អន្តរជាតិ
បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៖ លោក វី​ដូ​ដូ និង​គូប្រជែង​ប្រកាស​ឈ្នះ​ដូចគ្នា​
19, Apr 2019 , 12:59 pm        
រូបភាព
លោក ចូកូ វីដូដូ និងដៃគូអនុប្រធានាធិបតីរបស់លោក។ (រូបភាព AFP)
លោក ចូកូ វីដូដូ និងដៃគូអនុប្រធានាធិបតីរបស់លោក។ (រូបភាព AFP)
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​១៨ ខែមេសា បានប្រកាស​ពី​ជោគជ័យ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១៧ ខែមេសា និង​បន្ត​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ទី​បី​របស់​ពិភពលោក​រយៈពេល​៥​ឆ្នាំ​ទៀត​។ ប៉ុន្តែ​គូប្រជែង​របស់លោក គឺ​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ក៏​តាំងខ្លួន​ជា​អ្នក ឈ្នះ​ដូចគ្នា​ដែរ និង​បាន​អះអាង​ពី​ការបន្លំ​ដ៏​ច្រើន​ករណី ហើយ​ត្រៀម​ប្ដឹង​ជំទាស់ បើ​លោក វី​ដូ​ដូ ពិតជា​ឈ្នះ​ការបោះឆ្នោត​មែន​។​

 
​ស្ថានការណ៍​ក្រោយ​ការបោះឆ្នោត​នៅ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១៤ បាន​វិល​ត្រឡប់មក​ជាថ្មី​នៅ​ឆ្នាំ​២០១៩ នេះ​។ ៥​ឆ្នាំមុន លោក ចូ​កូ វី​ដូ​ដូ ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ហើយ​គូប្រជែង​ចាញ់ឆ្នោត ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ក៏​តវ៉ា​។ ៥​ឆ្នាំក្រោយ លទ្ធផល​មិន​ផ្លូវការ​បង្ហាញថា លោក វី​ដូ​ដូ នៅតែ​ឈ្នះ​លោក សូ​ប៊ីយ៉ា​ន់​តូ ទៀត​។ 
 
​បើតាម​លទ្ធផល​មិន​ផ្លូវ​ការដែល​ប្រមូលបាន​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ភា្ល​មៗ លោក វី​ដូ​ដូ ទទួលបាន​ការគាំទ្រ​ចំនួន​៥៥​ភាគរយ ទល់នឹង​សំឡេងគាំទ្រ​៤៥​ភាគរយ​របស់លោក សូ​ប៊ីយ៉ា​ន់​តូ ។ លោក វី​ដូ​ដូ ក៏​ប្រកាស​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​នេះ ប៉ុន្តែ​បានស្នើ​ឲ្យ​អ្នកគាំទ្រ​របស់លោក​រង់​ចាំ​លទ្ធផល​ផ្លូវការ​សិន​។ ការប្រកាស​លទ្ធផល​ផ្លូវការ នឹងត្រូវ​ធ្វើឡើង​នៅ​ខែឧសភា​ឯណោះ បន្ទាប់ពី​ការដោះស្រាយ​បញ្ហា​បណ្ដឹង​នានា​ចប់សព្វគ្រប់​។​
 
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ អះអាងថា មេដឹកនាំ​ប្រទេស​ចំនួន​២២​ហើយ បាន​ទូរ​សព្ទ​អបអរ​រូបលោក​ដោយផ្ទាល់​មាន​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ផ្សាយ​ដែរ​ថា លោក វី​ដូ​ដូ ក៏​អំពាវនាវ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ការរួបរួម​ជាតិ និង​បន្តការងារ​ជា​ប្រក្រតី​។​
 
​ចំណែក​លោក សូ​ប៊ីយ៉ា​ន់​តូ ក៏​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា លោក​ក៏​ឈ្នះ​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អតីត​មេទ័ព​រូបនេះ​លើកឡើងថា លោក​ទទួល​សំឡេងគាំទ្រ​ដល់​ទៅ​៦២​ភាគរយ​ឯណោះ ខណៈ​ការបន្លំ​សន្លឹកឆ្នោត​កើតមាន​នៅតាម​តំបន់​ជាច្រើន ហើយ​ក្រុម​របស់លោក​មាន​ភស្តុតាង​ទៀតផង​។ លោក​ក៏​គំរាម​ទុកជា​ស្រេច​ថា លោក​នឹង​តវ៉ា​លទ្ធផល​មិន​ខាន បើ​នៅតែ​ចាញ់​លោក វី​ដូ​ដូ ទៀត ហើយ​អាចធ្វើ​បាតុកម្ម​ទៀតផង​។​
 
​ការប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ចលាចល​ដែល​អាច​ផ្ទុះឡើង​រវាង​អ្នកគាំទ្រ​បេក្ខជន​ទាំងពីរ ទោះជា​បរិយាកាស​ទូទៅ​នៃ​ដំណើរការ​បោះឆ្នោត​លើក​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ក្ដី​។ មេ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី Tito Karnavian ប្រកាស​នៅ​ថ្ងៃទី​១៨ ខែមេសា ថា បើ​មាន​ការធ្វើសកម្មភាព​ខុស​ច្បាប់ បង្ក​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ដោយ​គ្មាន​ការលើកឡើង​មិន​ខាន​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com