សង្គមអន្តរជាតិ​
អន្តរជាតិ
តារាចម្រៀង​តា​ហ្ស៊ី​គី​ស្ថាន រង​ពិន័យ​ដោយសារ​ជប់លៀង​ខួបកំណើត​ជាមួយ​មិត្តភក្តិ​
19, Apr 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
Firuza Hafizova អាយុ​៣៣​ឆ្នាំ ជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ដោយ​ឃ្លី​ប Youtube របស់​នាង មាន​ការចូល​ទស្សនា​រាប់លាន​ដង​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ រដ្ឋអាជ្ញា​នៅ​ក្រុង Dushanbe បាន​អះអាងថា នាង​ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៥៣០​ដុល្លារ​អាមេរិក ដោយសារតែ​នាង​រៀបចំ​ពិធីជប់លៀង​ជាមួយ​មិត្តភក្តិ ដែល​មិនមែនជា​សមាជិកគ្រួសារ​របស់ខ្លួន​។​

 
​ច្បាប់​ស្តីពី​ការអបអរ​លក្ខណៈ​ឯកជន​នៅ​តា​ហ្ស៊ី​គី​ស្ថាន ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​២០០៧ ដោយ​រឹតត្បិត​ការចំណាយ និង​ការអបអរសាទរ​ផ្សេងៗ នា​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេងៗ នៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ ។​
 
Hafizova ត្រូវបាន​រង​ការចោទប្រកាន់ថា បាន​រំលោភ​លើ​ច្បាប់​ដោយ​នាង​រំលង​ក្រុមគ្រួសារ បែរជា​ទៅ​ជប់លៀង​ជាមួយ​មិត្តភក្តិ​ទៅវិញ​។ រដ្ឋអាជ្ញា​ក្រុង Dushanbe បានសម្រេច​ពិន័យ​នាង​ជា​ទឹកប្រាក់​ចំនួន​៥៣០​ដុល្លារ​អាមេរិក​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​រិះគន់​បាន​កត់សម្គាល់ថា ច្បាប់​នេះ​មិនមែនជា​ការលើកតម្កើង​ប្រពៃណី​វប្បធម៌​អ្វី​នោះឡើយ តែ​ជាការ​ជំរុញ​ឲ្យ​មាន​អំពើពុករលួយ​របស់​ម​ន្ត្រី ដោយ​ការពិន័យ​លើ​តារាចម្រៀង Hafizova ស្មើនឹង​បៀរ​វត្សរ៍​ជាង​២​ខែ​របស់​ពលរដ្ឋ​តា​ហ្ស៊ី​គី​ស្ថាន​ទូទៅ​។​
 
​បើតាម​រដ្ឋអាជ្ញា នាង Hafizova បានរៀបចំ​ពិធី​ខួបកំណើត​នៅផ្ទះ​របស់ខ្លួន​តាំងពី​ថ្ងៃទី​១២ ខែធ្នូ​មកម្ល៉េះ​។ រដ្ឋអាជ្ញា​បានលើកឡើង​ថា តារាចម្រៀង​រូបនេះ គួរតែ​ប្រារព្ធ​ពិធី​ក្នុង​រង្វង់​ក្រុមគ្រួសារ ជាជាង​ការចាយវាយ​ខ្ជីខ្ជា​ជាមួយ​មិត្តភក្តិ​។​
 
Hafizova អាយុ​៣៣​ឆ្នាំ ជា​តារាចម្រៀង​ដ៏​ឈ្មោះ​ម្នាក់ ដោយ​វីដេអូ​របស់​នាង​នៅលើ​បណ្តាញ​សង្គម​វីដេអូ Youtube មាន​ការចូល​ទស្សនា​ជាង​១​លាន​ដង​ឯណោះ​។​
 
​កាលពី​ឆ្នាំ​២០១៥ បុរស​ម្នាក់​ក៏ត្រូវ​បាន​ពិន័យ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រហាក់ប្រហែលគ្នា​ផងដែរ ក្រោយ​គាត់​បានរៀបចំ​ពិធីជប់លៀង​ដ៏​គគ្រឹកគគ្រេង​ជាមួយ​មិត្តភក្តិ​នៅក្នុង​រង្គសាល​មួយកន្លែង​។ ករណី​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ដឹង​ដោយសារតែ សា​ម៉ី​ខ្លួន និង​មិត្តភក្តិ​បង្ហោះ​នំ​ខេ​ក និង​សកម្ម​ភាពសប្បាយៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​រដ្ឋាភិបាល​តា​ហ្ស៊ី​គី​ស្ថាន ដែល​ដឹកនាំ​ដោយ​លោក Emomali Rakhmom តាំងពី​ឆ្នាំ​១៩៩២​មក​នោះ តែងតែ​ឃ្លាំមើល​សកម្មភាព​តារា​ល្បីៗ ជាពិសេស​តារាចម្រៀង ដោយ​តម្រូវ​ឲ្យ​ពួកគេ​គោរព​នូវ​អ្វី​ដែលជា​ស្មារតី​ជាតិ និង​គាំទ្រ​រដ្ឋាភិបាល​។​
 
​កាលពីដើមឆ្នាំ អាជ្ញាធរ​ពន្ធដារ​បស់​តា​ហ្ស៊ី​គី​ស្ថាន បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​តារា​ល្បីៗ​ជាង​១០០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​គេចវេស​មិន​បង់ពន្ធ​ជូន​រដ្ឋ​។ ភាគច្រើន​ក្នុងចំណោម​ពួកគេ មិនបាន​ប្រកាស​ពី​ចំណូល​ដែល​ទទួលបាន​ពេល​ឡើង​ច្រៀង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​៕

Tag:
 ​តា​ហ្ស៊ី​គី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com