អន្តរជាតិ
ក្មេងប្រុសថៃម្នាក់ទទួលបានរង្វាន់លើកទឹកចិត្តក្រោយចេញមុខសម្អាតប្រឡាយទឹកស្អុយ រូបភាព៖ The Thaiger
× ក្មេងប្រុសថៃម្នាក់ ទទួលរង្វាន់លើកទឹកចិត្ត ក្រោយបង្កើតជាគំរូដ៏ល្អសម្រាប់សហគមន៍ខ្លួន ដោយស្ម័គ្រចិត្តប្រមូលសំរាមក្នុងប្រឡាយទឹកស្អុយ។ រង្វាន់លើកទឹកចិត្តនោះ គឺមានដូចជា សញ្ញាបត្រ និងអាហារូបករណ៍។
ក្មេងប្រុសអាយុ៨ឆ្នាំរូបនេះ ឈ្មោះថា Kosin Ta-ngam រស់នៅក្នុងក្រុង Patong នៃខេត្ត ភូកេត (Phuket) ដែលមានចម្ងាយ៨៦០គីឡូម៉ែត្រពីរាជធានី បាងកក ។ ក្មេងប្រុសនេះ ចាប់ផ្តើមប្រមូលសំរាមពីប្រឡាយទឹកស្អុយ Pak Bang និងតាមបណ្តោយឆ្នេរ Patong ចាប់តាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ។ បច្ចុប្បន្ននេះ ក្មេងប្រុស Kosin រស់នៅជាមួយជីដូនដែលមើលថែរូបគេតាំងពីវ័យកុមារ និងសាច់ញាតិដទៃទៀត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thethaiger.com ស្នងការប៉ូលិសក្រុង Patong លោក Anothai Jindamanee បានប្រគល់សញ្ញាបត្រ អាហារូបករណ៍ និងអាវការពារជីវិត ជារង្វាន់លើកទឹកចិត្តចំពោះក្មេងប្រុស Kosin កាលពីថ្ងៃអង្គារទី ១៦ មេសា។ គោលបំណងនៃការផ្តល់រង្វាន់នេះ គឺដើម្បីបង្ហាញពីគំរូដ៏ប្រសើរសម្រាប់សហគមន៍នេះទាំងមូល ដោយសារក្មេងប្រុសរូបនេះ មានភាពសកម្មក្នុងការសម្អាតទីក្រុង។
សូមបញ្ជាក់ថា ប្រឡាញទឹក Pak Bang ដែលហូរកាត់ពីទីក្រុង Patong ចូលទៅក្នុងឆ្នេរនោះ ត្រូវមើលឃើញថា ទឹកមានលក្ខណៈខ្មៅខ្លាំង និងពោរពេញដោយសំរាមក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ មនុស្សជាច្រើននៅតំបន់នេះ បានសន្យាសម្អាតប្រឡាយទឹកស្អុយនេះឲ្យស្អាត ប៉ុន្តែមកទល់ពេល នេះ ប្រឡាយនេះនៅតែជាផ្លូវទឹកដ៏កខ្វក់បំផុតមួយ ដែលហូរឆ្លងកាត់ទីក្រុងទេសចរណ៍ដ៏សំខាន់របស់ថៃ ភូកេតដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com