អាជ្ញាធរ​ព្រះសីហនុ​បំភ្លឺថា ការរុះរើ​ខ្ទម​ជាង​៦០០​ខ្នង ព្រោះ​ពលរដ្ឋ​សង់​លើដី​អ្នកដទៃ​
ជាតិ
សង្គមជាតិ
អាជ្ញាធរ​ព្រះសីហនុ​បំភ្លឺថា ការរុះរើ​ខ្ទម​ជាង​៦០០​ខ្នង ព្រោះ​ពលរដ្ឋ​សង់​លើដី​អ្នកដទៃ​
19, Apr 2019 , 10:32 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបភាពពីទំព័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
​កម្លាំង​អាជ្ញាធរ បាន​ចុះទៅ​រុះរើ​ខ្ទម​ជាង​៦០០​ខ្នង ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​។ លើសពីនេះ មាន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ត្រូវ​ឃាត់ខ្លួន ដោយ​អះអាងថា ពួកគេ ជា​មេខ្លោង ដែល​នាំ​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​និង​បំផុសបំផុល​ឲ្យ​បិទផ្លូវ​។​


 
​ពេល​អាជ្ញាធរ​ចុះទៅ​រុះរើ​សំណង់​និង​ខ្ទម​ទាំងនោះ ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ ក៏​នាំគ្នា​ទៅ​តវ៉ា និង​មាន​អ្នកខ្លះ​បាន​យក​ដើមឈើ ទៅ​ដាក់​លើផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ភូមិ​ចំណោត​រាម​។ ប៉ុន្តែ ក្រោយមក សមត្ថកិច្ច បាន​សម្រួល​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​។   
 
​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដើម្បី​បកស្រាយ​ពី​ចំណាត់ការ​របស់ខ្លួន​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ហៅ​ខ្ទម​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ថា​ជា​ខ្ទម​អនាធិបតេយ្យ ដែល​សាងសង់ឡើង​លើដី​ដែលមាន​កម្ម​សិ​ទិ្ធ​ស្របច្បាប់​។ 
 
​រដ្ឋបាលខេត្ត អះអាងថា ប្រជាពលរដ្ឋ​មកពី​តំបន់​នានា​ ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ព្រះសីហនុ បាននាំគ្នា​​​លួច​សាងសង់​លំនៅដ្ឋាន​ដោយ​ខុសច្បាប់ កាលពីពេលថ្មីៗនេះ​។ រដ្ឋបាលខេត្ត បន្តថា អាជ្ញាធរ បាន​ចុះទៅ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ជាច្រើនលើក​មកហើយ ឲ្យ​រុះ​រើ​សំណង់​ និង​ខ្ទម​របស់​ពួកគេ ប៉ុន្តែ​ពួកគេ មិន​ព្រមស្តាប់​។ 
 
​រដ្ឋបាលខេត្ត សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅតែ​រក្សា​ជំហរ​យ៉ាង​ម៉ឹងម៉ាត់ ក្នុងការ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ​និង​កម្មសិទ្ធិឯកជន​ស្របច្បាប់ ដោយ​អនុវត្ត​វិធានការ​ច្បាប់ ទប់ស្កាត់​អំពើ​អនាធិបតេយ្យ​ទាំងឡាយ ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កចលាចល​សង្គម​»​។​
 
​រដ្ឋបាលខេត្ត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខាងលើ បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន ហើយ​ឈប់​ជឿ​តាម​ការឃោសនា ​និង​ការ​ញុះញង់​របស់​ពួក​មេខ្យល់​។ 

យ៉ាងណាក៏ដោយ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ មានអ្នកខ្លះ លើកឡើងថា ពួកគេ បានទិញដីនៅទីនោះ ហើយបានសង់លំនៅដ្ឋានពី១ឆ្នាំ ទៅ២ឆ្នាំមកហើយ។ តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ពួកគេ បានស្រែកយំ និងសុំឲ្យសម្តេចនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍៕ 

Tag:
 ជម្លោះដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com