ខេត្តកំពង់ស្ពឺ​ល្បីល្បាញ​«​ស្ករត្នោត​» រីឯ​ខេត្តកំពត​ល្បី​ជា​«​ស្តេច​ម្រេច​»
ជាតិ
ខេត្តកំពង់ស្ពឺ​ល្បីល្បាញ​«​ស្ករត្នោត​» រីឯ​ខេត្តកំពត​ល្បី​ជា​«​ស្តេច​ម្រេច​»
18, Apr 2019 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​សហភាព​អឺរ៉ុប (EU) បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ការពារ (PGI) នៅ​ថ្ងៃទី​៣​ខែមេសា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ EU នៅ​កម្ពុជា​។ បើតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ ការទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ជា PGI នេះ គឺ​មានន័យ​ដូចគ្នា​នឹង GI ដែរ ដែលជា​រួម​សភាព​អឺរ៉ុប​ទទួលស្គាល់ និង​ការពារ​ផលិតផល​មួយ​នេះ​។ រីឯ​ខេត្តកំពត​វិញ ផលិតផល​ម្រេច​នៃ​ខេត្ត​មួយ​នេះ ត្រូវបាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទទួលស្គាល់ថា​ជា​ម្រេច​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាងគេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីផ្សារ​មួយចំនួន ថែមទាំង​ហៅ​ម្រេច​កំពត​ថា​ជា​«​ស្តេច​ម្រេច​»​ទៀតផង​។


 
​ហេតុអ្វី​បានជា​ស្ករត្នោត​កំពង់ស្ពឺ​ត្រូវបាន​សហភាព​អឺរ៉ុប (EU) បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ការពារ (PGI)? 
 
​ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​រដ្ឋាភិបាល​ដាក់​ជា​ផលិត​សម្គាល់​ភូមិសាស្ត្រ កាលពី​ឆ្នាំ​២០១០ ហើយ​បន្តបន្ទាប់​ត្រូវបាន​ទទួលស្គាល់​ប្រទេស​ថៃ និង​វៀតណាម មុននឹង​ទទួល​កា​រកា​ពារ​ដោយ​សហភាព​អឺរ៉ុប​នៅពេលនេះ​។ ស្ករត្នោត​កំពង់ស្ពឺ GI នេះ សំដៅ​ការផលិត​ក្នុងស្រុក​ចំនួន​បី​ប៉ុណ្ណោះ​នៃ​ខេត្តកំពង់ស្ពឺ ពោលគឺ​មិនមែន​ក្នុង​ខេត្ត​ទាំងមូល​នោះទេ​។ 


 
​លោក ស៊ា​ង ថៃ អះអាងថា ការផ្ដល់​ឋានៈ​ស្ករត្នោត​កំពង​ស្ពឺ​ជា​ផលិតផល GI ដោយ​សហភាព​អឺរ៉ុប​នេះ នឹង​ជំរុញ​សក្ដានុពល​ផលិតផល​នេះ​បន្ថែមទៀត​។ «​វា​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់ និង​ជឿទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ និង​អ្នក​បរិភោគ​កាន់តែខ្លាំង ហើយ​តម្លៃ​ស្ករ និង​បរិមាណ​នាំចេញ​នឹង​កើនឡើង ដែលជា​ប្រយោជន៍​ដល់​កសិករ​អ្នក​ផលិត​»​។​
 
​មុន​ទទួល​បានការ​កា​ពារ ស្ករត្នោត​កំពង់ស្ពឺ​ត្រូវបាន​នាំចូល​ទីផ្សារ​អឺរ៉ុប​មួយចំនួន​រួចមកហើយ​តាមរយៈ​ក្រុមហ៊ុន​ក្នុងស្រុក Confirel ។ នេះ​បើតាម​លោក សម សារឿន ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​កំពង់ស្ពឺ​។ លោក សារឿន មើលឃើញ​ដូចគ្នា​នឹង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដែរ​។ លោក​ថា ទាំង​តម្លៃ​និមិត្តរូប​ក្នុងនាម​ជា​ផលិតផល​ខ្មែរ ក៏ដូចជា​ការនាំចេញ គឺ​ស្ករត្នោត​កំពង់ស្ពឺ​កាន់តែ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​។​
 
​ការផលិត​ស្ករត្នោត GI នេះ ក៏​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ផលិត​ផងដែរ​។ «​យើង​កំពុងតែ​គិត​បញ្ហា​ខ្វះខាត​ការផលិត​នេះដែរ​។ តែមួយ​ទៀត កន្លងមក​យើង​ផលិត​តែ​ក្នុង​ឃុំ​៦​ក្នុង​បី​ស្រុក​នេះ គឺ​មិនទាន់​គ្រប់​ឃុំ​ក្នុងស្រុក​ទាំង​នោះទេ ដូចនេះ​យើង​កំពុង​សិក្សា​តំបន់​ដី​បន្ថែមទៀត​ក្នុង​បី​ស្រុក​នេះ ដើម្បី​ដាក់ជូន​ក្រសួងពាណិជ្ជកម្ម​សម្រេច​។ ហើយ​បើ​ពង្រីក​វិសាលភាព​ដី​អាច​ផលិត​ស្ករ GI បាន​ដូច​ការស្នើ​នោះ​មែន ប្រហែល​ការផលិត​នឹងមិន​ជួប​បញ្ហា​នោះទេ​»​។​


 
​បើតាម​លោក សម សារឿន ការផលិត​ក្នុង​ឆ្នាំ​២០១៨ សម្រេចបាន​ប្រមាណ​២០០​តោន ដែលមាន​ពលរដ្ឋ​ក្នុង​ផលិតកម្ម​ចំនួន ១៦០​គ្រួសារ​។ គួរបញ្ជាក់​ថា​មុន​ស្ករត្នោត​កំពង់ស្ពឺ EU បានដាក់​ម្រេច​កំពត​របស់​កម្ពុជា ក្នុង​បញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ការពារ កាលពីដើមឆ្នាំ​២០១៦​។ 
 
​ហេតុអ្វី​បានជា​ម្រេច​ខេត្តកំពត​ត្រូវបាន​គេ​ហៅថា​«​ស្តេច​ម្រេច​»? 
 
