កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ Arsenal ឡើងទៅ​ប៉ះ Valencia ខណៈ Chelsea ជួប Eintracht Frankfurt វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
19, Apr 2019 , 11:00 am        
រូបភាព
​ក្រុម​ពី​អង់គ្លេស Arsenal និង Chelsea រួមទាំង​ក្រុម​ពី​អាល្លឺម៉ង់ Eintracht Frankfurt និង​អេ​ស្ប៉ា​ញ Valencia បាន​បន្តទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Europa League ក្រោយ​ប្រកួត​គ្នា​ស៊ីសង​គ្នា​ទាំងពីរ​ជើង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​


 
​ក្រុម​កាំភ្លើង​ធំ Arsenal នៅតែ​បន្ត​ជ័យជម្នះ​លើ​គូប្រជែង​ដែលជា​ក្រុម​ខ្លាំង Napoli ១-០ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Alexandre Lacazette សម្រាប់​ជំនួប​ជើង​ទី​២​នៅ​រាត្រី​ថ្ងៃទី​១៨ ខែមេសា បន្ទាប់ពី​ពួកគេ​ឈ្នះ​ជើង​ទី​១​នៅ​ទឹកដី Emirates ២-០ រួចហើយនោះ​។ សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង Arsenal ឈ្នះ​ក្រុម​ពី​អ៊ីតាលី Napoli ៣-១​។​


 
​ក្រុម​ពី Premier League មួយទៀត Chelsea ក៏បាន​រក្សា​ជ័យជម្នះ​របស់ខ្លួន​ទាំងពី​ជើង​ដូចគ្នា​ដោយ​បន្ត​យកឈ្នះ Slavia Prague ៤-៣ នៅ​ទឹកដី Stamford Bridge ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ​។ កាលពី​ជើង​ទី​១​ក្រុម​តោ​ខៀវ​ឈ្នះ​ក្រុម​ពី​សាធារណរដ្ឋ​ឆែក ១-០ ដូច្នេះ​សរុប​ទាំងពីរ​ជើង Chelsea ឈ្នះ Slavia Prague ៥-៣​។​
 
​ដោយឡែក Eintracht Frankfurt អាច​បន្តទៅ​កាន់​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ Befica ២-០ សម្រាប់​ជំនួប​ជើង​ទី​២ ក្នុង​ទឹកដី​ខ្លួន​។ កាលពី​ជើង​ទី​១ ក្រុម​ពី​អាល្លឺម៉ង់​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ពី​ព័រ​ទុយ​ហ្គា​ល់ ៤-២ ដូច្នេះ​សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង​ក្រុម​ទាំងពីរ​មាន​គ្រាប់​បាល់​ស្មើគ្នា ៤-៤ ប៉ុន្តែ Eintracht Frankfurt មានប្រៀប​ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​ដល់​ទៅ​២​គ្រាប់ (away goal)​។​
 
​ចំណែក​ក្រុម​ពី​អេ​ស្ប៉ា​ញ Valencia ក៏​ឈ្នះ​ទាំងពីរ​ជើង​លើ​ក្រុម Villarreal មកពី La Liga ដូចគ្នា​ក្រោយ​បន្ត​ឈ្នះ​នៅ​ជើង​ទី​២ ក្នុង​លទ្ធផល ២-០​។ កាលពី​ជើង​ទី​១ នៅ​ទឹកដី Villarreal នោះ Valencia ឈ្នះ ៣-១​។ 
 
​ដូច្នេះ​នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​នេះ Arsenal ត្រូវ​ជួប Valencia រីឯ Chelsea ប៉ះ Eintracht Frankfurt ដើម្បី​ប្រជែង​គ្នា​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Olympic Stadium ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ នៅ​រាត្រី​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com