អន្តរជាតិ
លោក ត្រាំ នឹង​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ជួប​អធិរាជ​ជប៉ុន​ថ្មី​
19, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចុងខែ​ឧសភា ហើយ​លោក​ក៏​នឹង​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​នឹង​ជួប​ជាមួយ​អធិរាជ​ជប៉ុន​ថ្មី​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃទី ១៨ ខែមេសា​។​


 
​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​របស់​ប្រធានាធិបតី​អាមេរិក​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ ២៥ ខែឧសភា និង​បញ្ចប់​វិញ​ថ្ងៃ ២៨ ខែឧសភា ដោយមាន​ស្ត្រី​ទីមួយ Melania អមដំណើរ​ជាមួយ​ដែរ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​របស់​ប្រធានាធិបតី លោកស្រី Sarah Sander បាន​បញ្ជាក់ថា   លោក ត្រាំ នឹង​ក្លាយជា​ភ្ញៀវ​បរទេស​ដែល​ជួប​ជាមួយ​អធិរាជ​ថ្មី​របស់​ជប៉ុន ណា​រ៉ូ​ហ៊ី​តុ ដែល​នឹង​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ ខែឧសភា​ខាងមុខ​។​
 
​តាមពិតទៅ ព្រះ​ចៅ​អធិរាជ​អាគី​ហ៊ី​តុ នឹងដាក់​រាជ្យ​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមេសា​។ មួយថ្ងៃ​បន្ទាប់ ពោលគឺ​ថ្ងៃទី​១ ខែឧសភា រជ្ជទាយាទ​ណា​រ៉ូ​ហ៊ី​តុ នឹង​ឡើង​គ្រងរាជ្យ​ជា​អធិរាជ​ជប៉ុន​ជា​ផ្លូវការ​ដែរ​។ 
 
​ក្រៅពី​ចូលជួប​អធិរាជ​ជប៉ុន​ថ្មី លោក ត្រាំ ក៏​នឹង​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ​អា​បេ ដោយ​ក្នុង​កិច្ចពិភាក្សា​នេះ គេ​រំពឹងថា មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​ពី​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ការទូត និង​ពាណិជ្ជកម្ម រួមជាមួយ​បញ្ហា​សន្តិសុខ​តំបន់​ផង​។​
 
​មេដឹកនាំ​ទាំងពីរ​ក៏​នឹង​បង្ហាញ​ការប្តេជ្ញាចិត្ត​ជាថ្មី​ពី​ការលើកស្ទួយ​សម្ព័ន្ធភាព​ទ្វេភាគី និង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​វិ​បុស​ភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ពិភពលោក​ទាំងមូល​ដែរ​។ 
 
​ដោយឡែក នាយករដ្ឋមន្ត្រី​ជប៉ុន​លោក អា​បេ ក៏​គ្រង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ចាប់ពី​ថ្ងៃ ២៦ ដល់ ២៧ ខែមេសា​ខាងមុខ​នេះដែរ​។​
 
​ចំណែក​លោក ត្រាំ នឹង​ត្រឡប់​ទៅកាន់​ជប៉ុន​ម្តងទៀត​នៅ​ខែ​ខែមិថុនា នៅពេលដែល​លោក ត្រូវ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​ម្ភៃ ដែល​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង Osaka ផងដែរ​៕   
 

Tag:
 ជប៉ុន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ណា​រ៉ូ​ហ៊ី​តុ​
© រក្សាសិទ្ធិដោយ thmeythmey.com