អន្តរជាតិ
សង្ក្រាន្ត​ថៃ​៖ ៣៤៨​នាក់​ស្លាប់ និង​ជាង ៣​ពាន់​នាក់​របួស​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​
18, Apr 2019 , 11:38 am        
រូបភាព
ដោយ:
​មនុស្ស​សរុប ៣៤៨​នាក់​បាន​ស្លាប់ និង ៣១៧៦ នាក់​ផ្សេងទៀត រងរបួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣០៦៨​ករណី អំឡុង​៦​ថ្ងៃ​ដំបូង​របស់​អាទិត្យ​ជើងកប​នៃ​ថ្ងៃ​សង្ក្រាន្ត (Seven Dangerous Days) ។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សុវត្ថិភាព​ផ្លូវថ្នល់​ថៃ នៅ​ថ្ងៃ​ពុធ​ទី​១៧ មេសា​។

 
​ខេត្ត ឈៀង​ម៉ៃ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ បង្ក​ឲ្យ​មនុស្ស​ស្លាប់​ដល់ ១១៩​នាក់​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ថៃ The Nation ខេត្ត​ចំនួន​ប្រាំ រួមមាន Trang, Phang Nga, Mae Hong Son, Sukhothai និង Angthong ត្រូវបាន​រាយការណ៍​ថា ពុំមាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។​
 
​បើតាម​ប្រភព​ដដែល ក្នុង​ថ្ងៃ​អង្គារ​ទី ១៦ មេសា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៣៦៧​លើក ដោយ​ឆក់យក​ជីវិត​មនុស្ស ៤២​នាក់ និង​របួស​៣៨១​នាក់​ផ្សេងទៀត​។ សម្រាប់​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​វិញ ការ​ជិះ​លើស​ល្បឿន​កំណត់ ស្មើនឹង ៣០​ភាគរយ និង​បើកបរ​ដោយមាន​សារជាតិ​ស្រវឹង ស្មើនឹង ២៨​ភាគរយ​។ 
 
​នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ មន្ត្រី​សមត្ថកិច្ច និង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៦៥ ៣៧៥​នាក់ ដែល​ធ្វើការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន ២០៤០​ទីតាំងនៅ​ទូទាំងប្រទេស បាន​គូសបញ្ជាក់ថា ពួកគេ​បាន​ត្រួតពិនិត្យ​លើ​យានយន្ត​ជាង​១​លាន​គ្រឿង ហើយ​ជា​លទ្ធផល អ្នកបើកបរ​ទាំង​រថ​យន្ត និង​ម៉ូតូ​ចំនួន ២៣៩ ២៩៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើសច្បាប់​ចរាចរណ៍​។ ភាគច្រើន​នៃ​ករណី​ទាំងនោះ គឺពាក់ព័ន្ធ​នឹង​ការ​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ចំនួន ៦៤ ៨២៩​ករណី និង​បើកបរ​ដោយ​គ្មាន​ប​ណ្ឌ​បើកបរ​ចំនួន ៥៧ ០៨៧​ករណី​។​
 
 
​ដោយឡែក នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ (NCPO) លោកស្រី Sirichan Ngathong បាន​លើកឡើងថា អាជ្ញាធរ​ថៃ បាន​រឹបអូស​យានជំនិះ​ចំនួន ៦៤៣៥ គ្រឿង ក្នុងនោះ ម៉ូតូ ៤៧៥២​គ្រឿង និង រថយន្ត​ទាំង​ធុន​តូន និង​ធំ ១៦៨៣​គ្រឿង ពី​អ្នកបើកបរ​ដែលមាន​ផ្ទុក​ជាតិ​ស្រវឹង អំឡុង​ថ្ងៃទី​១១ ដល់ ១៦ ខែមេសា​។ 
 
​ក្នុងអំឡុង​ពេលនេះ​ផងដែរ សមត្ថកិច្ច​ថៃ បាន​រកឃើញថា អ្នកបើកបរ​ម៉ូតូ ១១៧ ១៣៤​នាក់ និង​អ្នកបើកបរ​រថយន្ត ១៤៦ ០១៧ បាន​ល្មើសច្បាប់​ចរាចរណ៍ ហើយ​មកដល់ពេលនេះ ម្ចាស់​ម៉ូតូ ១៣១ ៦៧៤​នាក់  និង​ម្ចាស់​រថយន្ត ៩១ ៤៩៩​នាក់ ត្រូវ​ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់ និង​ដំណើរការ​ផ្លូវច្បាប់​។ 
 
​សូមបញ្ជាក់ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អាជ្ញាធរ​ថៃ បានកំណត់​យក​រយៈពេល​៧​ថ្ងៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​១១ មេសា ដល់​ថ្ងៃ ១៧ មេសា សម្រាប់​អនុវត្ត​ច្បាប់​តឹងរ៉ឹង រួមមាន ចោទប្រកាន់​បទ​មនុស្ស​ឃាត​លើ​អ្នកបើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង​ជាដើម​។ ការកំណត់​ថ្ងៃ​បែបនេះ ធ្វើឡើង​ដោយសារ​របាយការណ៍​គ្រោះថ្នាក់​ចរចា​រណ៍​ជា​រៀងរាល់ឆ្នាំ បង្ហាញថា អ្នកស្លាប់ និង​របួស​លើ​ដងផ្លូវ ហក់​ឡើង​ខ្ពស់ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​៕

Tag:
 ថៃ​
  សង្ក្រាន្ត​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com