កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp មិនខ្លាច Messi ឡើយ តែរីករាយទៅវិញ ដែល Liverpool ត្រូវជួប Barcelona
× អ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp រីករាយនឹងការជួបគ្នាជាមួយ Barcelona ដោយមិនព្រួយបារម្ភពីកីឡាករឆ្នើម Lionel Messi ឡើយសម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។
ក្រុមពីក្របខណ្ឌ Premier League នេះបានយកឈ្នះ FC Porto ៤-១ នាការប្រកួតជើងទី២ និងសរុបលទ្ធផលទាំងពីរជើង ៦-១ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រដើម្បីបន្តទៅវគ្គបន្ត ។
គូប្រជែងរបស់ហង្សក្រហមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមយក្សអេស្ប៉ាញ Barcelona ដែលបានទម្លាក់ Manchester United ដោយលទ្ធផលទាំងពីរជើង ៤-០។ Messi ជាបុគ្គលលេចធ្លោជាងគេក្នុងការបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហមនៅត្រឹមវគ្គ៨ក្រុមចុងក្រោយ តាមរយៈការស៊ុតចូលទី២គ្រាប់ម្នាក់ឯងក្នុងជំនួបជើងទី២។
បើទោះយ៉ាងនេះក្តី លោក Klopp បានលើកឡើងពីខ្សែបម្រើសញ្ជាតិអាហ្សង់ទីនដែលបានស៊ុតបញ្ចូលទី៤៥គ្រាប់រដូវកាលនេះថាលោកមានពេលគ្រប់គ្រាន់ក្នុងការរកវិធីសាស្ត្របិទកីឡាកររូបនេះបាន។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៥១ឆ្នាំបាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖«សូមអរគុណព្រះ យើងលេងជាមួយក្រុម Barcelona យើងមិនគិតច្រើនទេ ហើយយើងពិតជារីករាយណាស់ដែលលេងជាមួយពួកគេ»។
Klopp បន្ថែមថាលោកពិតជារំភើបណាស់ក្នុងការប្រជែងជាមួយ Barca ដ្បិតលោកមានពេលច្រើនដើម្បីរៀបជើងព្រួលសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២នេះ។
Livrpool ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រពានកំពូលអឺរ៉ុបនេះរដូវកាលមុន មានសមាសភាពខ្សែការពារដ៏រឹងមាំ ក្រៅពីពួកគេមានខ្សែបម្រើ និងប្រយុទ្ធយ៉ាងមុតស្រួចរួចហើយនោះ។ ខ្សែការពារលេចធ្លោទាំង៤រូបរបស់ Liverpool បច្ចុប្បន្នមានដូចជាស្លាបស្តាំ Trent Alexander-Arnold ស្លាបឆ្វេង Andrew Robertson កណ្តាល Joël Matip និង Virgil van Dijk។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Barcelona នឹងបើកទ្វារកីឡដ្ឋាន Nou Camp ដើម្បីទទួល Liverpool ក្នុងជំនួបជើងទីមួយ នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
UEFA Champions League
Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com