ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​ប្រដាល់ ជា រិ​ទ្ធ សន្យា​ធ្វើ​ឲ្យ គង់ សំបូរ លេចធ្លោ​ឡើងវិញ ក្រោយ​ឈ្នះ​ពាន​នៅ Khmer Fight
18, Apr 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី   
 
​គ្រូបង្វឹក​ប្រចាំ​ក្លិប​អាណាចក្រ​ប្រយុទ្ធ លោក ជា រិ​ទ្ធ សន្យា​ជួយ​ជ្រោមជ្រែង គង់ សំបូរ ឲ្យ​ឈានដល់​កម្រិត​កំពូល​ឡើងវិញ​ជាពិសេស​ធ្វើ​ឲ្យ​រូបគេ​លេចធ្លោ​ក្នុងការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​កីឡាករ​វ័យ ២៣ ឆ្នាំ​ឈ្នះ​ពាន​ក្នុង​កម្មវិធី Khmer Fight ដែល​រៀបចំ​នៅ​ខេត្តព្រៃវែង​ក្នុងឱកាស​អបអរសាទ​រ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ កាល​ថ្ងៃទី ១៤ ខែមេសា​។

 
​គង់ សំបូរ ឈ្នះ​ពាន​នៅ​កម្មវិធី​ខ្មែរ Khmer Fight បន្ទាប់ពី ឈ្នះ ពុ​យ វណ្ណៈ​ដោយ​ពិន្ទុ​។ ការ​វ៉ៃ​ដណ្ដើមពាន​នេះ ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ជើងឯក​ប៉ះ​ជើងឯក ពោល សំបូរ ជា​ជើងឯក​ខ្សែក្រវាត់ Tiffy ឆ្នាំ ២០១៣ ហើយ វណ្ណៈ ជា​ជើងឯក Tiffy ឆ្នាំ ២០១៨​។ ក្រៅពី​ទទួលបាន​ពាន ១ សំបូរ ទទួលបាន​ប្រាក់រង្វាន់ ៤០០ ដុល្លារ​សហរដ្ឋអាមេរិក​។ 


 
​គ្រូបង្វឹក​វ័យ ៣៧ ឆ្នាំ​រូប​គូសបញ្ជាក់​ទៀតថា​៖«​គង់ សំបូរ ឥឡូវ​មិន​ដូច​មុន​ទេ គេ​មានការ​ហ្វឹកហាត់​ខ្លាំងក្លា​ណាស់ បន្ទាប់ពី​រូបគេ​ផ្អាក​ឡើង​សង្វៀន​ជិត ២ ឆ្នាំ​។ ហើយ​ខ្ញុំ​ក៏បាន​ជួយ​រូបគេ​ទាំង​បច្ចេកទេស និង អាហារ​បំប៉ន​នានា​ដើម្បី​បង្កើន​ថាមពល​។ ខ្ញុំ​សរសើរ​បច្ចុប្បន្ន​ដាក់ចិត្ត​ដាក់​កាយ​ហ្វឹកហាត់​ណាស់ និង មានកម្ម​វិធី​ហាត់​ដ៏​ត្រឹមត្រូវ​ទៀតផង​មិន​ដើរលេង​ផ្ដេសផ្ដាស​។​»
 
​គ្រូបង្វឹក​ដែលមាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ភាសា​អង់គ្លេស រៀបរាប់​ទៀតថា ក្រោយ​ចាញ់ Zhang Chenlong  របស់​ចិន​នៅ​សង្វៀន One Championship   កាល​ខែ កុម្ភៈ នៅ​សិង្ហ​បុរី កូនសិស្ស​របស់ខ្លួន​មាន​កម្រិត​បច្ចេកទេស​កើន​ទ្វេដង​។ ម្យ៉ាងវិញទៀត សំបូរ ជា​កីឡាករ​ប្រដាល់​ឆ្លាត​វៃ​ម្នាក់ ព្រោះ​គេ​ចេះ​វ៉ៃ​ការងារ ចេះ​វ៉ៃ​ដោះ ស្ទាបស្ទង់​គូប្រកួត និង រក្សា​មិន​ឲ្យ​មាន​របួស​ផង ប៉ុន្តែ​វ៉ៃ​យកឈ្នះ​ពិន្ទុ​វា​ជា​រឿង​ល្អ​បំផុត​ហើយ​។ គ្រូបង្វឹក​ដដែល​នេះ​ក៏​រំលឹក​ដល់ កូនសិស្ស​ជារឿយៗ​ដែរ​ថា វា​គ្រាន់តែ​ជា​កីឡា​ប៉ុណ្ណោះ ដូច្នេះ​មិនបាច់​ចង់​ឲ្យ​គូប្រកួត​របួស​លំបាក​ព្យាបាល​នោះទេ​។ 
 
​ចំណែក គង់ សំបូរ វិញ​ក៏បាន​ថ្លែង​ដែរ​ថា​៖ «​ខ្ញុំ​ហាត់​ជាប្រចាំ​ក្រោយ​ផ្អាក​មួយរយៈ​។ ឲ្យ​តែមាន​កម្មវិធី​ប្រកួត ខ្ញុំ​ខំ​ហាត់ និង តម​ការ​ដើរលេង ហើយក៏​ទៅ​ជួប​ប្រពន្ធ​ដែរ​។ ខ្ញុំ​ក៏​តម​អាហារ​ដែរ អាហារ​ណា​ត្រូវ​ញុំ​ា និង អាហារ​ណា​មិនត្រូវ​ញុំ​ា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​»​។​
 
​គួររំលឹកថា គង់ សំបូរ ជា​អតីត​កីឡាករ​ប្រដាល់​នៅ​ក្លិប​ក្រសួងការពារជាតិ មុន​ផ្លាស់​ហ្វឹកហាត់​ជាមួយ​គ្រូ ជា រិ​ទ្ធ នៃ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ជាង ១ ឆ្នាំ​មកនេះ​។  គង់ សំបូរ ឡើង​ប្រកួត​នៅ​សង្វៀន One Championship បាន​ម្ដងគត់​ពេល​ជួប​កីឡាករ​ចិន Zhang Chenlong កាល​ចុងខែ កុម្ភៈ កន្លងទៅ​នៅ​សិង្ហ​បុរី​៕  
 

Tag:
 ​ប្រដាល់​
  គង់ សំបូរ​
© រក្សាសិទ្ធិដោយ thmeythmey.com