កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទម្លាក់់ Man City ឡើងទៅជួប Ajax ខណៈ Liverpool ប៉ះ Barca វគ្គ៤ក្រុម
× ២គ្រាប់របស់ Son Heung-min និង១គ្រាប់របស់ Fernando Llorente គ្រប់គ្រាន់ដើម្បីជួយ Tottenham Hotspur ទម្លាក់ Manchester City ឡើងទៅជួប Ajax នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។ Liverpool ក៏ត្រូវឡើងទៅប៉ះជើងខ្លាំង Barcelona ក្រោយលត់ FC Porto ដោយលទ្ធផលទាំងពីរជើង ៦-១។
នាជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad Stadium ម្ចាស់ផ្ទះ Man City និងក្រុមភ្ញៀវ Spurs អាចស៊ុតចូលគ្នាដល់ទៅ៥គ្រាប់នៅត្រឹម៤៥នាទីដំបូង។ ខ្សែបម្រើឆ្នើម Raheem Sterling និងខ្សែប្រយុទ្ធឆ្នើម Son Heung-min ស៊ុតបានម្នាក់២គ្រាប់ រូមទាំង១គ្រាប់ដែលធ្វើបានដោយ Bernardo Silva ដើម្បីជួយក្រុមមេឃខៀវនាំមុខ ក្រុមមាន់ខ្នាយមាស ៣-២ នៅតង់ទី១។
ចូលដល់វគ្គទី២ Sergio Aguero បានស៊ុតគ្រាប់បាល់ទី៤ឲ្យ Man City ដែលធ្វើបាននៅនាទី៥៩ មុនពេល Fernando Llorente សម្រេចគ្រាប់បាល់ជ័យជម្នះឲ្យ Spurs នៅនាទី៧៣។ ចប់ការប្រកួតក្រុមលោក Pep Guardiola ឈ្នះក្រុមលោក Mauricio Pochettino ៤-៣។ តែយ៉ាងណា Spurs ដែលមាន១គ្រាប់ក្នុងដៃកាលពីជើងទី១ និងមិនរបូតគ្រាប់បាល់ក្នុងដីខ្លួនឯងនោះជាក្រុមដែលត្រូវបន្តទៅជួប Ajax នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រោះសរុបលទ្ធផលស៊ុតចូលគ្នាទាំង២ជើង ៤-៤។
ដោយឡែក Liverpool បានបន្តជ័យជម្នះរបស់ខ្លួននៅជើងទី២ក្រៅដីលើក្រុម Porto ដល់ទៅ ៤-១ ឯណោះ។ កាលពីជើងទី១ ក្រុមហង្សក្រហមឈ្នះ ២-០ ដូច្នេះសរុបលទ្ធផលទាំងពីជើង Liverpool ឈ្នះ Porto ៦-១។ ក្រុមរបស់លោក Jurgen Klopp ត្រូវបន្តទៅជួបក្រុមខ្លាំង Barcelona នៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដើម្បីប្រជែងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌកំពូលអឺរ៉ុបសម្រាប់រដូវកាល ២០១៨-១៩ នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com