កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​បន្ត​ចាញ់​ក្រុម Tampines Rovers ៤-២ នៅ​ចុង​ម៉ោង​
18, Apr 2019 , 7:26 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយ Tampines Rovers, រូបភាពពី AFC
សកម្មភាពប្រកួតរវាងក្រុមណាហ្គាវើលជាមួយ Tampines Rovers, រូបភាពពី AFC
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​បន្ត​រង​ការខកចិត្ត ក្រោយ​ចាញ់ Tampines Rovers របស់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​វគ្គ​ជម្រុះ​ពូ​ល H នៃ​ព្រឹត្តិការណ៍ AFC Cup 2019 នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​។ គ្រាប់​បាល់​របស់​ម្ចាស់ផ្ទះ ភាគច្រើន​កើតឡើង​នៅ​ចុង​ម៉ោង ដែល​ធ្វើ​ឲ្យ​ណាហ្គា​វើ​ល​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​។​

 
​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល​បាន​បន្ត​ចាញ់​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​លើក​ទី​២​ជាមួយ​ក្រុម Tampines Rovers របស់​សិង្ហ​បុរី​ក្នុង​វគ្គ​ជម្រុះ AFC Cup 2019​។ ការប្រកួត​តង់​ទី​១​ដំណើរការបាន​៣​នាទី​ខ្សែបម្រើ Irwan Shah បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ម្ចាស់ផ្ទះ Tampines Rovers ប៉ុន្តែ​១១​នាទី​ក្រោយមក​កីឡាករ គួច ដា​នី បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ភ្ញៀវ​ណាហ្គា​វើ​ល​។ 
 
​លទ្ធផល​ស្មើ ១-១ ត្រូវបាន​រក្សា​រហូតដល់​នាទី​៨៧ ជា​ពេលដែល​កីឡាករ Yasir Hanapi សម្រេច​គ្រាប់​បាល់​ទី​២ ដើម្បី​នាំមុខ ២-១ សាជាថ្មី​សម្រាប់​ម្ចាស់ផ្ទះ​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esoh Paul Omogba បាន​បង្កើត​ក្តីសង្ឃឹម​សម្រាប់​ណាហ្គា​វើ​ល​ជាថ្មី បន្ទាប់ពី​រូបគេ​សម្រេច​គ្រាប់​បាល់​តាម​ស្មើ ២-២ នៅ​នាទី​៩០​។​
 
​ប៉ុន្តែ​អ្វីដែល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ នា​ការប្រកួត​បន្ថែម​៥​នាទីចុងក្រោយ ក្រុម​ម្ចាស់ផ្ទះ Tampines Rovers សម្រេចបាន​រហូតដល់​ទៅ​ពីរ​គ្រាប់​។ ដោយ​គ្រាប់​បាល់​ទី​១​កើតឡើង​ពី​ការ​ស៊ុត​បក​ចេក​ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ Khairul Amri នៅ​នាទី​៩១ មុន​ខ្សែប្រយុទ្ធ​កាណាដា Jordan Webb ប្រើ​បច្ចេកទេស​ផ្ទាល់ខ្លួន​សម្រេច​គ្រាប់​ទី​២ ដើម្បី​នាំ​ជ័យជម្នះ ៤-២ សម្រាប់​ម្ចាស់ផ្ទះ​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម Tampines Rovers ឈ្នះ​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល H៕  
     

Tag:
 បាល់ទាត់​
  AFC Cup 2019
  ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com