ជាតិ
អង្គការ​សុខភាព​សត្វ​ពិភពលោក រកឃើញ​សត្វបក្សី​ផ្ទុកមេរោគ​ផ្ដាសាយ​បក្សី​នៅ​ផ្សារ​ដូន​កែវ តែ​អាជ្ញាធរ​កម្ពុជា​បដិសេធ​
19, Apr 2019 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ករណី​ជំងឺផ្តាសាយបក្សី​ប្រភេទ H5N6 ត្រូវបាន​គេ​រាយការណ៍​ថា បាន​ផ្ទុះឡើង​នៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​។ អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) បានបញ្ជាក់​បែបនេះ​ដោយ​ដកស្រង់​របាយការណ៍​ក្រសួងកសិកម្ម​កម្ពុជា​ថ្ងៃ ១៨ ខែមេសា​។​


 
​អង្គការ​សុខភាព​សត្វ​ពិភពលោក​ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង​បារី​សបាន​ដកស្រង់​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ថា មេរោគ​ផ្តាសាយ​បក្សី​ប្រភេទ H5N6 នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​​ចំណោមសត្វ​មាន់ទាដែល​ដាក់លក់​នៅក្នុង​ផ្សារ​ដូន​កែវ​។ 
 
«​មេរោគ​ផ្តាសាយ​បក្សី​ប្រភេទ H5N6 ត្រូវបាន​រកឃើញ​ក្នុង​សត្វ​បក្សី​ក្នុង​ផ្សារ​ដូន​កែវ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ តាមរយៈ​ការត្រួតពិនិត្យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​»​។ អង្គការ​សុខភាព​សត្វ​ខាងលើ​បញ្ជាក់​ដូច្នេះ​។​
 
​តែ​យ៉ាងណា​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណី​ផ្ដាសាយ​បក្សី​ខាងលើនេះ ខាង​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ទប់ស្កាត់​ដោះស្រាយ​រួចរាល់​ហើយ​។ ដូច្នេះ​វា​គ្មាន​ការផ្ទុះ​រីក​រាលដាល​អ្វី​ឡើយ​។​
 
​កន្លងមក​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ កុំ​យក​សត្វ​មាន់ ទា និង​សត្វ​បក្សី​ឈឺ ឬ​ងាប់ មក​ចម្អិន​ជា​អាហារ ឬ​លក់​បន្ត​ឡើយ​។ ជាពិសេស​មុន​បរិភោគ​សត្វ​បក្សី​ទាំងនោះ ពលរដ្ឋ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អជា​និច្ច ហើយ​មាន​ករណី​សង្ស័យថា​មាន​សត្វ​ផ្ទុក​វីរុស​ផ្តាសាយ​បក្សី ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​មន្ត្រី​ជំនាញ​ផងដែរ​។​
 
​សូមបញ្ជាក់ថា វីរុស​ជំងឺផ្ដាសាយបក្សី ជាធម្មតា​ចរាចរ​នៅ​ចំណោម​សត្វ​បក្សី ដែលមាន​វីរុស​នេះ​រួមមាន H5N1, H5N6, H7N3, H7N7,H7N9 និង​H9N2 ដែល​អាច​ចម្លង​ទៅ​មនុស្ស និង​នាំ​ឲ្យ​មាន​ជំងឺផ្ដាសាយបក្សី​ដែរ​៕
 

Tag:
 ផ្ដាសាយ​បក្សី​
  H5N6
© រក្សាសិទ្ធិដោយ thmeythmey.com