អន្តរជាតិ
បោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី៖ លោក វីដូដូ និងគូប្រជែងប្រកាសឈ្នះដូចគ្នា លោក ចូកូ វីដូដូ និងដៃគូអនុប្រធានាធិបតីរបស់លោក។ (រូបភាព AFP)
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៨ ខែមេសា បានប្រកាសពីជោគជ័យរបស់ខ្លួនក្នុងការបោះឆ្នោតថ្ងៃទី១៧ ខែមេសា និងបន្តដឹកនាំប្រទេសប្រជាធិបតេយ្យធំទីបីរបស់ពិភពលោករយៈពេល៥ឆ្នាំទៀត។ ប៉ុន្តែគូប្រជែងរបស់លោក គឺឧត្តមសេនីយ៍ចូលនិវត្តន៍ ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ក៏តាំងខ្លួនជាអ្នក ឈ្នះដូចគ្នាដែរ និងបានអះអាងពីការបន្លំដ៏ច្រើនករណី ហើយត្រៀមប្ដឹងជំទាស់ បើលោក វីដូដូ ពិតជាឈ្នះការបោះឆ្នោតមែន។
ស្ថានការណ៍ក្រោយការបោះឆ្នោតនៅឥណ្ឌូណេស៊ីនៅឆ្នាំ២០១៤ បានវិលត្រឡប់មកជាថ្មីនៅឆ្នាំ២០១៩ នេះ។ ៥ឆ្នាំមុន លោក ចូកូ វីដូដូ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី ហើយគូប្រជែងចាញ់ឆ្នោត ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ក៏តវ៉ា។ ៥ឆ្នាំក្រោយ លទ្ធផលមិនផ្លូវការបង្ហាញថា លោក វីដូដូ នៅតែឈ្នះលោក សូប៊ីយ៉ាន់តូ ទៀត។
បើតាមលទ្ធផលមិនផ្លូវការដែលប្រមូលបានក្រោយការរាប់សន្លឹកឆ្នោតភា្លមៗ លោក វីដូដូ ទទួលបានការគាំទ្រចំនួន៥៥ភាគរយ ទល់នឹងសំឡេងគាំទ្រ៤៥ភាគរយរបស់លោក សូប៊ីយ៉ាន់តូ ។ លោក វីដូដូ ក៏ប្រកាសជោគជ័យសម្រាប់ការបោះឆ្នោតនេះ ប៉ុន្តែបានស្នើឲ្យអ្នកគាំទ្ររបស់លោករង់ចាំលទ្ធផលផ្លូវការសិន។ ការប្រកាសលទ្ធផលផ្លូវការ នឹងត្រូវធ្វើឡើងនៅខែឧសភាឯណោះ បន្ទាប់ពីការដោះស្រាយបញ្ហាបណ្ដឹងនានាចប់សព្វគ្រប់។
ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ អះអាងថា មេដឹកនាំប្រទេសចំនួន២២ហើយ បានទូរសព្ទអបអររូបលោកដោយផ្ទាល់មាននាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ជាដើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលផ្សាយដែរថា លោក វីដូដូ ក៏អំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ ការរួបរួមជាតិ និងបន្តការងារជាប្រក្រតី។
ចំណែកលោក សូប៊ីយ៉ាន់តូ ក៏ប្រកាសក្នុងសន្និសីទសារព័ត៌មានដែរថា លោកក៏ឈ្នះដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយ អតីតមេទ័ពរូបនេះលើកឡើងថា លោកទទួលសំឡេងគាំទ្រដល់ទៅ៦២ភាគរយឯណោះ ខណៈការបន្លំសន្លឹកឆ្នោតកើតមាននៅតាមតំបន់ជាច្រើន ហើយក្រុមរបស់លោកមានភស្តុតាងទៀតផង។ លោកក៏គំរាមទុកជាស្រេចថា លោកនឹងតវ៉ាលទ្ធផលមិនខាន បើនៅតែចាញ់លោក វីដូដូ ទៀត ហើយអាចធ្វើបាតុកម្មទៀតផង។
ការប្រកាសជោគជ័យរៀងៗខ្លួន ធ្វើឲ្យមានការព្រួយបារម្ភពីចលាចលដែលអាចផ្ទុះឡើងរវាងអ្នកគាំទ្របេក្ខជនទាំងពីរ ទោះជាបរិយាកាសទូទៅនៃដំណើរការបោះឆ្នោតលើកនេះមានលក្ខណៈល្អប្រសើរក្ដី។ មេប៉ូលិសជាតិឥណ្ឌូណេស៊ី Tito Karnavian ប្រកាសនៅថ្ងៃទី១៨ ខែមេសា ថា បើមានការធ្វើសកម្មភាពខុសច្បាប់ បង្កការគំរាមដល់សន្តិសុខជាតិនោះ អាជ្ញាធរនឹងចាត់វិធានការតឹងរ៉ឹងដោយគ្មានការលើកឡើងមិនខាន៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ
© រក្សាសិទ្ធិដោយ thmeythmey.com