ជាតិ
ចប់​បុណ្យចូលឆ្នាំ តែ​ស្មារតី​សង្ក្រាន្ត​មិនត្រូវ​ចប់​ឡើយ​
18, Apr 2019 , 10:45 am        
រូបភាព
សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា)
សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា)
​ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​ពី​ស្រុកកំណើត ពី​ទី​កម្សាន្ត និង​បាន​ចូល​បំពេញការងារ​វិញ​ជា​ប្រក្រតី ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​។ បុណ្យចូលឆ្នាំ​ចប់​មែន តែ​អ្វីដែល​គេ​នៅ​ចងចាំ គឺ​ព្រឹត្តិការណ៍​កម្សាន្ត​ដែលមាន​ភ្ជាប់ពាក្យ​«​សង្ក្រាន្ត​» និង​ឈ្មោះ​ទីតាំង​។​

 
​សង្ក្រាន្ត​សៀមរាប សង្ក្រាន្ត​បាត់ដំបង សង្ក្រាន្ត​ព្រៃវែង សង្ក្រាន្ត​កែប សង្ក្រាន្ត​វិទ្យាល័យ​… សង្ក្រាន្ត​វត្ត​… សង្ក្រាន្ត​ក្រុមហ៊ុន​… ។​ល​។ ទោះបី​ឆ្នាំនេះ គេ​មិនបាន​និយាយ​អំពី​«​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​» ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​និយាយ​អំពី​«​សង្ក្រាន្ត​គ្រប់​ទីកន្លែង​»​។​


សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា)
 
​តាំងពី​ឆ្នាំ​ដំបូង (២០១៣) រហូតដល់​ឆ្នាំ​ទី​៦ (២០១៨) ទើប​ស្មារតី​នៃ​អង្គរ​សង្ក្រាន្ត​បាន​ជ្រួតជ្រាប​ដល់​បេះដូង​មនុស្ស​ជាច្រើន​នៅតាម​ខេត្ត​។ បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ វា​មិន​ត្រឹមតែ​ជា​ឱកាស​នៃ​ថ្ងៃ​ឈប់សម្រាក និង​ជួបជុំ​គ្រួសារ ញាតិមិត្ត​ក្នុងភូមិ​នៅ​ស្រុកកំណើត​នោះឡើយ ប៉ុន្តែ​វា​ត្រូវតែ​ជា​ពេលវេលា​ដែល​ត្រូវ​រំឭក​អំពី​អត្តសញ្ញាណ​វប្បធម៌​របស់​ដូនតា​ខ្មែរ​ដែរ​យ៉ាង​ទូលំទូលាយ​។​


សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា)
 
​នៅក្នុង​ឆ្នាំ​២០១៩​នេះ តាំង​ពីមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ នៅតាម​បណ្តា​សាលារៀន​រដ្ឋ និង​ឯកជន ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា និង​សិស្សានុសិស្ស​បានរួម​គ្នា​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ ដោយ​មានបាន​នាំយក​គំនិត​ច្នៃប្រឌិត​នានា ទាក់ទង​នឹង​ផលិតផល និង​អត្តសញ្ញាណ​ខ្មែរ មក​បង្ហាញ​នៅក្នុង​ពិធី​ទាំងនោះ​យ៉ាង​រស់​រវើក​។​


សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា)
 
​ពុំមាន​ពាក្យ​សរសើរ​ថា ជោគជ័យ ទៅដល់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៀត​មែន​នៅក្នុង​ឆ្នាំនេះ ប៉ុន្តែ​មាន​ពាក្យ​ជោគជ័យ​សម្រាប់​ស្មារតី​នៃ​អង្គរ​សង្ក្រាន្ត នៅពេលដែល​សកម្មភាព​ដូចគ្នា​នឹង​អង្គរ​សង្ក្រាន្ត​ត្រូវបាន​រៀបចំ​នៅ​ទូទាំងប្រទេស​យ៉ាង​សប្បាយរីករាយ​។ ជោគជ័យ​នៃ​ស្មារតី​អង្គរ​សង្ក្រាន្ត​ពិតជា​បានផ្តល់​ផល​ជាច្រើន​ដល់​កម្ពុជា​រួមមាន​៖


សង្រ្កាន្តក្រាំងស្បូវ (ភូមិ) ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  (រូបថតដោយ​  សែម​  វណ្ណា)
 
