា នេះ​៕ 
 
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com