ជាតិ
សម្ដេច ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជិះ​រថភ្លើង​រួមគ្នា នៅ​ថ្ងៃទី​២២ មេសា​
18, Apr 2019 , 3:14 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជិះ​រថភ្លើង​រួមគ្នា ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២២ មេសា​។ ភាគី​កម្ពុជា​-​ថៃ កំពុង​រៀបចំ​របៀបវារៈ និង​ដំណើរការ​កម្មវិធី​រប​ស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​នេះ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


 
​ក្រៅពី​គម្រោង​ជិះ​រថភ្លើង​រួមគ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ​នេះ ភាគី​ទាំងពីរ​ក៏មាន​របៀបវារៈ​រួមគ្នា​ដែរ ដោយ​ក្នុងនោះ​រួមមាន ទី​១ ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)  ទី​២ ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​ទី​៣ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) អំណោយ​របស់​រដ្ឋាភិបាល​ថៃ ជូន​រដ្ឋាភិបាល​កម្ពុជា​។​
 
​ចំណុច​ខាងលើនេះ ត្រូវ​បានរៀបចំ​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពី​ការត្រៀម​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ជូន​សម្ដេច ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បញ្ជាការដ្ឋាន​កង​អង្គរក្ស រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​
 
​ទាក់ទង​នឹង​ការបើក​ច្រក​ស្ទឹង​បត់​ឲ្យ​ដំណើរការ អាជ្ញាធរ​នឹងមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ច្រក​ប៉ោយប៉ែត​ទៀតឡើយ ដោយ​ទុក​សម្រាប់​ភ្ញៀវទេសចរ​ធ្វើដំណើរ​។ នេះ​បើតាម​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មី​កន្លងមក​ថា ក្នុង​មួយថ្ងៃ​រថយន្ត​ដឹកទំនិញ​ប្រមាណ ២០០​គ្រឿង​បាន​ឆ្លងកាត់​ច្រក​ប៉ោយប៉ែត​។​
 
​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​នេះ គ្រោង​បញ្ចប់​ការស្ថាបនា​នៅ​ឆ្នាំ​២០២០ ដែល​ច្រក​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​សម្រួល​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និង​ថៃ ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ច្រក​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ន ។ ជាពិសេស​រថយន្ត​ដឹកទំនិញ នឹង​តម្រូវ​ឲ្យ​ឆ្លងកាត់​ច្រក​ថ្មី​នេះ ដើម្បី​ពិនិត្យ​បំពេញ​សំណុំបែបបទ​ផ្លូវការ និង​បង់​ពន្ធគយ​។​
 
​ស្ពាន​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងឆ្នាំ​២០១៧ ក្រោយពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​បើក​ច្រក​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នៃ​ចក្រ​ស្ទឹង​បត់​នេះ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ៕
 

Tag:
 ហ៊ុន សែន​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com