​ក​- ផ្នែក​វប្បធម៌​៖ មិន​ថា​ក្នុង​ព្រឹត្តិការណ៍​ធំ ឬ​តូច ឬ​ជា​លក្ខណៈ​ឯកជន​នោះឡើយ យ៉ាងហោចណាស់ ស្បូវ ស្លឹ​ត​ត្នោត បំពង់​ទឹកត្នោត មួក​ស្លឹកត្នោត រទេះគោ ឬ​កង់​រទេះគោ ត្រូវបាន​គេ​ទិញ​យកមក​រៀបចំ​តែង បំពាក់​អំពូល​ភ្លើង​យ៉ាង​ស្រស់ស្អាត​។ ពាងទឹក អាវយឺត​បោះពុម្ព​ជាមួយ​ឈ្មោះ​ខេត្ត និង​និមិត្តសញ្ញា​របស់​ខេត្ត ឬ​ស្រុកកំណើត និង​វ​ត្តុ​បែប​អត្តសញ្ញាណ​ខ្មែរ​ជាច្រើន​ទៀត ត្រូវបាន​គេ​ធ្វើ​លក់ និង​បញ្ជា​ទិញ​។ តាមរយៈ​សង្ក្រាន្ត​គ្រប់​ទីកន្លែង​នេះហើយ ដែល​វ​ត្តុ​វប្បធម៌​ដូនតា​ត្រូវ​បានគាស់​រំលើង រំឭក ថែរក្សា និង​ដាក់​បង្ហាញ​បាន​យ៉ាង​ទូលំទូលាយ​។ អ្នក​ផលិត​ក៏​ទទួលបាន​ចំណូល​។ នេះ​ក៏​ជា​ពេលវេលា​ដែល​ចាស់ទុំ​ក្នុងភូមិ​ស្រុក​នៅតាម​បណ្តា​ខេត្ត បាន​បញ្ចេញ​ចំណេះដឹង​ជាក់ស្តែង​បង្ហាញ និង​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ​។​


សង្ក្រាន្តវិទ្យាល័យជាស៊ីមរក្សជ័យ (រូបថតដោយ  ប៉ាន់ បូនី)
 
​ខ​- ផ្នែក​សេដ្ឋកិច្ច​៖ នៅពេល​មាន​សង្ក្រាន្ត​នៅតាម​បណ្តា​ខេត្ត ប្រជាជនមាន​ទំនោរ​ទៅ​កម្សាន្ត និង​បន្ត​ស្នាក់នៅ​ក្នុង​ខេត្ត​កំណើត​របស់ខ្លួន ឬ​ទៅ​ខេត្ត​ជិត​ស្រុកកំណើត​របស់ខ្លួន​។ អាជ្ញាធរខេត្ត​ជាច្រើន​បាន​ផ្សព្វផ្សាយ​អំពី​តួលេខ​ដ៏​ច្រើន​នៃ​អ្នកទេសចរ​ជាតិ​ដែល​បាន​ស្នាក់នៅ​កម្សាន្ត​នៅតាម​ខេត្ត​។ ដូច្នេះ​ចរន្ត​នៃ​ចំណាយ ត្រូវបាន​បែងចែក​ទៅតាម​បណ្តា​ខេត្ត​ជាច្រើន ដោយ​មិនបាន​រត់​ចូល​តែ​ក្នុង​ទី​រួម​ខេត្តសៀមរាប​ដូច​ឆ្នាំមុនៗ​។​
 
​គ​- សុខដុម​រម​នីយកម្ម​សង្គម​៖ សង្ក្រាន្ត​តាម​ខេត្ត បាន​ជំរុញ​ឱ្យ​មនុស្សម្នា​ជាច្រើន​មានឱកាស​ជួបជុំគ្នា​។ ក្តី​ស្រឡាញ់ សាមគ្គីភាព ភាពសុខដុមរមនា ចាប់ពី​ក្នុង​គ្រួសារ ក្នុង​សហគមន៍ ក្នុងភូមិ​ស្រុក ក៏​កាន់​តែមាន​វត្តមាន​ច្រើនឡើង​។​
 
​កម្ពុជា​ត្រូវ​បន្តសកម្មភាព​វិជ្ជមាន​នេះ​ឱ្យ​ក្លាយទៅជា​វប្បធម៌ និង​ទំនៀមទម្លាប់​ក្នុង​រដូវចូលឆ្នាំ ដែលជា​ពេលវេលា​នៃ​ភាពសប្បាយ​រីករាយ​ជាមួយនឹង​សម្បត្តិ​វប្បធម៌​ដូនតា​ខ្មែរ​សម័យអង្គរ នា​ឆ្នាំក្រោយៗ​ទៀត​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អាចមាន​តែមួយ តែ​ស្មារតី​អង្គរ​សង្ក្រាន្ត​ត្រូវ​មាននៅ​ពេញ​ផ្ទៃ​មាតុភូមិ​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com