អន្តរជាតិ
កូរ៉េខាងជើង ទាមទារ​ឲ្យ​ដក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចេញពី​តុ​ចរចា​
18, Apr 2019 , 9:39 pm        
រូបភាព
លោក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃលោក​ គីម ជុងអ៊ុន នាជំនួបកន្លងមក។ រូបភាព KCNA
លោក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃលោក​ គីម ជុងអ៊ុន នាជំនួបកន្លងមក។ រូបភាព KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៨ ខែមេសា បានទាមទារ​ឲ្យ​អាមេរិក​ដក​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ចេញពី​តុ​ចរចា​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង​ចោទ​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ថា ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ការជជែក​គ្នា ហើយ​វត្តមាន​របស់លោក​ក្នុងពេល​ចរចា នឹងធ្វើ​ឲ្យ​ការចរចា​កាន់តែ​យ៉ាប់យ៉ឺន​។ លោក ប៉ុ​ម​ប៉េ​អូ ជា​តួអង្គ​សំខាន់​មួយ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​លើ​ការរំសាយ​នុយក្លេអ៊ែរ​។​

 
​កូរ៉េខាងជើង បានបង្ហាញ​ការខឹង​សម្បារ​របស់ខ្លួន​ដាក់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​ស្នើ​ឲ្យ​ដក​រូបលោក​ចេញពី​ការចរចា​។ ដោយ​ចោទ​លោក ប៉ុ​ម​ប៉េ​អូ ជា​មនុស្ស​ព្រហើន និង​គ្មាន​គំនិត​ចាស់ទុំ មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​និយាយថា កូរ៉េខាងជើង​ចង់បាន​មន្ត្រី​ផ្សេង​ដើម្បី​ជជែក​គ្នា​រឿង​រំសាយ​នុយក្លេអ៊ែរ​ក្នុងករណី​ដែល​ការចរចា​ចាប់ផ្ដើម​ឡើងវិញ​។ នេះ​មិនមែនជា​លើកទីមួយ​ដែល​កូរ៉េ​ខាង​ជើ វាយប្រហារ​លោក ប៉ុ​ម​ប៉េ​អូ ចំៗ​បែបនេះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក Kwon Jong Gun អគ្គនាយក​កិច្ចការ​អាមេរិក​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង អះអាងថា បើ​លោក ប៉ុ​ម​ប៉េ​អូ បន្ត​ស្ថិតក្នុង​ការចរចា​ទៀត​នោះ តុ​ចរចា​នឹង​ជួប​បញ្ហា​ជា​ដដែល និង​ចោទ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថា ឈរ​ពាំង​ផ្លូវការ​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​តាមរយៈ​គំនិត​លាក់បាំង​របស់ខ្លួន​។ ជំនួស​លោក ប៉ុ​ម​ប៉េ​អូ មន្ត្រី​កូរ៉េខាងជើង​រូបនេះ​ចង់បាន​មន្ត្រី​ដែលមាន​ជំហរ​ប្រយ័ត្នប្រយែង និង​មានគំនិត​ចាស់ទុំ​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុង​ព្យុងយ៉ាង​។​
 
​សូម​រំឭកថា លោក ប៉ុ​ម​ប៉េ​អូ ជា​មេក្រុម​ចរចា​របស់​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ ហើយ​ដៃគូ​នៅ​ទីក្រុង​ព្យុងយ៉ាង គឺ​លោក គីម យ៉ុង​ឈុ​ល មន្ត្រី​ជំនិត​លោក គីម ។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បាន​ទៅកាន់​កូរ៉េខាងជើង​បី​បួន​លើក​ដើម្បី​ស្វែងរក​ច្រកចេញ​នៃ​សំណុំរឿង​រ៉ាំរ៉ៃ​នេះ ហើយ​បាន​បើកផ្លូវ​ដល់​ជំនួប​មេដឹកនាំ​ចំនួន​ពីរលើក​ផង​។ ប៉ុន្តែ​សម្ដី​ប៉ុន្មាន​ម៉ាត់​ទាក់ទង​លោក គីម ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​សប្បាយចិត្ត និង​ទាមទារ​ឲ្យ​ដក​លោក​ចេញពី​ការចរចា​តែម្ដង​។​
 
​កាលពី​សប្ដាហ៍​មុន លោក ប៉ុ​ម​ប៉េ​អូ ទទួលស្គាល់​ចំពោះមុខ​សមាជិកសភា​អាមេរិក​ថា លោក គីម ជា​មេដឹកនាំ​ផ្ដាច់ការ​។ សម្ដី​នេះហើយ​ដែល​លោក Kwon អះអាងថា ជាការ​មើលងាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្ដីថ្លៃថ្នូរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែល​ចំណាយពេល​ជួប​លោក ប៉ុ​ម​ប៉េ​អូ នាពេល​កន្លងទៅ​។ ការនិយាយ​រិះគន់​ដោយផ្ទាល់​លើ​លោក គីម បែបនេះ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​សម្រាប់​កូរ៉េខាងជើង ដែល​ត្រកូល គីម ត្រូវបាន​គោរព​ខ្លាំង​បំផុត​នោះ​។​
 
​ការទាមទារ​របស់​កូរ៉េខាងជើង​នេះ ទំនង​លទ្ធភាព​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​មាន​ភាគរយ​តិច ប៉ុន្តែ​ការទាមទារ​នេះ​អាចជា​ការសម្រេចចិត្ត​បែប​យុទ្ធសាស្ត្រ​មួយ​ផង​។ តាមពិតទៅ កូរ៉េខាងជើង រីករាយ​នឹង​ការជជែក​ដោយផ្ទាល់​ជាមួយ​លោក ត្រាំ ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ជាជាង​ការឆ្លងកាត់​មន្ត្រី​បច្ចេកទេស​ច្រើន​។ នេះ ក៏​ព្រោះតែ​ក្រុង​ព្យុងយ៉ាង​យល់ថា លោក ត្រាំ ងាយស្រួល​បញ្ចុះបញ្ចូល​ដោយសារ​មិនសូវមាន​បទពិសោធ​ការទូត​ផង​៕  
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com