អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ប្តេជ្ញា​យកឈ្នះ​ចិន​ខាង​បច្ចេកវិទ្យា 5G
19, Apr 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្នុងការ​ប្រណាំងប្រជែង​ជាមួយ​ប្រទេស​ចិន​សម្រាប់​បច្ចេកវិទ្យា​សេវា​គ្មាន​ខ្សែ 5G នោះ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុង​ប្រកាស​ការដេញថ្លៃ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុន​ក្នុង​ការទិញ​រលក​វិទ្យុ និង​មូលនិធិ​ចំនួន​២០​ពាន់​លាន​ដុល្លារ​សម្រាប់​បណ្តាញ​អុ​ប​ទិ​កនៅ​ជនបទ​។

 
​នៅក្នុង​បន្ទប់ Roosevelt នៅ​សេត​វិមាន​និង​អមដោយ​អ្នកធ្វើការ​ខាង​ទូរគមនាគមន៍​និង​កសិករ  លោក ត្រាំ បាន​និយាយថា​៖ «​យើង​មិនអាច​អនុញ្ញាតឱ្យ​ប្រទេស​ផ្សេង​មានប្រៀប​លើ​សហរដ្ឋអាមេរិក​ក្នុង​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​នាពេល​អនាគត​នេះ​ទេ​។ ក្នុងការ​ប្រណាំងប្រជែង​ផ្នែក​បច្ចេកវិទ្យា 5G យើង​ត្រូវតែ​ឈ្នះ​»​។​
 
​ចាប់ពី​ថ្ងៃទី​១០​ខែធ្នូ គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ Federal Communications Commission នឹង​ចាប់ផ្តើម​ដាក់​ដេញថ្លៃ​រលក​វិទ្យុ 37GHz,39 GHz និង 47 GHz សម្រាប់​ក្រុមហ៊ុន​ទូរស័ព្ទដៃ​។ សម្ព័ន្ធមិត្ត​ខ្លះ​របស់លោក ត្រាំ បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​លោក​ធ្វើជា​តូបនីយកម្ម​បច្ចេកវិទ្យា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​ជា​បញ្ហា​សន្តិសុខ​ជាតិ​។​
 
​លោក ត្រាំ បាន​ទទួលស្គាល់ថា លោក​បាន​ពិចារណា​រឿងនេះ ហើយ​បាន​ដកខ្លួន​ចេញពី​ផែនការ​នេះ​ដែល​ជំទាស់​ដោយ​គណៈកម្មការ​ទូរគមនាគមន៍​សហ​ព័ន្ធ​និង​អ្នក​ដទៃទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com