​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel) គឺជា​ក្រុមហ៊ុន​កសិកម្ម​មួយ​ក្នុ​ចំណោម​ក្រុមហ៊ុន​ដទៃ​ដែល​ដាំ​ម្រេច​នៅក្នុង​ខេត្តកំពត​។ ម្រេច​ខេត្តកំពត​ត្រូវបាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទទួលស្គាល់ថា​ជា​ម្រេច​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាងគេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីផ្សារ​មួយចំនួន​ថែមទាំង​ហៅ​ម្រេច​កំពត​ថា​ជា​«​ស្តេច​ម្រេច​»​។ 
 
​ងាក​មក​មើល​ផលិតផល​របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel) វិញ​។ ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់​ម្រេច​ខ្ចី​កំពត​ជាមួយនឹង​ទឹកខ្មេះ​ទឹកត្នោត តែ​ម្រេច​កំពត គឺ​សុទ្ធតែជា​ផលិតផល KIRUM ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel)​។ ខន​ហ្វី​រេល (Confirel) គឺជា​ក្រុមហ៊ុន​ខ្មែរ​។  ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិញ្ញាបនបត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO) បទដ្ឋាន​របស់​អាមេរិក​(NOP) និង​ស្តង់ដា​ជប៉ុន (JAS)​។ ECOCERT S.A គឺជា​អង្គការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩១ ដោយ​វិស្វករ​កសិកម្ម​ដែល​ចង់​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ដែល​គោរព​នូវ​បរិស្ថាន និង​ផ្តល់​ការទទួលស្គាល់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការផលិត​នេះ​។ ដូចនេះ ចាប់ពី​ពេល​បង្កើត​ឡើងមក ECOCERT S.A មាន​ឯកទេស​នៅក្នុង​ការផ្តល់​វិញ្ញាបនបត្រ ចំពោះ​ការធ្វើ​កសិកម្មសរីរាង្គ​។ នៅក្នុង​ឆ្នាំ​១៩៩០ ECOCERT S.A បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ នៃ​ការធ្វើ​កសិកម្មសរីរាង្គ ដោយ​ការចូលរួម​ក្នុង​ការធ្វើ​សេចក្តីព្រាង​បទបញ្ញត្តិ នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​។ ស្ថាប័ន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែលមាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​ការបញ្ជាក់​វិញ្ញាបនបត្រ​សរីរាង្គ​។ ម្រេច​កំពត  KIRUM បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ឬ​ហៅ​កាត់​ថា IGP ដែល​ធានា​ការការពារ​ប្រភពដើម គុណភាព និង​ជំនាញ​ដាំ​ដុះ​ពិសេស​របស់​ម្រេច​កំពត  KIRUM​។​


 
​ជាមួយ​វិញ្ញាបនបត្រ​សរីរាង្គ ECOCERT S.A ចំនួន​៣ ដែល​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួលបាន​នេះ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការធានា​ដោយ​មិនអាច​ប្រកែក​បាន​ថា ម្រេច​កំពត  KIRUM គឺជា​ផលិតផល​សរីរាង្គ​ដែល​ដាំ​ដុះ និង​គោរព​ដាច់ខាត​ចំពោះ​បរិស្ថាន​។ IGP និង​វិ​ញ្ញាប​ន​ប័ត្រ ECOCERT S.A ទាំង​៣​នេះ ធ្វើ​ឲ្យ​ម្រេច​កំពត KIRUM ក្លាយជា​គ្រឿងទេស​លេខ​មួយ ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​របស់​វា​សម្រាប់ធ្វើ​ម្ហូបអាហារ​។ KIRUM ត្រូវបាន​ស្គាល់​ជាដំបូង​តាមរយៈ​ម្រេច​កំពត​ពណ៌​ខ្មៅ ក្រហម និង​ស​។ ការផលិត​របស់ KIRUM មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។ 
 
​តម្រូវការ​សកលលោក សម្រាប់​ម្រេច​កំពត​កាន់តែខ្លាំង​ឡើង​ដោយសារតែ​គ្រប់គ្នា​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី​«​សេ្ត​ចនៃ​ម្រេច​»​មួយ​នេះ​។ ក្រុមហ៊ុន ខន​ហ្វី​រេល បានចាប់ផ្តើម​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១០​មក​។ បច្ចុប្បន្ន​ម្រេច​បាន​ដុះ​នៅលើ​ផ្ទៃដី​ចំនួន​២៥​ហិកតា​។ ការប្រមូល​ផល​លើកដំបូង គឺ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​បានធ្វើ​ការនាំចេញ​ផលិតផល​មួយផ្នែកធំ​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​៕ 



Tag:
 Confirel
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com