ថវិកា​សប្បុរសធម៌​សម្រាប់​ជួសជុល​វិហារ Notre-Dame កើន​ជិត ១​ពាន់​លាន​ដុល្លារ
អន្តរជាតិ
ថវិកា​សប្បុរសធម៌​សម្រាប់​ជួសជុល​វិហារ Notre-Dame កើន​ជិត ១​ពាន់​លាន​ដុល្លារ
18, Apr 2019 , 7:19 pm        
រូបភាព
មនុស្សម្នារឈរនៅម្ខាងទន្លេ Seine ទល់មុខវិហារកាតូលិក Notre-Dame នៅថ្ងៃ១៧ ខែមេសា (AFP)
មនុស្សម្នារឈរនៅម្ខាងទន្លេ Seine ទល់មុខវិហារកាតូលិក Notre-Dame នៅថ្ងៃ១៧ ខែមេសា (AFP)
ដោយ: ថ្មីៗ
​យុទ្ធនាការ​រៃអង្គាស​លុយ​ដើម្បី​កសាង​វិហារ​កាតូលិក Notre-Dame ឡើងវិញ​ប្រមូលបាន​ថវិកា​ជិត ១​ពាន់​លាន​ដុល្លារ​ហើយ​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី ១៧ ខែមេសា ស្រប​ពេលដែល​ប្រធានាធិបតី​បារាំង​ដាក់​ពេល​កំណត់​ប្រាំ​ឆ្នាំ​ដើម្បី​ជួសជុល​វិហារ​នេះឡើយ​វិញ​។ ថវិកា​នេះ​រៃអង្គាស​បានមកពី​ទាំង​ប្រជាជន​សាមញ្ញ​ដល់​បណ្តា​សេដ្ឋី​ជាច្រើន​នាក់​ពី​ទូទាំង​ពិភពលោក​ផងដែរ​។


 
​លុយ​ជិត ១​ពាន់​លាន​ដុល្លារ​ត្រូវ​ត្រូវបាន​គេ​បរិច្ចាគ​ដើម្បី​ជួយ​ជួសជុល​វិហារ Notre-Dame ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​ដកស្រង់​សម្តី​វិទ្យុ France-Info នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ ខែមេសា​។​
 
​បេសកជន​ប្រធានាធិបតី​ទទួលបន្ទុក​កិច្ចការ​មរតក​វប្បធម៌​លោក Stephane Bern បាន​បញ្ជាក់ថា  ថវិកា​ដែល​រៃអង្គាស​បាន​បច្ចុប្បន្ន​មាន​ប្រហែល ៩៩៥ លាន​ដុល្លារ​អាមេរិក (​ត្រឹម​រយៈពេល​មួយថ្ងៃ​កន្លះ​រាប់​ចាប់ពី​ថ្ងៃ​ឆេះ​)​។  លោក​បាន​បន្ថែមថា សប្បុរសជន​ដែល​បរិច្ចាគ​នោះ​មាន​ទាំង​អ្នកមាន និង​អ្នក​ខ្វះខាត​នៅតាម​ទីក្រុង​នានា​ទូទាំងប្រទេស​បារាំង និង​ពិភពលោក​ទាំងមូល​។ 
 
​ការប្រកាស​ពី​ថវិកា​បរិច្ចាគ​ជិត ១​ពាន់​លាន​ដុល្លារ​នេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ជួបប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​ដែរ ដោយ​ផ្ដោតលើ​គ្រោះមហន្តរាយ​ឆាបឆេះ​វិហារ Notre Dame ។ ប្រធានាធិបតី​រូបនេះ សន្យា​ជួសជុល​វិហារ​កាតូលិក​សតវត្ស​ទី ១២ នេះ​ឡើងវិញ​ត្រឹម​ឆ្នាំ ២០២៤ ពោលគឺ​ឆ្នាំ​ដែល​ក្រុងប៉ារីស​រៀបចំ​កីឡា​អូឡាំពិក​។ 
 
​ដោយឡែក​ខាង​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​នៅ​បន្ត​ពិនិត្យ​ការខូចខាត និង ព្យាយាម​រក​វិធី​ទប់​សំណង់​អាគារ​កុំ​ឲ្យ​បែកបាក់​ចាប់ពី​ថ្ងៃ​ចន្ទ​ដែល​ករណី​ឆាបឆេះ​កើតឡើង​ដែល​បណ្តា​លបាក់​កំពូល​វិហារ និង​ខូចខាត​អស់​ដំបូល​។ ចំណែក​ខាង​ក្រុម​ស៊ើបអង្កេត​សន្និដ្ឋានថា ករណី​ឆាបឆេះ​នេះ​អាច​ទាក់ទិន​នឹង​ការ​ការកែលម្អរ​ជាថ្មី​នៃ​វិហារ​នេះ​។ 
 
​យ៉ាងណាក៏ដោយ ការ​រៃអង្គាស​លុយ​ដើម្បី​ជួសជុល​សំណង​វិហារ Notre Dame នេះ​រង​ការរិះគន់​ពី​ប្រជាជន​បារាំង​ខ្លាំង​ដែរ​។ គេ​និយាយថា ថវិកា​ទាំងនោះ​គួរ​យកទៅ​ចំណាយ​លើ​កន្លែង​ណា​ដែល​ខ្វះខាត​ជាង​នេះ​ជាពិសេស​វិហារ​តូចៗ​ដែល​ខ្វះ​លុយកាក់ និង​អ្នកក្រខ្សត់​ជាដើម​។  
 
​តាមពិតទៅ វិហារ Notre Dame ជា​សំណង់​ដ៏​ចំណាស់​បំផុត​មួយ​នៅ​បារាំង ដោយ​ត្រូវបាន​សាងសង់ឡើង​ដំបូង​ចុង​សតវត្ស​ទី ១២ ខណៈដែល​អ្នកប្រវត្តិសាស្ត្រ​ភាគច្រើន​ចាត់ទុក​ឆ្នាំ ១១៦៣ ជា​ឆ្នាំ​ដែល​ចាប់ផ្តើម​សាងសង់ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ១៣៤៥​។ នៅ​សវ​ត្ស​ទី ១៩ កំពូល​កណ្តាល​របស់​វិហារ​នេះ​ត្រូវបាន​សង់​ឡើង​ក្រោម​គម្រោង​ស្ដារឡើងវិញ​ដោយ​ការជំរុញ​ពី​រឿង​ប្រលោមលោក​របស់លោក Victor Hugo « The Hunchback of Notre-Dame» ក្នុង​ឆ្នាំ ១៨៣១​។​៕
 

Tag:
 Notre-Dame
  បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com