កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola មិនទាន់​ស្ងប់​ឡើយ ក្រោយ VAR ជួយ Spurs ប្រហារ Man City
18, Apr 2019 , 4:02 pm        
រូបភាព
​លោក Pep Guardiola សារភាពថា​លោក​ពិតជា​សោកស្តាយ​ស្ទើរតែ​បោក​ខ្លួន​ទៅហើយ​បន្ទាប់ពី Manchester City ធ្លាក់​ចេញពី​ក្របខណ្ឌ Champions League ក្រោម​ស្នាដៃ​ក្រុម Tottenham Hotspur នៅត្រឹម​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-៤​។​


 
​លោក Pep បាន​បរាជ័យ​ក្នុង​ការនាំ Man City ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​ដោយសារ​ក្រុម​ពី​អង់គ្លេស​ដូចគ្នា​២​រដូវ​កាល​ជាប់​គ្នា ក្នុងចំណោម​ការដឹកនាំ​របស់លោក​៣​រដូវ​កាល​មកនេះ​។​
 
​កាលពី​រដូវ​កាល​មុន​ក្រុម​មេឃ​ខៀវ​ធ្លាក់​ដោយសារ Liverpool ក្នុង​លទ្ធផល​ប្រកួត​ទាំងពីរ​ជើង ៥-១ ក្នុងនោះ​ចាញ់​នៅ​ជើង​ទី​១​ក្រៅ​ដី ៣-០ និង​បរាជ័យ​ជើង​ទី​២​ក្នុងផ្ទះ​ខ្លួនឯង ២-១​។​
​ប៉ុន្តែ​សម្រាប់​បរាជ័យ​នៅ​រដូវ​កាល ២០១៨-១៩ នេះ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ដ្បិត​ក្រុម​លោក​បង្ហាញ​ទម្រង់​លេង​បានល្អ​ជាង​គូប្រជែង មិន​ដូច​ពេល​ប៉ះ Liverpool កាលពី​ឆ្នាំមុន​ឡើយ​។​
 
​ខ្សែបម្រើ Raheem Sterling បាន​ខកខាន​ឱកាស​រក​គ្រាប់​បាល់​ឲ្យ Man City ដោយសារ VAR ដល់​ទៅ​ពីរដង ខណៈ Spurs ឈានទៅ​វគ្គ​បន្ត​ដោយ​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី ៤-៤​។ នៅ​ជើង​ទី​១ Spurs ឈ្នះ​ក្នុង​ដី​ខ្លួនឯង​១-០ និង​ជើង​ទី​២ Man City ឈ្នះ ៤-៣ ដោយ​របូត​៣​គ្រាប់​ក្នុង​ដី​។​
 
«​វា​ជា​គ្រោះអាក្រក់​របស់​ក្រុម នេះ​ជា​លទ្ធផល​ឃោ​ឃៅ​បំផុត​សម្រាប់​ខ្ញុំ ប៉ុន្តែ​យើង​ត្រូវតែ​ទទួលយក​។ យើង​បាន​ប៉ះគ្នា​ច្រើនលើក​មកហើយ​ជាមួយ Spurs នៅ Premier League ដែល​លទ្ធផល​គឺ​ស្ថិតក្នុង​ដៃ​យើង​តែម្តង ប៉ុន្តែ​នៅ UCL វា​ពិតជា​លំបាក​»​។ នេះ​ជាការ​លើកឡើង​របស់ Pep ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​។ អតីត​អ្នកចាត់ការ Barcelona រូបនេះ​បន្ថែមថា​លោក​ពិតជា​សោកស្តាយ​នឹង​លទ្ធផល​នេះ ប៉ុន្តែ​លោក​មាន​មោទកភាព​ចំពោះ​កីឡាករ និង​អ្នកគាំទ្រ Man City​។​
 
​ជុំវិញ​គ្រាប់​បាល់​របស់ Fernando Llorente លោក Pep បាន​លើកឡើងថា​៖ «​ខ្ញុំ​គាំទ្រ VAR ប៉ុន្តែ​ប្រហែលជា ការមើល​នៅ​មុម​ម្ខាង យើង​ឃើញ Llorente ប៉ះ​ដៃ ប៉ុន្តែ​នៅ​មុម​ខាង​អាជ្ញាកណ្តាល មើលមិនឃើញ​ឡើយ​»​។​
 
នៅ​នាទី​បន្ថែម Sterling អបអរ​គ្រាប់​បាល់ Hat-trick របស់ខ្លួន​ទៅហើយ ប៉ុន្តែ VAR បាន​បង្ហាញថា Aguero ស្ថិតក្នុង​ជំហរ Offside ដែល​ធ្វើ​ឲ្យ Spurs រក្សា​ការ​មានប្រៀប​ក្នុងការ​ប្រកួត​ទាំងពីរ​ជើង​។​
 

Tag:
 ​បាល់ទាត់​
  UEFA Champions League
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com